អាជ្ញាធរទទួលបណ្តឹង២ទៀតស្វែងរកការជួយសង្គ្រោះជនបរទេស (Video Inside)
សមត្ថកិច្ចកម្ពុជាបានបន្តទទួលបានបណ្តឹង២ទៀត ដែលស្នើឱ្យជួយសង្គ្រោះជនបរទេស ១៥នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។
កម្ពុជានៅតែបន្តយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្សពាក់ព័ន្ធនឹងក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅ បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជាដោយសន្យាឱ្យកម្រៃពលកម្មច្រើន។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងនៅថ្ងៃទី១២ ឧសភាថា មានសំណើ២មកក្រសួងមហាផ្ទៃស្នើឱ្យជួយសង្គ្រោះជនជាតិបរទេសចំនួន១៥នាក់។ មិនមានការបញ្ជាក់ថាតើជនបរទេសទាំង១៥នាក់នោះ មានជនជាតិអ្វីខ្លះឡើយ។
កម្ពុជាបានធ្វើយុទ្ធនាការស្វែងរក និងជួយសង្គ្រោះមនុស្សដោយសារការជួញដូរមនុស្សខុសច្បាប់នេះ ចាប់តាំងពីថ្ងៃទី១៨ សីហា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣, សំណើស្វែងរកការជួយសង្គ្រោះជនបរទេស មានចំនួន ៨៦៩ករណី ជាមួយមនុស្ស២ពាន់១៥៩នាក់ ដែលមាន ១៤សញ្ជាតិ។ សមត្ថកិច្ចបានស្រាវជ្រាវអង្កេតបឋមបាន ៨៤៥សំណើ, បិទសំណុំរឿង២៩២សំណើ, រកឃើញ ១ពាន់៥៧នាក់, ឃាត់ខ្លួន១៣១នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង។