ពុលត្រីងាប់ពេញស្ទឹងព្រែកត្នោត សង្ស័យរោងចក្រ នៅតែបន្តបង្ហូរសំណល់រាវចូលក្នុងស្ទឹង

ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ពលរដ្ឋមានការភ្ញាស់ផ្អើលនាំគ្នាចុះចាប់ត្រីក្នុងស្ទឹងព្រែកត្នោតជាលើកទី២ ក្នុងរយះពេល២ឆ្នាំកន្លង ខណៈត្រីតូចធំបានពិលអណ្តែត និងងាប់ជាច្រើន អាជ្ញាធរដាក់ការសង្ស័យរោងចក្រមួយបានបង្ហូរទឹកស្អុយចូលក្នុងស្ទឹង ។ រោងចក្រដែលបានបំពុលបរិស្ថានរហូតងាប់ត្រីជាលើកទី២ក្នុងឆ្នាំនេះគឺ Boengket Planting & Industrial Co., Ltd ផលិតដំណាប់ស្វាយ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់រួមមាន នៅភូមិពាមទុង ស្ថិតក្នុងឃុំត្រែងត្រយឹង និង នៅភូមិកុមារពេទ្យ- ភូមិចេក និងភូមិក្រាំងរលួស ស្ថិតក្នុងឃុំអូរ ស្រុកភ្នំស្រួច ជាពិសេសត្រីក្នុងស្ទឹងព្រែកត្នោត ។

មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការចុះត្រួតពិនិត្យនៅទីតាំងជាក់ស្ដែង រោងចក្រពុំបានរៀបចំសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវ និងរបាយការណ៍ EIA ទៅតាមការកំណត់ឡើយ រោងចក្រនៅតែបន្តបង្ហូរសំណល់រាវពីរោងចក្រផ្ទាល់ដោយពុំមានការសម្អាត ចូលតាម ប្រឡាយដី (ប្រវែង ០,៨គីឡូម៉ែត្រ) បន្ទាប់មកចូលទៅស្រះស្រុកចំនួនបួនដែលមាន ស្ថានភាពគោករាក់ រួចហូរចូលអាងទឹកទំនប់ពាមទុង ដែលមានទំហំប្រមាណ ៣ហិកតា ហើយទឹកសំណល់ទាំងនោះបានហូរចេញតាមប្រឡាយអូរ (ប្រវែង ០,៣គីឡូម៉ែត្រ) បន្តចូលទៅស្ទឹងតូច (ខ្សែទឹកខាងលើ) ប្រវែងប្រមាណ ៥ គីឡូម៉ែត្រ បន្ទាប់មកហូរ ចូលស្ទឹងស្រែខ្លុង (ខ្សែទឹកខាងក្រោម) ប្រវែងប្រមាណ ១០ គីឡូម៉ែត្រ និងចុងក្រោយ ហូរធ្លាក់ទៅស្ទឹងព្រែកត្នោត ។

មន្ត្រីដដែលបានបន្តថា ក្រុមការងារបានសង្កេតឃើញថា ការបង្ហូរសំណល់រាវចេញពីរោងចក្រ បានបង្កឱ្យទឹក នៃដងស្ទឹងតូច និងស្ទឹងស្រែខ្លុង ឡើងពណ៌ខ្មៅ និងមានក្លិនស្អុយ ព្រោះពុំមានចរន្តទឹក ហូរពីផ្នែកខាងលើ (Up-Stream) មកផ្នែកខាងក្រោម (Down-Steam) ដើម្បីជួយពង្រាវ ឬ ជំរុញឱ្យទឹកសំណល់ទាំងនោះហូរចុះលឿនទៅផ្នែកខាងក្រោមទេ ដោយនៅផ្នែកខាងលើ នៃដងស្ទឹងតូចត្រូវបានគេទប់ទឹកសម្រាប់ធ្វើការស្រោចស្រព ជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ស្ថានភាពទឹកនៃដងស្ទឹងតូច និង ស្ទឹងស្រែខ្លុង ពីចំណុចអាងទឹកទំនប់ពាមទុងហូរចូលស្ទឹងតូចដល់ចំណុចស្ទឹងព្រែកត្នោត ដែលមានប្រវែងសរុបប្រមាណ ១៥គ.ម មានពណ៌ខ្មៅ ក្លិនស្អុយ ត្រីពុលងាប់ និងពុំអាចប្រើប្រាស់បានឡើយ ។

ប្រភពបញ្ជាក់លើបញ្ហានេះថា ដើម្បីទប់ស្កាត់ការបំពុលបរិស្ថានឱ្យមានប្រសិទ្ធភាព ក្រុម ការងារសូមគោរពស្នើសុំគោលការណ៍ពី ឯកឧត្តមរដ្ឋមន្ត្រី អនុវត្តនូវវិធានការរដ្ឋបាលចំពោះរោងចក្រ Boengket Planting & Industrial Co., Ltd ដូចខាងក្រោម៖
១. ពិន័យអន្តរការណ៍ពុំរាងចាល ជាប្រាក់ចំនួនសរុប ៦៣.០០០.០០០(ហុកសិបបីលាន)រៀល ករណីមិនរៀបចំសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវ តាមការកំណត់ ចំនួន ២១.០០០.០០០(ម្ភៃមួយលាន) រៀល មិនរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម តាមការកំណត់ ចំនួន ២១.០០០.០០០ (ម្ភៃមួយលាន) រៀល បានបញ្ចេញសំណល់រាវលើសស្តង់ដារ បង្កការបំពុលប្រភពទឹកធម្មជាតិ និងប៉ះពាល់ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋ ចំនួន ២១.០០០.០០០ (ម្ភៃមួយលាន) រៀល ។
២.តម្រូវឱ្យសងថ្លៃការស្ដារ និងការខូចខាតបរិស្ថាន និងធនធានធម្មជាតិ (គុណភាពទឹក ដី និងជីវៈចម្រុះ) ដែលចំនួនទឹកប្រាក់កំណត់ ត្រូវយោងលើរបាយការណ៍វាយតម្លៃរបស់ នាយកដា្ឋន EIA ហើយចំនួនទឹកប្រាក់នេះ ត្រូវបង់ចូលផ្នែកមូលនិធិបរិស្ថាន និងសង្គម។
៣.តម្រូវឱ្យរៀបចំសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវ ឱ្យបានរួចរាល់ក្នុងរយៈពេល៦ខែ។ ស្ថិតនៅក្នុងដំណាក់កាលនេះ មិនអនុញ្ញាតឱ្យរោងចក្រធ្វើការបង្ហូរសំណល់រាវចេញក រោងចក្រទេ ដោយតម្រូវឱ្យប្រើសេវាប្រមូលសំណល់ចេញពីរោងចក្រ ជាមួយក្រុមហ៊ុន ដែលមានការអនុញ្ញាតពីស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
៤. តម្រូវឱ្យរៀបចំធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម ឱ្យបានរួចរាល់ក្នុងរយៈពេល៦ខែ ៕ ដោយ ៖ ម៉ុន សំអាត

ads banner