អង្គការសុខភាពពិភពលោកកត់ត្រាការវាយប្រហារជាងមួយពាន់លើក លើមណ្ឌលសុខភាពអ៊ុយក្រែនក្នុងកំលុងការឈ្លានពានរបស់រុស្ស៊ី

អ.ស.ប៖ អង្គការសុខភាពពិភពលោក (WHO) បានអះអាងកាលពីថ្ងៃអង្គារថា ខ្លួនបានកត់ត្រាការវាយប្រហារចំនួន ១ ០០៤ លើក លើមណ្ឌលថែទាំសុខភាពក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានទ្រង់ទ្រាយធំកាលពីចុងខែកុម្ភៈឆ្នាំមុន។

ការវាយប្រហារលើមណ្ឌលសុខភាពក្នុងចំនួនដ៏ច្រើនលើសលុបក្នុងរយៈពេល ១៥ ខែមកនេះ បានឆក់យកជីវិតមនុស្សយ៉ាងតិចណាស់ ១០១ នាក់ រួមទាំងក្រុមគ្រូពេទ្យ និងអ្នកជំងឺ ខណៈធ្វើឱ្យជាច្រើននាក់ផ្សេងទៀតរងរបួស។

អ្វីដែលសំខាន់ទៀតនោះគឺថា ការវាយប្រហារលើមណ្ឌលសុខភាពមិនត្រឹមតែធ្វើឱ្យស្លាប់ ឬរងរបួសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ធ្ងន់ធ្ងរផងដែរដល់ការផ្តល់សេវាសុខភាព ការផ្គត់ផ្គង់ផ្សេងៗ សម្ភារៈបរិក្ខារពេទ្យ និងការដឹកជញ្ជូន រួមទាំងរថយន្តសង្គ្រោះបន្ទាន់ ក្នុងប្រទេសអ៊ុយក្រែន។

តាមធម្មតា WHO ចាត់ទុកអំពើហិង្សា ការរារាំង ឬការគំរាមកំហែងដែលរំខានដល់លទ្ធភាពទទួលបានសេវាថែទាំសុខភាព ថាជាការវាយប្រហារ។ ស្ថាប័នដដែលនិយាយថា ការវាយប្រហារបានកាត់ផ្ដាច់សេវាកម្ម ដែលធ្វើឱ្យមានការកើនឡើងនៃជំងឺ និងការស្លាប់ រួមជាមួយនឹងការចុះខ្សោយនៃប្រព័ន្ធសុខាភិបាលរយៈពេលយូរ។

តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសអ៊ុយក្រែនលោកវេជ្ជបណ្ឌិត Jarno Habicht បាននិយាយថា៖ «ការវាយប្រហារគំរាមកំហែងដល់សុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិកសុខាភិបាល និងធ្វើឱ្យប៉ះពាល់ដល់ការថែទាំប្រជាជនដែលរស់នៅជិតតំបន់ជម្លោះ»។ លោកបន្តថា៖ «ការវាយប្រហារលើការថែទាំសុខភាព គឺជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ»។

ទន្ទឹមគ្នានេះលោកវេជ្ជបណ្ឌិត Habicht បានសរសើរការខិតខំប្រឹងប្រែងរបស់បុគ្គលិកសុខាភិបាលអ៊ុយក្រែន ក្នុងការបំពេញការងារប្រកបវីវភាព។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ទោះបីជាមានបញ្ហាប្រឈមដំបូងដោយជំងឺរាតត្បាតកូវីដ-១៩ ហើយសង្រ្គាមអូសបន្លាយរយៈពេលជាង១ឆ្នាំក៏ដោយ ក៏បុគ្គលិកសុខាភិបាលអ៊ុយក្រែននៅតែរឹងមាំ ក្លាហាន និងអត់ធ្មត់ ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីជួយសង្គ្រោះជីវិត និងផ្តល់ការថែទាំដល់អ្នកដែលត្រូវការ»។

គួររំឭកថា WHO បាននិងកំពុងតាមដាន និងឆ្លើយតបទៅនឹងតម្រូវការសុខភាពនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រយុទ្ធគ្នានៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។

យោងតាមប្រព័ន្ធត្រួតពិនិត្យរកធនធាន និងសេវាកម្មសុខាភិបាល (HeRAMS) មណ្ឌលសុខភាពក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត រួមមានតំបន់ឃឺរសុន ហ្សាប៉ូរីចា ខាកៀវ និងដុនណិតស្ក៍ Kherson, Kharkiv, Zaporizhzhia និង Donetsk បានប្រឈមនឹងការលំបាកក្នុងការបំពេញប្រតិបត្តិការ ដោយសារកង្វះសន្តិសុខ និងការខូចខាតរចនាសម្ព័ន្ធ។

បន្ថែមពីនេះ ទិន្នន័យរបស់ WHO បានឱ្យដឹងថា បញ្ហាប្រឈមសំខាន់ៗ រួមមានទាំងការផ្តល់សេវាថែទាំឯកទេស ដូចជាការព្យាបាលដោយប្រើគីមី និងការថតកាំរស្មីអ៊ិច ដោយសារកង្វះបុគ្គលិក និងឧបករណ៍វេជ្ជសាស្ត្រ។ វាក៏មានការលំបាកក្នុងការផ្តល់សេវាសម្រាលកូនប្រកបជំនាញខ្ពស់ នៅក្នុងតំបន់មួយចំនួនផងដែរ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner