អឺរ៉ុបនឹង “រឹតបន្តឹង” ការជួញដូរពេជ្ររុស្ស៊ី

ហ៊ីរ៉ូស៊ីម៉ា៖ សហភាពអឺរ៉ុបបាននិយាយថា ខ្លួននឹង “រឹតបន្តឹង” ការជួញដូរពេជ្ររបស់ប្រទេស រុស្ស៊ី។

ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក ឆាលស៍ មីឈែល (Charles Michel) និយាយថា ប្លុកនេះនឹងកំណត់គោលដៅពាណិជ្ជកម្មរកប្រាក់ចំណេញ លើត្បូងពេជ្ររុស្ស៊ី ដែលជាផ្នែកមួយនៃការជំរុញជាថ្មី ដើម្បីរារាំងសកម្មភាពយោធារបស់ទីក្រុងម៉ូស្គូ នៅអំឡុងពេលសន្និសីទសារព័ត៌មាន មុនកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក ហៅកាត់ថា G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។

មេដឹកនាំនៃក្រុមប្រទេសទាំងប្រាំពីរ (G7) នឹងពិភាក្សាអំពីរបៀបតាមដានការជួញដូរពេជ្ររបស់រុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលមួយ ក្នុងសប្តាហ៍នេះ ដោយមានគោលបំណងដាក់ការរឹតបន្តឹងនៅដំណាក់កាលបន្ទាប់ នេះបើតាមលោក ឆាលស៍ មីឈែល (Charles Michel) បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។

មន្ត្រីសហភាពអឺរ៉ុបរូបនេះបានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសង្ខេបមួយថា “អ្នកអាចរំពឹងថារឿងនេះនឹងត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ G7” ។

មន្ត្រីរូបនេះបាននិយាយថា នឹងមិនមានកិច្ចព្រមព្រៀងនៅដំណាក់កាលនេះទេ ប៉ុន្តែលោកមានទំនុកចិត្តថា កិច្ចពិភាក្សារវាងមេដឹកនាំនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ចន្លោះពីថ្ងៃទី ១៩ ដល់ ២១ ខែឧសភា នឹងបើកទ្វារឱ្យដាក់យន្តការតាមដានមួយ មុនពេលការរឹតបន្តឹងត្រូវបានអនុវត្ត៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner