យុវជនម្នាក់នៅខេត្តបាត់ដំបងកែច្នៃខ្ញី ទៅជាស្រាបៀរ ទទួលបានការចាប់អារម្មណ៍ពីទេសចរបរទេស

អត្ថបទដោយ៖
CPA

បាត់ដំបង៖ ខ្ញី ជាមើមរុក្ខជាតិមានក្លិនឈួល រសជាតិហឹរ និងជាគ្រឿងផ្សំ មួយប្រភេទដែលគេតែងប្រើក្នុងមុខម្ហូប និងផ្សំជាទឹកភេជ្ជៈសម្រាប់សុខភាពផងដែរ ហើយខ្ញីនេះក៏ត្រូវបានគេប្រើជាថ្នាំបុរាណព្យាបាលអាការៈជំងឺបានជាច្រើនទៀតដែរ។

ខ្ញីអាចដោះស្រាយបញ្ហាទូទៅ ដូចជាការប្រឆាំងនឹងការឈឺចុកចាប់សាច់ដុំ និងពិសេសដើម្បីទប់ អាការៈក្អួតចង្អោរ រាករូស។

យោងតាមវចនានុក្រមបានពន្យល់ថា “ខ្ញី”(ន.) ឈ្មោះប្រទាលមួយប្រភេទ សន្ដាននឹងរំដេងបរិភោគជាអាហារបាន ឬ ធ្វើជាថ្នាំកែរោគបាន ។

(គុ.) ដែលមានម្រាមដៃ ឬ ម្រាមជើងក្រញរ ស្រដៀងនឹងមើមខ្ញី : ម្រាមដៃខ្ញី, ម្រាមជើងខ្ញី ។

ដ្បិតថាមានអត្ថប្រយោជន៍ច្រើនសន្ធឹកសន្ធាប់ដល់សុខភាព តែគេកម្រឃើញមានអ្នកកែច្នៃខ្ញីទៅជាស្រាបៀរ ឬភេសជ្ជៈកែច្នៃដាក់លក់ណាស់ ប៉ុន្តែសម្រាប់លោក អ៊ាង សាំងឡេង ដែលជាយុវជនខ្មែរមួយរូបរស់នៅខេត្តបាត់ដំបងបានកែច្នៃខ្ញីទៅជាស្រាបៀរ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស និងយុវជនខ្មែរផងដែរ។

លោក អ៊ាង សាំងឡេង ដែលជានិស្សិតទើបបញ្ចប់ការសិក្សាផ្នែកកែច្នៃចំណីអាហារ និងជាស្ថាបនិកហាង Family Craft and Roastery បានឱ្យរៀបរាប់ឱ្យដឹងពីដំណើរដើមទងនៃការចាប់ផ្តើមកូនហាងតូចមួយរបស់លោកមុនឈានទៅដល់ការកែច្នៃភេសជ្ជៈជាច្រើនបន្តបន្ទាប់។

លោក អ៊ាង សាំងឡេង បានប្រាប់ឱ្យដឹងថា ៖ «ខ្ញុំបានចាប់ផ្តើមអាជីវកម្មនេះតាំងពីឆ្នាំចុង ២០១៦ ដោយចាប់ផ្តើមដំបូងដូចគេដូចឯងដែរទេ គឺលក់តាមដងផ្លូវ ទិញម៉ាស៊ីកាហ្វេពីថៃមកស្រាប់ៗ ហើយក៏ការចូលចិត្តនេះរហូតដល់ឆ្នាំ ២០១៧ ចាប់ផ្តើមបែកគំនិតរៀនលីងកាហ្វេដោយខ្លួនឯង ដោយច្នៃម៉ាស៊ីនដោយខ្លួនឯង ទិញគ្រាប់កាហ្វេពីឈ្មួញកណ្តាលសៀមរាបផង ភ្នំពេញផង»។

លោកបន្តឱ្យដឹងទៀតថា ដើមឡើយហាងរបស់លោកផ្តោតតែទៅលើផ្នែកសេវាកម្ម កាហ្វេ កាហ្វេរសជាតិដើម និងកែច្នៃនំបន្តិចបន្ទួចប៉ុណ្ណោះ។ដោយសារលោកជាកូនដែលកើតក្នុងត្រកូលអ្នកធ្វើនំលក់ផង ទើបលោកផលិតជាស្នូលនំរសជាតិបែបប្លែកដូចជា ស្នូលដំឡូង ល្ពៅ ត្រាវ និងផ្សេងៗទៀតដែលទិញពីកសិករខ្មែរ។

យុវជនរូបនេះបន្តថា លោកបានបន្តធ្វើរហូតដល់ឆ្នាំ២០២៣នេះ ប៉ុន្តែនៅក្នុងចន្លោះឆ្នាំ២០១៩ លោកបានមើលឃើញពីទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ដែលងាកទៅលើវិស័យកសិកម្ម និងកែច្នៃចំណីអាហារច្រើន ទើបលោកសម្រេចចិត្តទៅរៀនជំនាញកែច្នៃចំណីអាហារនៅសាកលវិទ្យាល័យជាតិបាត់ដំបង។

លោក សាំងឡេង បញ្ជាក់ថា ៖ «ជាហូរហែរមក ខ្ញុំក៏ចាប់ផ្តើមស្វែងយល់ពី Homebrew និងស្រាបៀរ និយាយរួមខ្ញុំកែច្នៃច្រើនហើយក៏បរាជ័យច្រើនដែរ តែគ្រាន់វាមិនប៉ះពាល់សុខភាពដូចជាបង្ករោគផ្សេងៗទេ គ្រាន់តែរសជាតិវាខុសពីស្រាបៀរដែលគេធ្វើពីស្រូវសាលី ដោយសារយើងច្នៃចេញពីអង្ករ និងខ្ញី»។

ទាក់ទិនទៅនឹងគំនិតនៃការកែច្នៃស្រាបៀរខ្ញីនេះលោក អ៊ាង សាំងឡេង ថា ៖ «ពីដើមមកការកែច្នៃស្រាខ្ញីនេះគឺបានគំនិតមកពីគ្រូរបស់ខ្ញុំ គាត់ដាក់កិច្ចការមកយើងនឹកឃើញ ថាយើងចង់ភ្លក់រសជាតិអ្វីប្លែកៗ ហើយត្រូវជាមួយខ្ញុំជាមនុស្សចូលចិត្តដើរលេង ធ្លាប់ឃើញគេលក់ស្រាបៀរប្លែកៗ ផលិតខ្លួនឯង អញ្ចឹងក៏នឹកឃើញថាខ្លួនជានិស្សិតកែច្នៃចំណីអាហាររឿងអីប៉ុណ្ណឹងកែច្នៃមិនចេញ ក៏ខ្ញុំចាប់ផ្តើមសាកល្បងធ្វើទៅ»។

ការកែច្នៃនេះគឺស្រដៀងទៅនឹងបែបអឺរ៉ុប ឬជា Homebrew ដែលប្រទេសលោកខាងលិច គេនិយមធ្វើសម្រាប់ពិសានៅផ្ទះខ្លួនឯង។ប៉ុន្តែសម្រាប់លោក អ៊ាង សាំងឡេង វិញគឺច្នៃចេញជាបែបខ្មែរ ហើយការវេចខ្ចប់ក៏ប្រើសុទ្ធតែបច្ចេកទេស និងមិនប្រើប្រភេទដបដូចស្រាបៀរទេ គឺប្រើប្រភេទដបដែលកែច្នៃពីដបសូដា។

និស្សិតទើបបញ្ចប់ការសិក្សាផ្នែកកែច្នៃចំណីអាហារបានបន្តថ្លែងថា ៖ «ឥឡូវនេះ ស្រាខ្ចីខ្ញុំលក់ជាប្រចាំតែម្តង ដែលយើងផលិតម្តងពី ៣០-៥០ដបដើម្បីលក់ ពេលអស់ផលិតថែមៗ លើសពីនេះទៅទៀត ខ្ញុំក៏កំពុងកែច្នៃស្រាបៀរ Brandywine ដែលនៅស្រុកគេគឺគេប្រើទំពាំងបាយជូរ តែសម្រាប់ខ្ញុំគឺមិនប្រើទំពាំងបាយជូរទេដោយសារវាមានតម្លៃថ្លៃ ប៉ុន្តែជំនួសមកវិញដោយផ្លែចេក»។

ចំពោះការលក់លោកអះអាងថាហាងរបស់លោកអាចលក់ភេសជ្ជៈចម្រុះបានចន្លោះពី ៣០ទៅ៥០កែវក្នុងមួយថ្ងៃ ដែលភេសជ្ជៈទាំងនោះមានតម្លៃមួយដុល្លារ ដល់ ១.៧៥ដុល្លារអាមេរិក លើកលែងតែស្រាខ្ញីប៉ុណ្ណោះដែលមានតម្លៃមួយម៉ឺនរៀល។

បច្ចុប្បន្នក្រៅពីកាហ្វេ និងនំកែច្នៃ អាជីវកម្មរបស់យុវជនរូបនេះ តែងកែច្នៃភេសជ្ជៈតាមរដូវកាលផងដែរ ដូចជាទឹកត្រឡាច ទឹកបន្ទាលកន្ទុយក្រពើ និងស្រាខ្ញី។ ចំណែកឯ អតិថិជនរបស់លោកវិញ ភាគច្រើនគឺយុវវ័យដែលគាត់មកទទួលទានកាហ្វេ និងភ្ញៀវបរទេស។

ដោយឡែក សម្រាប់គម្រោងពង្រីកអាជីវកម្មវិញ លោក អ៊ាង សាំងឡេង បានឱ្យដឹងថាលោកមានចិត្តចង់ពង្រីកណាស់ ប៉ុន្តែកត្តាធនធានគឺជាឧបសគ្គធំ។ លោកក៏បានឱ្យដឹងថា មានមិត្តភក្តិ និងបងប្អូនព្យាយាមអូសទាញខ្លួនឲ្យមកបើកអាជីវកម្មនៅភ្នំពេញដែរ ប៉ុន្តែលោកស្តាយទីផ្សារគង់វង្សដូចខេត្តបាត់ដំបង និងម្យ៉ាងទៀតលោកមានគំនិតថា សន្សឹមៗកុំបំបោលល្អជាង។

ម្យ៉ាងទៀតលោកបញ្ជាក់ថា ៖ «នៅក្នុងផ្នែកកែច្នៃចំណីអាហារនេះ មិនមែនថាយើងជាម្ចាស់យើងចេះតែម្នាក់ឯងប្រើមនុស្សបាននោះទេ គឺទាល់តែមានអ្នកចេះដូចគ្នា»។

លោកបន្តថា យើងមកធ្វើជុំគ្នាទើបអាចធ្វើចេញ ហើយសំខាន់មួយទៀតផ្នែកកែច្នៃចំណីអាហារវាទាមទារច្រើ ដូចថាយើងធ្លាប់តែលក់តិចៗ ថ្ងៃផុតកំណត់របស់វាមិនសូវអីទេ ប៉ុន្តែបើយើងពង្រីកឲ្យធំជាងនេះបច្ឆេកទេសក្នុងការរក្សាផលិតផលឲ្យបានយូរគឺទាមទារខ្លាំង រួមជាមួយនឹងឧបករណ៍ច្រើនផងដែរ៕ ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner