គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ មិនអាចចូលរួមបោះឆ្នោតសកល ខែកក្កដា​ (Video Inside)

គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នឹងមិនបានចូលរួមក្នុងការបោះឆ្នោតសកល ថ្ងៃទី២៣ កក្កដាខាងមុខនេះបានឡើយ បន្ទាប់មានការសម្រេចចិត្តមួយរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃព្រហស្បតិ៍នេះ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានបដិសេធការចុះបញ្ជីឈ្មោះគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដោយសារតែគណបក្សទាំង២នេះ មិនបានបំពេញលក្ខន្តិកៈ នៃនីតិវិធីដែលគជប បានតម្រូវនោះឡើយ។

គណបក្សទាំង២ បានដាក់ពាក្យបណ្តឹងរបស់ខ្លួនទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីធ្វើការតវ៉ាចំពោះសេចក្តីបដិសេធរបស់គជប។ ក្រុមប្រឹក្សាធម្មនុញ្ញដែលបានបើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២៥ ឧសភានេះ បានចេញសេចក្តីប្រកាសបញ្ជាក់ថា «ពាក្យបណ្តឹងបានធ្វើត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់»។ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញលោក ព្រហ្មវិចិត្រអក្ខរា បានថ្លែងបញ្ជាក់ក្នុងសន្និសីទកាសែតក្នុងថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៣។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា។ យោងតាមគជប ចំនួនគណបក្សនយោបាយដែលនឹងត្រូវចូលរួមក្នុងការបោះឆ្នោតសកល ថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ខាងមុខនេះ មានចំនួនសរុប១៨គណបក្ស។

ads banner