តំណាង គ.ជ.ប នឹងចូលរួមក្នុងសិក្ខាសាលាអន្តរជាតិរបស់ RECEF នៅទីក្រុងប៉ារីស ប្រទេសបារាំង
ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន ចាត់តាំងតំណាងឱ្យចូលរួមក្នុងសិក្ខាសាលាអន្តរជាតិស្ដីពី បែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត។ សិក្ខាសាលនេះ ត្រូវបានរៀបចំឡើងជា មហាសន្និបាតប្រចាំឆ្នាំរបស់ បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង(RECEF)។
ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៣ដើម្បីចូលរួមក្នុងសិក្ខាសាលាអន្តរជាតិស្តីពី «បែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុក» និង មហាសន្និបាតប្រចាំឆ្នាំរបស់ បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង(RECEF) ដែល RECEF បានអញ្ជើញ គ.ជ.ប ឱ្យចូលរួមជាសមាជិកសកម្មនៃបណ្តាញនេះផងដែរ។
នៅមុនពេលចេញដំណើរ ឯកឧត្តម ឌឹម សុវណ្ណារុំ មានប្រាប់ថា ការធ្វើដំណើរទៅចូលរួមសិក្ខាសាលានេះ គឺស្របតាមសំណូមពររបស់ RECEF ដែលសំណូមពរទី១ គឺគេរៀបចំពិព័រណ៍សន្លឹកឆ្នោតនៅប្រទេសដែលជាសមាជិកនីមួយៗ និងទី២ គឺសំណូមពរអោយ គ.ជ.ប ក្លាយជាសមាជិកពេញសិទ្ធិនៃបណ្តាញ RECEF។
«ដំណើរចូលរួមសិក្ខាសាលានេះ ធ្វើឡើងដោយ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជួបសវនាការជាមួយប្រតិភូសភានិយាយភាសាបារាំង ដឹកនាំដោយឯកឧត្តម Christophe André-FRASSA សមាជិកព្រឹទ្ធសភាបារាំង (APF) និងជាប្រធាន គណៈកម្មការនយោបាយនៃសភានិយាយភាសាបារាំង»។ ឯកឧត្តម ឌឹម សុវណ្ណារុំ បានបញ្ជាក់បន្ថែម។
ឯកឧត្តមបានបន្តថា បន្ទាប់មក APF បានដើរតួនាទីជាអ្នកជួយ សម្របសម្រួលការងារជាមួយ RECEF ដែលមានន័យថា បណ្តាញពង្រឹងសមត្ថភាពរៀបចំការ បោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ដើម្បី គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យមើល លទ្ធភាពចូលជាសមាជិកនៃ RECEF។
បើតាមឯកឧត្តម ឌឹម សុវណ្ណារុំ មហាសន្និបាតនេះគឺជាអង្គកំពូលនៃបណ្តាញ RECEF ដែលជាជំនួបភាសា ការលើកសំណើរ និងការផ្លាស់ប្តូរព័ត៌មានពីសមាជិក។ រហូតមកដល់ពេលនេះ មហាសន្និបាតនេះធ្វើឡើងចំនួន ៩លើករួចមកហើយ និងលើកទី១០នេះ នឹងធ្វើឡើងនៅថ្ងៃទី ២៥ឧសភាខាងមុខនេះផងដែរ៕
ដោយ:វណ្ណ សុជាតា