លោក ស៊ី នឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលជាលើកដំបូងនៅក្នុងខែនេះ
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ជាមួយមេដឹកនាំមកពីប្រទេសអាស៊ីកណ្តាលចំនួន៥នាសប្តាហ៍ក្រោយ ខណៈដែលប្រទេសចិនមានគោលបំណងបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។
ក្រសួងការបរទេសចិនបានលើកឡើងថា មេដឹកនាំមកពីប្រទេសកាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, តូមិននីស្ថាន និងអ៊ូសបេគីស្ថាន ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល ចាប់ពីថ្ងៃទី ១៨ ដល់ទី១៩ ខែឧសភាខាងមុខនេះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន កិច្ចប្រជុំកំពូលនៅទីក្រុងស៊ីអាន គឺជាកិច្ចប្រជុំលើកដំបូង ដែលនឹងផ្តោតលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការទូតរវាងប្រទេសទាំង៥ ជាមួយទីក្រុងប៉េកាំង។ ក្នុងឆ្នាំ២០២២ ការនាំចេញរបស់ប្រទេសចិនទៅកាន់ប្រទេសអាស៊ីកណ្តាលបានកើនឡើង៦០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់១.៤ពាន់លានដុល្លារ។
នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិនកាលពីខែមុន។ កាលពីខែកញ្ញាឆ្នាំមុន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើដំណើរទៅកាន់ប្រទេសកាហ្សាក់ស្ថាន ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់នៅក្រៅប្រទេស ចាប់តាំងពីការផ្ទុះឡើងនៃមេរោគរាតត្បាត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា