ជប៉ុន និងកូរ៉េខាងត្បូង ចាប់ផ្តើមកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុឡើងវិញ

តូក្យូ៖ ប្រទេសជប៉ុននិងកូរ៉េខាងត្បូងនៅថ្ងៃទី២ ខែឧសភា បានបើកកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឡើងវិញក្រោយខកខានអស់រយៈពេលប្រាំពីរឆ្នាំ ហើយបានយល់ព្រមបន្តការពិភាក្សាជាទៀងទាត់ ខណៈដែលភាពតានតឹងភូមិសាស្រ្តនយោបាយនៅក្នុងតំបន់ និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ជំរុញឱ្យប្រទេសទាំង២បង្កើនកិច្ចសហប្រតិបត្តិការនិងជួសជុលទំនាក់ទំនងដែលតានតឹង។

ការបន្តកិច្ចពិភាក្សាផ្នែកហិរញ្ញវត្ថុទ្វេភាគីធ្វើឡើងមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីហ្ស៊ីដា ទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយដែលលោកនឹងជួបប្រជុំជាមួយលោកប្រធានាធិបតី យូន ស៊កយល។

កិច្ចពិភាក្សាក៏ធ្វើឡើងផងដែរ ខណៈអ្នកបង្កើតគោលនយោបាយអាស៊ី នឹងជួបគ្នាសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅសប្តាហ៍នេះ នៅទីក្រុង អ៊ីងជន់(Incheon) របស់កូរ៉េខាងត្បូង ដោយនឹងពិភាក្សាអំពីបញ្ហាប្រឈមសេដ្ឋកិច្ចក្នុងតំបន់ និងវិធីដើម្បីពង្រឹងការការពារប្រឆាំងនឹងភាពវិបត្តិសេដ្ឋកិច្ចផ្សេងៗ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក ហ្សូនីជី ស៊ូហ្សូគី(Shunichi Suzuki) បានថ្លែងក្នុងពេលកិច្ចប្រជុំជាមួយសមភាគីកូរ៉េខាងត្បូង លោក ចូ គីយ៉ុន ហូ(Choo Kyung-ho )ថា៖ «ប្រទេសជប៉ុន និងកូរ៉េខាងត្បូង គឺជាអ្នកជិតខាងដ៏សំខាន់ ដែលត្រូវតែសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានាជុំវិញសេដ្ឋកិច្ចពិភពលោក ក៏ដូចជាសហគមន៍ក្នុងតំបន់ និងអន្តរជាតិ»។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ស៊ូហ្សូគី បាននិយាយទៀតថា ៖ «ចំពោះបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ យើងកំពុងជួបប្រទះដូចជាការអភិវឌ្ឍន៍មីស៊ីលនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការលុកលុយអ៊ុយក្រែនរបស់រុស្ស៊ី។ ប្រទេសជប៉ុនមើលឃើញថា បញ្ហាទាំងនេះថាមិនអាចទទួលយកបាន ហើយជាអ្វីដែលប្រទេសទាំង២ (ជប៉ុន និងកូរ៉េខាងត្បូង)ត្រូវតែដោះស្រាយជាមួយគ្នា»។

ចំណែកឯរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក ចូ (Choo) វិញ បាននិយាយថា ប្រទេសទាំង២អាចពង្រឹងភាពជាដៃគូឯកជន និងរដ្ឋាភិបាល នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាទំនើបៗដូចជាសេម៊ីកុងឌុចទ័រជាដើម។

ជាមួយគ្នានេះផងដែរ លោក ស៊ូហ្សូគី បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីថា ជប៉ុន និងកូរ៉េខាងត្បូង នឹងបន្តកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជាទៀងទាត់ ដែលទំនងជានឹងធ្វើឡើងជារៀងរាល់ឆ្នាំនៅពេលវេលាសមស្រប។

បើតាមក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក ចូ រំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននៅឆ្នាំនេះ សម្រាប់កិច្ចប្រជុំមួយផ្សេងទៀតជាមួយលោក ស៊ូហ្សូគី ។

គួរបញ្ជាក់ថា ការពិភាក្សាប្រចាំឆ្នាំជាទៀងទាត់រវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានផ្អាកចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដោយសារតែភាពតានតឹងជុំវិញជម្លោះប្រវត្តិសាស្រ្ត ដែលបន្សល់ពីសម័យសង្គ្រាម។

យ៉ាងណាមិញ ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តរបស់អាមេរិកទាំង២ មានភាពប្រសើរឡើងវិញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅពេលប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខពីកូរ៉េខាងជើងដែលធ្វើការសាកល្បងអាវុធឥតឈប់ឈរ និងកំណើននៃភាពគឃ្លើនរបស់ចិននៅលើឆាកអន្តរជាតិ។

ក្នុងកិច្ចប្រជុំកំពូលដ៏សំខាន់មួយនៅទីក្រុងតូក្យូកាលពីខែមុន លោក គីហ្ស៊ីដា និងលោក យូន បាន បានយល់ព្រមទម្លាក់ចោលនូវប្រវត្តិសាស្រ្តដ៏ជូរចត់មួយឡែកសិន ហើយបានសន្យាថានឹងធ្វើការរួមគ្នា ដើម្បីទប់ទល់នឹងបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់។

លោក Suzuki បាននិយាយថា លោកសង្ឃឹមថា ជប៉ុន និងកូរ៉េខាងត្បូងអាចបន្តកិច្ចសន្ទនាផ្នែកហិរញ្ញវត្ថុទ្វេភាគី ហើយថាការធ្វើដូច្នេះនឹងរួមចំណែកដល់ការកែលម្អទំនាក់ទំនងរវាងប្រទេសទាំង២៕ ដោយ៖ ហួន ឌីណា

ads banner