ធនាគារពិភពលោកអនុវត្តកែលម្អអប់រំចំណេះដឹងទូទៅ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ប្រមាណ ១ ៧០០ កន្លែង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រោមកម្មវិធីចុះវាយតម្លៃលើគម្រោងកែលម្អការអប់រំចំណេះទូទៅ(GEIP) ធនាគារពិភពលោក បានអនុវត្តកែលម្អអប់រំចំណេះដឹងទូទៅចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សាប្រមាណ ១ ៧០០កន្លែង និងមានសិស្សទទួលផលប្រមាណ ៨០ម៉ឺននាក់។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មវាយតម្លៃរបស់ធនាគារពិភពលោក ដែលត្រូវធ្វើឡើងរៀងរាល់ ៦ខែម្តង នៅក្រសួងអប់រំ នាថ្ងៃទី២ ខែឧសភាឆ្នាំ២០២៣បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងក្នុងកិច្ចប្រជុំដោយថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡានាពេលកន្លងមកចុះវាយតម្លៃ លើគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP)។

យោងតាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិត ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ធនាគារពិភពលោក គាំទ្រការអនុវត្តកែលម្អការអប់រំចំណេះទូទៅ ដែលគ្របដណ្តប់សាលារៀនចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា ប្រមាណ ១ ៧០០កន្លែង និងមានសិស្សទទួលផលប្រមាណ ៨០ម៉ឺននាក់។ការអនុវត្តគម្រោង ពិតជាបានចូលរួមចំណែកដ៏សំខាន់ក្នុងការគាំទ្រដល់កំណែទម្រង់វិស័យអប់រំ ដោយផ្តោតលើកំណែទម្រង់នៅកម្រិតសាលារៀន។

នាឱកាសនោះ លោក បេង ស៊ីម៉េត អ្នកឯកទេសជាន់ខ្ពស់ធនាគារពិភពលោក ក៏បានលើកឡើងដែរថា លទ្ធផលនៃការចុះវាយតម្លៃអនុវត្តកែលម្អការអប់រំចំណេះទូទៅកន្លងមកនេះ មានការរីកចំរើន និងបានវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីគម្រោងគ្រប់លំដាប់ថ្នាក់ រហូតដល់ធ្វើឱ្យសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

បើតាមក្រសួងអប់រំ យុវជន និងកីឡា ភាគីទាំងពីរក៏បានដាក់ចេញនូវទិសដៅដែលផ្តោតលើការអភិវឌ្ឍសមត្ថភាពបុគ្គល សមត្ថភាពអង្គភាព និងសមត្ថភាពស្ថាប័ន ដែលឈានទៅពង្រឹងប្រព័ន្ធអប់រំ និងកំណែទម្រង់កម្រិតសាលារៀន។

សូមបញ្ជាក់ដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) មានរយៈពេលអនុវត្តប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ ២០២៦ ក្រោមការគាំទ្រពីថវិការួមគ្នា រវាងឥណទានកម្ចីពីធនាគារពិភពលោក និងមូលនិធិសកល សម្រាប់ការអប់រំ ( GPE) កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅនេះ នៅសាលប្រជុំ អគាររដ្ឋបាលក្រសួងអប់រំ។

គម្រោងកែលម្អការអប់រំចំណេះទូទៅ បានឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលធនមនុស្សកម្ពុជា ដូចមានចែង នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ព្រមទាំង ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា នៅឆ្នាំ ២០៣០ និង ២០៥០។

បើតាមក្រសួងអប់រំដដែលគម្រោងនេះក៏បានឆ្លើយតបទៅនឹងកំណែទម្រង់ សំខាន់ៗដូចជា កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ពិសេសគម្រោងថ្មីនេះ ក៏ជាមូលដ្ឋានគ្រឹះ ក្នុងការសម្រេចបាននូវគោលនយោបាយ អប់រំទាំងពីររបស់ផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ២០១៩-២០២៣៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner