NASA បាញ់បង្ហោះកូនផ្កាយរណបចំនួនពីរគ្រឿង ដើម្បីតាមដានព្យុះសង្ឃរា

វ៉ាស៊ីនតោន៖ អង្គការណាសា នៅថ្ងៃទី០៨ ខែឧសភា បានបាញ់បង្ហោះកូនផ្កាយរណបចំនួនពីរគ្រឿង ចេញពីមូលដ្ឋានមួយនៅប្រទេសនូវែលសេឡង់ ដែលផ្កាយរណបទាំងនេះ ត្រូវបានរចនាឡើងដើម្បីតាមដានព្យុះស៊ីក្លូនត្រូពិច នៅក្នុងគម្រោងធ្វើឱ្យការព្យាករណ៍អាកាសធាតុកាន់តែប្រសើរឡើង។

ឧបករណ៍តាមដានព្យុះថ្មី ដែលត្រូវបានបញ្ជូនទៅកាន់គន្លងតារាវិថីដោយរ៉ុក្កែតដែលផលិតដោយក្រុមហ៊ុនអាមេរិក Rocket Lab អាចហោះហើរឆ្លងកាត់ព្យុះសង្ឃរា (ឬព្យុះទីហ្វុងនៅតំបន់ប៉ាស៊ីហ្វិក) រៀងរាល់ម៉ោង បើធៀបនឹងផ្កាយរណបបច្ចុប្បន្នចំណាយពេល៦ម៉ោង។

អ្នកស្រាវជ្រាវរបស់អង្គការណាសា លោក Will McCarty បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបាញ់បង្ហោះផ្កាយរណបលើកដំបូង នៃបេសកកម្ម TROPICS ថា អ្នកស្រាវជ្រាវនឹងអាចមើលឃើញព្យុះវិវឌ្ឍន៍រៀងរាល់ម៉ោង។ ទោះបីជាយ៉ាងណា យើងនៅតែត្រូវការផ្កាយរណបខ្នាតធំ ដើម្បីមានលទ្ធភាពទទួលបានព័ត៌មាន បន្ថែមពីលើផ្កាយរណបដែលពួកយើងមានស្រាប់។

គ្រាប់រ៉ុក្តែតទី២ផលិតដោយក្រុមហ៊ុនអាមេរិក Rocket Lab ដែលផ្ទុកផ្កាយរណបចំនួនពីរគ្រឿងទៀត គ្រោងនឹងបាញ់បង្ហោះក្នុងរយៈពេលប្រហែលពីរសប្តាហ៍ទៀត ដើម្បីតាមដានព្យុះចំនួនបួនផ្សេងទៀត។ ផ្កាយរណបទាំងនោះ នឹងដើរតួនាទីប្រមូលព័ត៌មានអំពីទឹកភ្លៀង, សីតុណ្ហភាព និងសំណើម ដែលអាចជួយអ្នកវិទ្យាសាស្ត្រកំណត់ទីតាំង ដែលព្យុះសង្ឃរានឹងបោកបក់មកលើដី និងកម្រិតកម្លាំងរបស់ព្យុះ ដោយជួយប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរត្រៀមខ្លួនបានល្អប្រសើរសម្រាប់ការជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។

សូមរម្លឹកថា ព្យុះហឺរីខេន ឡាន ដែលបានបង្កការបំផ្លិចបំផ្លាញនៅរដ្ឋផ្លូរីដា កាលពីឆ្នាំ២០២២ បានសម្លាប់មនុស្សរាប់សិបនាក់ និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាង១០០ពាន់លានដុល្លារ ធ្វើឱ្យព្យុះនេះក្លាយជាគ្រោះមហន្តរាយអាកាសធាតុដ៏អាក្រក់បំផុតប្រចាំឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner