គណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តទាំងស្រុង លើ សេចក្ដីព្រាងច្បាប់ ស្ដីពីវិធានដើមកំណើតទំនិញ

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ។

សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ មានខ្លឹមសារសង្ខេបដូចខាងក្រោម៖

គោលបំណងនៃសេចក្ដីព្រាងច្បាប់នេះ គឺដើម្បី៖

  • កំណត់អំពីគោលការណ៍ និងវិធានស្ដីពីដើមកំណើតនៃទំនិញនាំចេញ និងទំនិញនាំចូល ។
  • ជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និង ចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។

ខ្លឹមសារសង្ខេបនៃសេចក្ដីព្រាងច្បាប់នេះ មានចំនួន ៩ជំពូក ដែលរួមមាន ៣៥មាត្រា។ សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ មានអត្ថប្រយោជន៍ដូចខាងក្រោម៖

  • កំណត់អំពីគោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលបច្ចុប្បន្នកម្ពុជាពុំទាន់មានច្បាប់ចែងដោយឡែក អំពីវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនៅឡើយទេ ក្រៅពីការអនុវត្តផ្នែកនេះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក។
  • ផ្ដល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ ដល់អាជ្ញាធរមានសមត្ថកិច្ចជាពិសេស ក្រសួងពាណិជ្ជកម្ម ដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាសេនាធិការទទួលបន្ទុកលើការទទួលសំអាងដើមកំណើតទំនិញ ក្នុងការអនុវត្តការងារទាក់ទងនឹងវិធានដើមកំណើតទំនិញ។
  • ជួយឱ្យកម្ពុជាអាចបំពេញបាននូវការសន្យារបស់ខ្លួន ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។
  • ជួយជំរុញ និងសម្រួលពាណិជ្ជកម្មដល់វិស័យឯកជន ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធពីប្រទេសនាំចូល ដែលផ្ដល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា និងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក។
  • ចូលរួមបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ដែលអាចជួយធានាថាទំនិញនាំចេញពីកម្ពុជាគឺមានដើមកំណើតនៅកម្ពុជា ហើយអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។
  • តាមរយៈយន្តការនានាក្នុងច្បាប់នេះ នឹងជួយឱ្យកម្ពុជារក្សាបាននូវផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក រួមទាំងអាចជួយកៀរគរចំណូលថវិកាជាតិ។
  • ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គម។

ច្បាប់នេះ មានវិសាលភាពអនុវត្តលើវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងវិធានដើមកំណើតទំនិញក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងត្រូវអនុវត្តចំពោះ៖

១- ផលិតករនិងអ្នកនាំចេញនាំចូល ដែលមានតម្រូវការសំអាងដើមកំណើតទំនិញនិងស្លាកសញ្ញ សម្គាល់ដើមកំណើតផលិតផល។

២- អាជ្ញាធរចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញនៃទំនិញនាំចេញ។

៣- អាជ្ញាធរទទួលសំអាងដើមកំណើតទំនិញនៃទំនិញនាំចូល។

៤- នីតិបុគ្គលឬស្ថាប័នដែលចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម ដែលធ្វើប្រតិវេទន៍ដើមកំណើតទំនិញ៕ ដោយ ៖ វណ្ណលុក ,វេង លឹមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner