សម្ដេចតេជោ ហ៊ុន សែន៖ អ្នកប្រឆាំងជ្រុលនិយមរបស់ខ្មែរ បែរជាអំពាវនាវឱ្យបរទេសមកធ្វើបាបប្រជាជាតិខ្លួនឯងទៅវិញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រឆាំងនៅប្រទេសថៃ បើទោះបីជាត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ក៏ដោយ ក៏គេមិនដែលអំពាវនាវឱ្យបរទេសមកធ្វើបាបប្រជាជនគេទេ ប៉ុន្តែអ្នកប្រឆាំងជ្រុលនិយមរបស់ខ្មែរ បែរជាអំពាវនាវឱ្យបរទេសមកធ្វើបាបប្រជាជាតិខ្លួនឯងទៅវិញ។

សម្តេចតេជោ បានបញ្ជាក់ថា ដើម្បីតែអំណាច អ្នកប្រឆាំងជ្រុលនិយមរបស់ខ្មែរ បែរជាអំពាវនាវឱ្យបរទេស កុំផ្តល់ជំនួយមកកម្ពុជា កុំមកវិនិយោគនៅកម្ពុជា កុំទិញទំនិញពីកម្ពុជា និងផ្តាច់ប្រព័ន្ធអនុគ្រោះផ្សេងៗពីកម្ពុជា ដែលចំណុចទាំងអស់នេះ គឺជាការសម្លាប់សេដ្ឋកិច្ចរបស់ប្រជាជនខ្មែរយើង។ សម្តេចថា ទង្វើរបស់អ្នកប្រឆាំងជ្រុលនិយមបែបនេះ រង់ចាំមើលជោគវាសនារបស់ខ្លួនឯងទៅ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា មានអ្នកខ្លះ អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល ដូចនេះយើងមិនអត់ឱនឱ្យអ្នកដែលចង់ដណ្តើមអំណាចតាមបែបមិនប្រជាធិបតេយ្យនោះឡើយ។
សម្តេចបញ្ជាក់ថា អ្នកដែលមិនបានស្វែងរកសន្តិភាព គឺជាអ្នកដែលតែងតែបង្កអស្ថិរភាពនយោបាយ ដើម្បីតែអំណាចរបស់ខ្លួន ប្រសិនបើយើងធ្វេសប្រហែស ប្រទេសជាតិយើងនឹងរងគ្រោះម្តងទៀត។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសមិនអត់ឱនឱ្យនរណា ឬក្រុមណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព និងដណ្តើមអំណាចតាមរយៈមិនឆ្លងកាត់តាមរយៈការបោះឆ្នោត ឬប្រជាធិបតេយ្យសេរី។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រួបរួមគ្នាថែរក្សាសន្តិភាពឱ្យបាន ហើយអ្នកដែលស្វែងរកសន្តិភាពនេះហើយ ដែលជាអ្នកការពារសន្តិភាព ដើម្បីធានាសេចក្តីសុខរបស់ប្រជាជន។
សម្តេចតេជោ បានបញ្ជាក់ថា សន្តិភាពមានតម្លៃខ្លាំងណាស់ ហើយយើងបានជួបជុំគ្នានៅទីនេះ ក៏ដោយសារសន្តិភាពដែរ តែបើសិនប្រទេសកើតសង្រ្គាម អ្វីៗទាំងអស់នឹងត្រូវបំផ្លាញចោលទាំងអស់។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះក្នុងជំនួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន១៩.០០០នាក់ នាព្រឹកថ្ងៃសៅរ៍ទី២៧ ខែឧសភា ឆ្នាំ២០២៣ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ