កម្ពុជា ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន មួយលានដូស ដែលជាអំណោយមនុស្សធម៌ ជូនមីយ៉ាន់ម៉ា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់(Sinovac) ចំនួនមួយលានដូស និងស៊ីរ៉ាំងចាក់វ៉ាក់សាំង ដែលជាអំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូនសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជាផ្លូវការនៅព្រឹកថ្ងៃទី ២៦ ខែឧសភានេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

វ៉ាក់សាំងទាំងនេះ ត្រូវបានដឹកជញ្ជូនតាមជើងយន្តហោះ យកទៅប្រគល់ជូនសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ដែលដឹកនាំដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

លោកជំទាវ យក់ សម្បត្តិ បានថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ VIP ថា ក្រោយពីទទួលបញ្ជាផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គឺក្រសួងសុខាភិបាល បានណែនាំឱ្យយកវ៉ាក់សាំងចំនួនមួយលានដូស ព្រមទាំងស៊ីរ៉ាំង ជូនប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសនៅក្នុងតំបន់។
លោកជំទាវមានប្រសាសន៍ថា៖«លើកនេះមិនមែនជាលើកទី១នោះទេដែលយើងទៅប្រទេសមីយ៉ាន់ម៉ា គឺជាលើកទី៤ ហើយ៣លើកមុនគឺបានដឹកសម្ភារ បរិក្ខាពេទ្យ ម៉ាស់ អុកស៊ីហ្សែន និងឧបករណ៍ផ្សេងៗហើយសង្ឃឹមថាប្រទេសមីយ៉ាន់ម៉ា ក្រោយពីទទួលបានវ៉ាក់សាំងមួយលានដូស នឹងចាក់ជូនប្រជាពលរដ្ឋ ដែលធ្វើឱ្យមានការទប់ស្កាត់បាននូវការរាតត្បាតនៃជំងឺកូវីដ ១៩។

លោកជំទាវបន្ថែមថា តាមពិតប្រទេសកម្ពុជាក៏ធ្លាប់បានផ្តល់ជាអំណោយប្រភេទនេះទៅកាន់ប្រទេសផ្សេងៗទៀត ដូចជាប្រទេស ឡាវ និងវៀតណាម ។ លោកជំទាវគូសបញ្ជាក់ថា៖«ដូច្នេះនេះគឺជាកាយវិកាមនុស្សធម៌សុទ្ធសាធ ដែលសម្តេចតេជោ តែងតែគិតគូរមិនមែនតែប្រជាពលរដ្ឋយើងទេ គឺថាគិតគូរដល់ប្រទេសជាមិត្តជិតខាង លោកតែងតែមានប្រសាសន៍ថាបើសិនជាយើងទប់ស្កាត់បាននៅក្នុងប្រទេសយើង ប៉ុន្តែប្រទេសជិតខាងនៅមានការរាតត្បាតច្រើនក៏យើងអាចមានហានិភ័យដែរ ដូចនេះយើងត្រូវចែករំលែកគ្នា»។

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសមីយ៉ាន់ម៉ាលោក AYE TUN ដែលបានអញ្ជើញទទួលវ៉ាក់សាំង បានថ្លែងថា ដើម្បីធ្វើជាសាក្សីក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងនេះ គឺជានិមិត្តរូបនៃសាមគ្គីភាព មេត្តាធម៌ និងរឹតបន្តឹងភាពជាដៃគូក្នុងតំបន់របស់យើង។ លោកបានថ្លែងថា៖«ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា សម្រាប់ចិត្តសប្បុរសរបស់អ្នកក្នុងការផ្តល់ពរជ័យសង្គ្រោះជីវិតដល់ប្រជាជនមីយ៉ាន់ម៉ា។ បន្ថែមពីលើលើកមុន យើងក៏បានទទួលអំណោយបរិក្ខារពេទ្យពីប្រទេសកម្ពុជា ដើម្បីបំពេញបន្ថែមបង្ការជំងឺកូវីដ ២០២១ របស់យើងផងដែរ»។

លោកសង្កត់ធ្ងន់ថា កូវីដ១៩ បានរុញច្រាន និងភាពលំបាកដល់ប្រទេសជាតិយើង ហើយក្នុងអំឡុងពេលដ៏លំបាកនេះដែរ មិត្តភាពនិងភាពជាដៃគូពិតប្រាកដបានលេចឡើង។

លោក AYE TUN បន្តទៀតថា ពិធីប្រគល់-ទទួលថ្ងៃនេះ ជានិមិត្តសញ្ញាចែងចាំង ហើយវាក៏ជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជាដែលប្រជាពលរដ្ឋភាគច្រើនបានកាន់ពុទ្ធសាសនា។

សូមជម្រាប កម្ពុជាបានផ្តល់បរិក្ខាពេទ្យ និងវ៉ាក់សាំងជូនប្រទេសមីយ៉ាន់ម៉ាចំនួនបួនលើក ក្នុងនោះ ឆ្នាំ២០២០ ម៉ាស់ជាងពីរលាន និងបរិក្ខារពេទ្យមួយចំនួន និងឆ្នាំ២០២១ ម៉ាស់បីលាន និងបរិក្ខារពេទ្យមួយចំនួន (ឧបករណ៍តេស្ដរហ័ស សម្លៀកបំពាក់សុវត្ថិភាព PPE ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិ ម៉ាស៊ីនជំនួយដកដង្ហើម និងម៉ាស៊ីនតាមដានសញ្ញាជាដើម)។ ឆ្នាំ២០២២ ផ្តល់ជំនួយជា
ម៉ាស់ជាងបីលាន និងគ្រឿងបរិក្ខារមួយចំនួនទៀត និងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ផ្តល់វ៉ាក់សាំង មួយលានដូស រួមទាំងស៊ីរ៉ាំងសម្រាប់ចាក់វ៉ាក់សាំងផងដែរ៕ ដោយ៖ សុខ រក្សា

ads banner