ធនាគារពិភពលោកអនុម័តគម្រោងតម្លៃ៦០លានដុល្លារ គាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាមសំណល់រឹង និងប្លាស្ទិកនៅកម្ពុជា (Video Inside)
ធនាគារពិភពលោកបានអនុម័តគម្រោងមួយដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា។
យោងតាមក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោកនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ការអនុម័តនូវគម្រោងដែលមានទំហំទឹកប្រាក់៦០លានដុល្លារអាមេរិក គឺ «ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាមនៅកម្ពុជានេះ ដោយការរីកចម្រើននៃសេដ្ឋកិច្ច, នគរូបនីយកម្ម និងទេសចរណ៍ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ បានបណ្តាលឱ្យសំណល់រឹង និងសំណល់ប្លាស្ទិក កើនបរិមាណច្រើនសន្ធឹកសន្ធាប់ដែរនៅកម្ពុជា»។
នាយកគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានបញ្ជាក់ថា « ការកែលម្អការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក គឺជារឿងមួយសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា រួមទាំងតាមរយៈវិស័យទេសចរណ៍របស់ខ្លួនផងដែរ»។ បន្ថែមពីនេះលោកស្រីនាយកបានបន្តថា បញ្ហាសំរាមប្លាស្ទិក ក្នុងផ្ទៃសមុទ្រ គ្មានស្គាល់ព្រំដែនទេ ដូច្នេះគម្រោងនេះក៏នឹងជួយដល់ថ្នាក់ជាតិ នៅក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិកក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។
គម្រោងនេះនឹងជួយពង្រីកសេវាប្រមូលសំរាមឱ្យគ្របដណ្តប់តាមខ្នងផ្ទះកាន់តែច្រើន និងកាន់តែទៀងទាត់ និងជួយកែលម្អសមត្ថភាពរបស់ទីលានទុកដាក់សំរាម ការកែច្នៃសំរាម និងការយកសំរាមធ្វើកំប៉ុស្ត ឱ្យកាន់តែប្រសើរឡើងថែមទៀត។
រាជធានីភ្នំពេញដែលមានកំណើនប្រជាពលរដ្ឋយ៉ាងឆាប់រហ័សប្រមាណជាង ៣ លាននាក់ បរិមាណសំរាមបានកើនឡើងរហូតដល់ ជាង ៣ ពាន់តោនក្នុងមួយថ្ងៃ។ បើគិតទូទាំងប្រទេសនោះវិញ ក្នុងមួយថ្ងៃសំណល់សំរាមមានប្រមាណជាងមួយម៉ឺនតោន ដែលនាំឱ្យក្នុងមួយឆ្នាំ សំណល់សំរាមមានច្រើនដល់ប្រមាណ៤លានតោន។