សម្តេចតេជោ ហ៊ុន សែន មិនទទួលយកការសុំទោសរបស់លោក ជា ប៉ូច និងឱ្យមេធាវី ត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់

ភ្នំពែញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរលើបណ្តាញតេឡេក្រាម នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ថា សម្ដេចមិនទទួលយកការសុំទោសរបស់លោក ជា ប៉ូច និងឱ្យមេធាវី ត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានមានលើកឡើងដូច្នេះថា៖ រឿងជា ប៉ូចបានកើតឡើងច្រើនថ្ងៃហើយ រាប់ទាំង ជា ប៉ូច សរសេរលិខិតមកសុំទោសខ្ញុំ កាលពីថ្ងៃ១៥ឧសភា២០២៣។ ទាំងសារសម្លេងជា ប៉ូចទាំងលិខិតជា ប៉ូច សុទ្ធតែទទួលស្គាល់ពាក្យទម្លាក់ហ៊ុន សែនឲ្យបាន។

សម្ដេចបានប្រាប់ទៅ ជា ប៉ូច ថា ពាក្យទម្លាក់មានវិធីច្រើនយ៉ាងតាមរបៀបបោះឆ្នោតដូចការពន្យល់របស់ប៉ូចក្នុងលិខិតថ្ងៃ១៥ឧសភា២០២៣។ តាមវិធីរដ្ឋប្រហារយោធា តាមការប្រើប្រាស់បដិវត្តពណ៍ដែលគេប្រើនៅច្រើនកន្លែង ច្រើនប្រទេសដែលមានឈ្មោះខុសគ្នាតែមានគោលដៅទម្លាក់ឬផ្តួលរលំដូចគ្នា រហូតដល់ការធ្វើឃាដឬគ្រប់សកម្មភាពឲ្យតែកំចាត់មនុស្សដែលខ្លួនត្រូវកំចាត់ឲ្យខាងតែបាន។ ប៉ូច អាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់តែប៉ូចនិងបក្សរបស់ខ្លួនវាមានចរិតបែបនេះជារៀងរហូតមកហើយក្លាយជាវប្បធម៍សងសឹកមិនចេះចប់ទាំងមេទាំងកូន។

សម្ដេចតេជោ បានប្រកាសថា ខ្ញុំមិនទទួលយកការសុំទោសនោះឡើយ ប៉ូច គិតខ្លួនឯងទៅតើគួរធ្វើបែបណា? ដើម្បីខ្លួន និងក្រុមគ្រួសារ ឬសុខចិត្តសែងខ្មោចអាក្បត់ជាតិ៣ជំនាន់យកទៅកប់។

សម្ដេចថា នៅមានរឿងដែលអាក្រក់មួយទៀតដែលមនុស្សក្នុងបក្សរៀបចំឡើងជាលិខិតបដិសេដ្ឋលើការផ្សាយរបស់ហ្វ្រេសញូ Fresh news ដែលដាក់ថ្ងៃ១៤ឧសភា២០២៣ ដើម្បីឲ្យជា ប៉ូច ចុះហត្ថលេខា។

យោងតាមពង្រាងលិខិតនេះ គេមានគោលបំណងវាយប្រហារលើអង្គភាព Fresh news និងរក្សាកិត្តិយសគេទាំងបំពាន ដោយមិនខ្វល់ពីយុត្តិធម៍នោះឡើយ។ តាមព័ត៌មានដែលយើងទទួលបានលិខិតនេះ ត្រូវបានព្រាងឡើងដោយលោក សេង ម៉ាឌី ដែលខ្ញុំសុំលោកសេង ម៉ាឌី ធ្វើការពន្យល់។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសសុំមេធាវីរបស់សម្ដេច ត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ទាំងពីរករណីទាំងករណី ជា ប៉ូច ទាំងករណីលិខិតបដិសេដ្ឋតែត្រូវរង់ចាំរហូតថ្ងៃ៣០ឧសភា២០២៣ ដើម្បី ជា ប៉ូច ធ្វើការសម្រេចចិត្ត និងគណបក្សធ្វើការបកស្រាយអំពីលិខិតបដិសេដ្ឋ។ សូមភ្ជាប់ជូនសំដីជា ប៉ូច លិខិតជា ប៉ូចនិងលិខិតបដិសេដ្ឋ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner