មន្ទីររៀបចំដែនដីខេត្តកណ្តាលជំរុញមន្រី្តពាក់ព័ន្ធឱ្យពន្លឿនការងារចុះបញ្ជីដីធ្លីឱ្យបានឆាប់

អត្ថបទដោយ៖
CPA

កណ្ដាល៖ មន្រ្តីជាន់ខ្ពស់នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានជំរុញដល់មន្រី្តពាក់ព័ន្ធនិងក្រុមចុះបញ្ជីទាំងអស់ ត្រូវខិតខំពន្លឿនបន្ថែមទៀតលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានដាក់ចេញ។ ការជំរុញនេះ ត្រូវបានធ្វើឡើងតាមរយៈ វគ្គបណ្តុះបណ្តាលគណៈកម្មការរដ្ឋបាល ក្នុងតំបន់ចុះបញ្ជីដីធ្លី នៅស្រុកកោះធំ និងក្រុងសំពៅពូន កាលរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល មានប្រសាសន៍ថា គណៈកម្មការដែលទទួលបានវគ្គបណ្តុះបណ្តាលទាំងអស់ យកចិត្តទុកដាក់សិក្សារៀនសូត្រ សហការជាមួយមន្រ្តីសុរិយោដីដែលចុះមកវាស់វែងដីជូនប្រជាពលរដ្ឋនៅថ្ងៃខាងមុខនេះឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ។ លោក បានបន្តថា ការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីឱ្យគណៈកម្មការរដ្ឋបាល ដឹងពីតួនាទី និងភារកិច្ចក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ និងយល់ច្បាស់ពីនិតិវិធី នៃការកំណត់ចុះវាស់វែងដីជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ និងដើម្បីឱ្យប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិសំគាល់ដីរបស់ខ្លួន និងកាត់បន្ថយបញ្ហាទំនាស់ដីធ្លីរវាងម្ចាស់ដីដែលនៅជាប់ព្រំជាមួយគ្នា។

ជាមួយគ្នានេះ អនុប្រធានមន្ទីររៀបចំដែនដី ក៏បានជំរុញដល់មន្រី្តពាក់ព័ន្ធ និងក្រុមចុះបញ្ជីទាំងអស់ត្រូវខិតខំបន្ថែមទៀតលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានដាក់ចេញ។

លោកបានបញ្ជាក់ថាសូមអំពាវនាវដល់ លោកមេភូមិ ចៅសង្កាត់ និងចាស់ព្រឹទ្ធាចារ្យត្រូវធ្វើការផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដោយឱ្យពួកគាត់រៀបចំនៅឯកសារពាក់ព័ន្ធទាំងអស់ ដែលជាប់ទាក់ទងក្នុងការវាស់វែងដីនេះ ដើម្បីងាយស្រួលក្នុងការវាស់វែង និងធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស»។

ពាក់ព័ន្ធនឹងការជំរុញនេះ លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ បានលើកឡើងថា ក្រោយពីបញ្ចប់វគ្គនេះទៅ គណៈកម្មការរដ្ឋបាល ពិតជាទទួលបាននូវចំណេះដឹង និងចូលរួមសហការល្អលើការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ មានប្រសិទ្ធិភាព និងតម្លាភាព។លោកក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់នៃស្រុកកោះធំ ត្រូវធ្វើការផ្សព្វផ្សាយដល់ពលរដ្ឋត្រូវកំណត់ឱ្យបានច្បាស់លាស់ត្រឹមត្រូវនៅព្រំប្រទល់ដីជាមួយអ្នកជិតខាង និងបោះបង្គោលឱ្យរឹងមាំផងដែរ។

ទន្ទឹមគ្នានេះដែរ លោក មាន ដាវីន អភិបាលរងក្រុងសំពៅពូន ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង លើការងារចុះបញ្ជីដីធ្លីនេះដើម្បីចូលរួមចំណែកក្នុងការបង្កើននូវសុវត្តិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាព
ខ្ពស់។ លើសពីនេះ លោកអភិបាលរងក្រុង ក៏បានរំឮកដែរថា៖« សូមគណៈកម្មការរដ្ឋបាលទាំងអស់ ត្រូវពិនិត្យឱ្យបានត្រឹមត្រូវនូវតួលេខដីរដ្ឋ សាលារៀន វត្ត បឹង ព្រែក ដែលមាននៅក្នុងមូលដ្ឋាន ដើម្បីនៅពេលដែលប្រកាសតំបន់វិនិច្ឆ័យក្នុងសង្កាត់ ត្រូវកំណត់ឱ្យច្បាស់លាស់»។

បើតាមមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល គិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកបណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៨៤ លើកស្មើ នឹង ២៦០ ៧៤៥ប័ណ្ណ
ខណៈតាមផែនការដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៣ ខេត្តកណ្តាលនឹងជំរុញអនុវត្តការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋឱ្យបាន ១៦០ ០០០ក្បាលដី៕ ដោយ៖ បូរ ពេជ្យហ្សាលីន

ads banner