សារព័ត៌មាន Al Jazeera៖ អ្នកឆ្លើយឆ្លងព័ត៌មានដែលត្រូវបានឃុំខ្លួនច្រើនឆ្នាំ ត្រូវបានអាជ្ញាធរអេហ្ស៊ីបដោះលែងហើយ

អេហ្ស៊ីប៖ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣សារព័ត៌មាន Al Jazeera បានរាយការណ៍ថា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ខ្លួនម្នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអេហ្ស៊ីបតាំងពីឆ្នាំ២០១៩ ត្រូវបានដោះលែងពីពន្ធនាគារ មុនថ្ងៃកាត់ក្ដីនៅសវនាការឈានមកដល់។

អ្នកឆ្លើយឆ្លងព័ត៌មាន លោក ហ៊ីហ្សាម អាបដេល អាហ្ស៊ីស (Hisham Abdel Aziz) គឺជាអ្នកផលិតវីដេអូសម្រាប់កម្មវិធី Al Jazeera Mubasher ដែលត្រូវបានផ្តល់មូលនិធិទ្រទ្រង់ដោយប្រទេសកាតា។

អាជ្ញាធរអេហ្ស៊ីបមិនទទួលស្គាល់ការដោះលែងរូបលោកនោះទេ ហើយក្រសួងការបរទេសអេហ្ស៊ីប ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ។ លោក ខាលឡេដ អេលបាលស៊ី (Khaled el-Balshy) ប្រធានសហភាពអ្នកកាសែតអេហ្ស៊ីបបានឱ្យដឹងថា លោក អាបដេល អាហ្ស៊ីស ត្រូវបានដោះលែងកាលពីថ្ងៃអាទិត្យ ហើយភរិយារបស់លោក បានបង្ហោះរូបភាពរបស់លោកនៅលើបណ្ដាញសង្គម ដោយបានអរគុណព្រះជាម្ចាស់ដែលបានជួយរូបលោក។

សារព័ត៌មាន Al Jazeera បានបញ្ជាក់ឱ្យដឹងថា លោក អាបដេល អាហ្ស៊ីស ជាជនជាតិអេហ្ស៊ីប ដែលមានមូលដ្ឋាននៅប្រទេសកាតាដើម្បីធ្វើការលើរឿងកិច្ចការសាធារណៈ។ លោកត្រូវបានប៉ូលិសឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងខាយរ៉ូ (Cairo) ប្រទេសអេហ្ស៊ីប ក្នុងខែមិថុនា ឆ្នាំ២០១៩ ខណៈពេលដែលលោកកំពុងធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ មនុស្សជាច្រើនបាននិយាយថា លោកត្រូវបានបាត់ខ្លួនដោយបង្ខំប្រហែលជាមួយខែ មុនពេលគេឃើញលោកស្ថិតនៅក្នុងមន្ទីរឃុំឃាំង។ ចាប់តាំងពីពេលនោះមក អាជ្ញាធរបានអនុវត្តការឃុំខ្លួនបណ្ដោះអាសន្នរយៈពេល ៤៥ ថ្ងៃម្តងហើយម្តងទៀតទៅលើរូបលោកអស់ជាច្រើនដងរហូតមកដល់សព្វថ្ងៃនេះ។

សូមជម្រាបដែរថា សារព័ត៌មាន Al Jazeera ត្រូវបានអាជ្ញាធរនៅទីក្រុង ខាយរ៉ូ កំណត់មុខសញ្ញាជាយូរយារណាស់មកហើយ ពោលគឺចាប់តាំងពីអេហ្ស៊ីបត្រូវបានគ្រប់គ្រងដោយពួកយោធានៅឆ្នាំ២០១៣ ដឹកនាំដោយលោកឧត្តមសេនីយន៍ អាបដេល ហ្វាតា អេលស៊ីស៊ី (Abdel Fattah el-Sissi) ដែលបានឡើងកាន់តំណែងជាប្រធានាធិបតី។

គួររំឭកផងដែរថា ប្រទេសកាតាជាប្រទេសដែលធ្លាប់បានគាំទ្រអតីតប្រធានាធិបតីរបស់អេហ្ស៊ីប គឺលោក ម៉ូហាំ ម៉ូស៊ី (Mohammed Morsi) ដែលជាអ្នកកាន់សាសនាឥស្លាម និងដែលជាអ្នកជាប់ឆ្នោតក្រោយព្រឹត្តិការណ៍និទាឃរដូវនៅឆ្នាំ២០១១ បានបញ្ចប់ទៅ។

លោក ម៉ូស៊ី គឺជាផ្នែកមួយនៃអង្គការភាតរភាពមូស្លីម (Muslim Brotherhood) ជាអង្គការអ៊ីស្លាមដែលមានគោលបំណងបង្រួបបង្រួមប្រជាជនម៉ូស្លីមនៅទូទាំងប្រទេសផ្សេងៗគ្នាក្នុងតំបន់។ យ៉ាងណាក៏ដោយ បណ្ដាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រមួយចំនួនបានចាត់ទុកក្រុមនេះថាជាការគំរាមកំហែងដល់ការគ្រប់គ្រងតាមបែបប្រពៃណីរបស់ពួកគេ ដែលធ្លាប់តែផ្អែកលើពូជពង្សវង្សត្រកូលរបស់ពួកគេ។

ក្នុងឆ្នាំ២០១៣ នោះផងដែរ Al Jazeera បានធ្វើការផ្សាយបន្តផ្ទាល់អំពីព្រឹត្តិការណ៍ទាមទារតវ៉ារបស់អង្គការភាតរភាពមូស្លីម ដែលបានធ្វើឱ្យរដ្ឋាភិបាលយោធាខឹងសម្បារយ៉ាងខ្លាំង។ ជាលទ្ធផល អេហ្ស៊ីបបានដកហូតអាជ្ញាប័ណ្ណរបស់ Al Jazeera និងបានចុះត្រួតពិនិត្យការិយាល័យរបស់ពួកគេ ថែមទាំងបានចាប់ខ្លួនអ្នកសារព័ត៌មានជាច្រើននាក់ទៀតផង។

ក្នុងនោះ អ្នកកាសែត Al Jazeera បីនាក់ គឺលោក ភីធឺ ហ្គ្រេស (Peter Greste) លោក ម៉ូហាំ ហ្វាមី (Mohamed Fahmy) និងលោក បាហេ ម៉ូហាំ (Baher Mohamed) ត្រូវបានចាប់ខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ដែលបង្កឱ្យមានការរិះគន់ពីសំណាក់អន្តរជាតិយ៉ាងខ្លាំង។ ក្រោយមក ពួកគេត្រូវបានដោះលែងនៅឆ្នាំ២០១៥។

យ៉ាងណាក៏ដោយ ការដោះលែងនេះធ្វើឡើងនៅពេលដែលប្រទេសកាតាបាននិងកំពុងបង្កើនទំនាក់ទំនងការទូតឡើងវិញជាមួយប្រទេសក្នុងតំបន់។

ជាក់ស្ដែង លោក អេលស៊ីស៊ី បានចូលរួមក្នុងកម្មវិធីបើកការប្រកួត FIFA World Cup កាលពីឆ្នាំមុននៅប្រទេសកាតា តបតាមការអញ្ជើញរបស់មេដឹកនាំប្រទេសកាតា។ សារព័ត៌មាន Al Jazeera បានឱ្យដឹងថា អ្នកកាសែតរបស់ខ្លួនពីរនាក់ទៀតនៅតែត្រូវបានឃុំខ្លួនដោយអាជ្ញាធរអេហ្ស៊ីប ពោលគឺត្រូវបានចាប់ខ្លួនអំឡុងពេលដែលពួកគេកំពុងសម្រាកលំហែកាយនៅទីនោះដូចគ្នា៕ ដោយ៖ ធា សុណា

ads banner