ភាគីជម្លោះនៅស៊ូដង់ចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់រយៈពេល៧ថ្ងៃ

រីយ៉ាដ៖ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចពិភាក្សាគ្នានៅទីក្រុងជេដដា ថា ភាគីជម្លោះនៅក្នុងប្រទេសស៊ូដង់ បានឈានដល់កិច្ចព្រមព្រៀងមួយលើបទឈប់បាញ់រយៈពេល៧ថ្ងៃ ដើម្បីសម្របសម្រួលដល់ផ្នែកមនុស្សធម៌។

តំណាងមកពីមេទ័ពទាំងពីរ លោក អាប់ឌែល ហ្វាតា អាល់ប៊ូហាន និងអតីតអនុប្រធានរបស់គាត់ ម៉ូហាម៉េដ ហាមដាន ដាក្លូ បានប្តេជ្ញាថា នឹងមិនស្វែងរកផលប្រយោជន៍យោធាណាមួយឡើយ មុនពេលបទឈប់បាញ់ចូលជាធរមាននៅម៉ោង៩និង៤៥នាទីនាទីយប់ថ្ងៃទី២២ ខែឧសភានេះ (ម៉ោងក្នុងតំបន់)។ បើតាមក្រសួងការបរទេសអាមេរិក បទឈប់បាញ់រយៈពេល៧ថ្ងៃនេះអាចនឹងត្រូវបន្តទៀត ប្រសិនបើមានការព្រមព្រៀងពីភាគីជម្លោះទាំងពីរ។

បទឈប់បាញ់ដែលបានប្រកាសជាច្រើនលើកកន្លងមក ត្រូវបានរំលោភបំពានចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពី៥សប្តាហ៍មុន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានបញ្ជាក់យ៉ាងដូច្នេះថា បទឈប់បាញ់នេះ មិនដូចបទឈប់បាញ់ពីមុនៗមកនោះទេ កិច្ចព្រមព្រៀងដែលសម្រេចបាននៅទីក្រុងជេដដា ត្រូវបានចុះហត្ថលេខាដោយភាគីនានា ហើយមានការគាំទ្រពីយន្តការត្រួតពិនិត្យបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ផងដែរថា ភ្លើងជម្លោះនៅស៊ូដង់ បានសម្លាប់ជីវិតមនុស្សអស់រាប់រយនាក់ ដែលភាគច្រើនជាជនស៊ីវិល ហើយមនុស្សច្រើនជាងមួយលាននាក់ផ្សេងទៀតបានបង្ខំចិត្តរត់ភៀសខ្លួន។ ទន្ទឹមគ្នា អង្គការសហប្រជាជាតិបានព្រមានអំពីស្ថានភាពមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសធំទី៣ របស់ទ្វីបអាហ្រ្វិកមួយនេះ ដែលមនុស្សម្នាក់ក្នុងចំណោមបីនាក់បានពឹងផ្អែកលើជំនួយរួចទៅហើយ នៅមុនជម្លោះប្រដាប់អាវុធផ្ទុះឡើង៕ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner