ប្រមុខការទូតរុស្ស៊ីចោទថា មេដឹកនាំ G7 មានបំណងទប់ទល់ទាំងរុស្ស៊ី និងចិន
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បានចោទប្រកាន់ថា ការប្រកាសរបស់មេដឹកនាំ G7 នៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីចុងសប្តាហ៍មុននេះ ដើម្បីជួយបញ្ចប់ជម្លោះនៅអ៊ុយក្រែន បានបង្ហាញពីការប្តេជ្ញាចិត្តដើម្បីទប់ទល់ទាំងប្រទេសរុស្ស៊ី និងចិន។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បាននិយាយនៅក្នុងកិច្ចប្រជុំមួយតាមកញ្ចក់ទូរទស្សន៍យ៉ាងដូច្នេះថា សូមមើលការសម្រេចចិត្តដែលបានពិភាក្សា និងធ្វើឡើងនៅថ្ងៃនេះនៅក្នុងកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលមានគោលបំណងទប់ទល់ទាំងរុស្ស៊ី និងចិន។ ជាមួយគ្នានេះ លោកឡាវរូវ បានថ្កោលទោសមេដឹកនាំ G7 ជុំវិញរបៀបវារៈដ៏អស្ចារ្យរបស់ពួកគេ ដែលមានគោលបំណងរារាំង និងទប់ទល់ទាំងរុស្ស៊ី និងចិន។
ដោយឡែកក្រសួងការបរទេសចិនបានចោទប្រកាន់មេដឹកនាំ G7 ថា បានរារាំងការបង្កើតសន្តិភាពអន្តរជាតិ ហើយថា ក្រុមនេះចាំបាច់ត្រូវឆ្លុះបញ្ចាំងពីអាកប្បកិរិយា និងផ្លាស់ប្តូរចិត្តគំនិតរបស់ខ្លួន។ បន្ថែមលើនេះ ទីក្រុងប៉េកាំងបានធ្វើការជំទាស់ទៅកាន់ម្ចាស់ផ្ទះជប៉ុន និងភាគីពាក់ព័ន្ធផ្សេងទៀត ជុំវិញការសម្រេចចិត្តរបស់ពួកគេ ក្នុងការលាបពណ៌ និងវាយប្រហារលើប្រទេសចិន។
គួរបញ្ជាក់ថា ក្រុមមេដឹកនាំនៃប្រទេស G7 បានរួបរួមគ្នាជំរុញឱ្យចិន ដាក់សម្ពាធលើដៃគូយុទ្ធសាស្ត្ររបស់ខ្លួន គឺរុស្ស៉ី ឱ្យបិទបញ្ចប់សង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ នៅឯកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ក្រុមមេដឹកនាំ G7 បានគូសបញ្ជាក់ដូច្នេះថា យើងអំពាវនាវឱ្យចិនដាក់សម្ពាធលើរុស្ស៊ី ឱ្យបញ្ឈប់សកម្មភាពយោធាឈ្លានពានរបស់ខ្លួន និងដកកងទ័ពជាបន្ទាន់ ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌចេញពីអ៊ុយក្រែន។
បើតាមសេចក្ដីថ្លែងការណ៍ដដែល មេដឹកនាំ G7 ជំរុញឱ្យចិនគាំទ្រសន្តិភាពគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដោយឈរលើមូលដ្ឋានបូរណភាពទឹកដី និងគោលការណ៍ ព្រមទាំងកម្មវត្ថុនៃធម្មនុញ្ញយូអិន ក្នុងនោះ រួមមានទាំងការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន៕ ប្រភព៖ AFP និង CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា