ថៃ គ្រោងផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាលើជំនាញសំខាន់ៗ ជាង១០ជំនាញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នៅឆ្នាំ២០២៤ ខាងមុខនេះ សាកលវិទ្យាល័យមហាសារខាមនៃព្រះរាជាណាចក្រថៃ គ្រោងនឹងផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាលើជំនាញសំខាន់ៗជាង១០ជំនាញ ខណៈបច្ចុប្បន្នភាគីកម្ពុជា-ថៃ កំពុងពន្លឿនកិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើអាហារូបករណ៍នេះ។ នេះបើយោងតាមកិច្ចប្រជុំរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយសាកលវិទ្យាល័យមហាសារខាម នៃព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងអប់រំ និងសាកលវិទ្យាល័យមហាសារខាម របស់ថៃ បានជួបពិភាក្សាគ្នា ដើម្បីអនុម័តលើលទ្ធផលនៃការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ប្រចាំឆ្នាំ២០២៣ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាឆ្នាំបន្ទាប់ទៀត។ ឯកឧត្តមបណ្ឌិតឱ្យដឹងដែរថា ក្នុងឆ្នាំសិក្សា ២០២៣ នេះ សាកលវិទ្យាល័យមហាសារខាម បានផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រលើជំនាញគ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ ជំនាញវិស្វកម្មមេកានិក ជំនាញវិស្វកម្មអគ្គិសនី ជំនាញគ្រប់គ្រងពាណិជ្ជកម្មនិងជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ។ការទទួលបានអាហារូបករណ៍ទាំងនេះ គឺបានធ្វើឡើងតាមរយៈការជ្រើសរើសតាមរយៈការប្រឡងដើម្បីទទួលបានអាហារូបករណ៍ ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)។

ការផ្តល់អាហាររូបករណ៍នេះ គឺជាចូលរួមលើកកម្ពស់គុណភាព ឧត្តមភាពក្នុងការអប់រំ និងការស្រាវជ្រាវ រវាងគ្រឹះស្ថានអប់រំ នៃប្រទេសទាំងពីរ ពិសេសស្វែងរកនូវការអភិវឌ្ឍ ក្នុងកិច្ចសហប្រតិបត្តិការ និងបញ្ជូននិស្សិតកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យនិស្សិតទទួលបាននូវចំណេះដឹង និងជំនាញ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ។ នេះបើតាមការបញ្ជាក់បន្ថែមពីបណ្ឌិតសភាចារ្យ រដ្ឋមន្ដ្រីក្រសួងអប់រំ។

ពាក់ព័ន្ធពាក់ព័ន្ធនឹងការផ្តល់អាហារូបករណ៍នេះដែរ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ជាទូទៅការចាប់យកអាហរូបករណ៍ណាមួយ និងការបញ្ជូនសិស្សនិស្សិតទៅសិក្សានៅក្រៅប្រទេសគឺជារឿងសំខាន់ ដើម្បីសិក្សារៀនសូត្រ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រោះតាមរយៈធនធានមនុស្សទាំងនោះ នឹងត្រឡប់មកជួយអភិវឌ្ឍន៍ប្រទេសជាតិវិញ។ កម្ពុជាត្រូវការធនធានមនុស្សជាច្រើនមកជួយអភិវឌ្ឍន៍ប្រទេស ហើយត្រូវការឱ្យយុវជននិងនិស្សិតខ្មែរទទួលបានអាហារូបករណ៍ថ្នាក់ខ្ពស់ឱ្យបានច្រើនគឺជារឿងសំខាន់។

លោកបណ្ឌិតបន្តថា៖«ទោះបីធនធាននិស្សិតទាំងនោះ រៀនចប់ត្រឡប់មក មិនថាចូលបម្រើការងាររដ្ឋ និងក្នុងវិស័យឯកជនក៏ដោយសុទ្ធតែល្អ និងមានប្រយោជន៍ទាំងអស់ ព្រោះនិស្សិតទាំងនោះគឺជាធនធានមនុស្សដ៏កម្រ និងសក្តានុពលរបស់កម្ពុជា»។

បើតាមក្រសួងអប់រំ យុវជន និងកីឡា ចាប់តាំងពីឆ្នាំ២០០៨មក និស្សិតកម្ពុជាចំនួន ២៤៦ នាក់ បានទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅសាកលវិទ្យាល័យមហាសារខាមនៃព្រះរាជាណាចក្រថៃ។ បច្ចុប្បន្ននិស្សិតចំនួន ២១៨ នាក់បានបញ្ចប់ការសិក្សានៅទីនោះផង
ដែរ។

ដោយឡែកសម្រាប់ឆ្នាំសិក្សា២០២៤ខាងមុខនេះ សាកលវិទ្យាល័យមហាសារខាម ក៏គ្រោងនឹងផ្ដល់អាហារូបករណ៍ចំនួន ១៤ កន្លែង ក្នុងជំនាញសំខាន់ៗ ក្នុងនោះរួមមាន វិស័យសិល្បៈ តន្ត្រី កម្មវិធីសិក្សា និងការបង្រៀន វិស្វកម្មអាហារ វិស្វកម្មបរិស្ថាន ទេសចរណ៍ សណ្ឋាគារ ព័ត៌មានវិទ្យា ការគ្រប់គ្រងទំនើប និងទីក្រុងឆ្លាតវៃ (Smart City)ជាដើម៕ ដោយ៖ បូរ ពេជ្យហ្សាលីន

ads banner