USAID បង្ហាញបច្ចុប្បន្នភាពគម្រោងកម្មវិធីអភិវឌ្ឍន៍នានារបស់ខ្លួននៅលើទឹកដីខេត្តបាត់ដំបង
ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជួបពិភាក្សាការងារជាមួយលោកស្រី Kerry Pelzman ប្រធានបេសកកម្ម នៃទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលហៅកាត់(USAID) ក្នុងគោលបំណងជំរុញការធ្វើបច្ចុប្បន្នភាព និងធ្វើការសិក្សាស្វែងយល់បន្ថែមអំពីកិច្ចដំណើរការនៃកម្មវិធីអភិវឌ្ឍន៍របស់ខ្លួននៅក្នុងខេត្តបាត់ដំបងកន្លងមក កាលពីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២។

លោកស្រី Kerry Pelzman បានប្រាប់អំពីគោលបំណងបេសកកម្មរបស់ខ្លួនថា៖ តាមរយៈបច្ចុប្បន្នភាពទៅលើការងាររបស់ខ្លួន ដែលកំពុងតែអនុវត្តក្នុងខេត្តបាត់ដំបង លោកស្រីបានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃការរីកចម្រើនរបស់ខេត្តកន្លងមក ហើយក្នុងនោះក៏មានពាក់ព័ន្ធទៅនិងគម្រោងនៃកម្មវិធីអភិវឌ្ឍន៍នានាមួយចំនួនរបស់USAID ផងដែរ។

លោកស្រី Kerry Pelzman ក៏បានថ្លែងកោតសរសើរដល៎ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងខេត្តបាត់ដំបង ដែលកំពុងតែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងនោះដូចជា៖ វិស័យសុខាភិបាល វិស័យអប់រំ វិស័យបរិស្ថាន-កសិកម្ម និងវិស័យជាច្រើនទៀត ។

លោកស្រី បញ្ជាក់ថា៖ តាមរយៈបេសកកម្មរបស់ខ្លួន USAID និងបន្តនូវកម្មវិធីសម្រាប់ការអភិវឌ្ឍន៍ជំហាន២របស់ខ្លួន និងជំហានទី៣ នៅក្នុងខេត្តបាត់ដំបង ជាមួយ ដៃគូគម្រោងមួយចំនួន ទាំងដៃគូវិស័យរបស់រដ្ឋ គូវិស៏យឯកជននៅក្នុងខេត្ត ដើម្បីធានាដល់ការជម្រុញក្នុងការផលិត ការកែច្នៃ ការវេចខ្ចប់ និងការទុកដាក់ ប្រកបដោយគុណភាពខ្ពស់នូវកសិផល-កសិកម្ម និងផ្លែឈើ ដែលមានក្នុងខេត្តសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក តំបន់ និងទៅកាន់ទីផ្សារអឹរុប ជប៉ុន និង អាមេរិកជាដើម ដើម្បីលើកទឹកចិត្តដល៎ការផលិតរបស់បងប្អូន ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់ លោកស្រី Kerry Pelzman ដែលបានជួយរួមចំណែកដល់ការអភិវឌ្ឍន៍យ៉ាងសំខាន់នៅក្នុងខេត្តបាត់ដំបងកន្លងមក។

ឯកឧត្តម ក៏បានជម្រាបជូនភ្ញៀវផងដែរ ពីសក្កានុពលសេដ្ឋកិច្ចដែមានក្នុងខេត្តរបស់ខ្លួន ហើយត្រូវបានរាជរដ្ឋាភិបាលកំណត់ថា៖ ជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ និងជាច្រករបៀងក្នុងការផលិតនួវស្រូវអង្ករនិងវារីវប្បកម្ម ត្រី សម្រាប់ក្នុងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសទៀតផង នៅក្នុងចំណោមនៃខេត្តភាគពាយ័ព្យជាប់បឹងទន្លេសាប៕./. ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )