ផលិតផលជលផលធម្មជាតិរបស់កម្ពុជា ១២ ប្រភេទ គ្រោងនឹងនាំចេញទៅប្រទេសនាឆ្នាំក្រោយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋបាលជលផលបានឱ្យដឹងថា ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១២ ប្រភេទ ត្រូវបានអគ្គនាយកដ្ឋានគយនៃប្រទេសចិន សម្រេចចុះបញ្ជីដោយជោគជ័យក្នុងប្រព័ន្ធ ដើម្បីអនុញ្ញាតឱ្យនាំចូលទីផ្សារប្រទេសចិន បន្ទាប់ពីបានចុះហត្ថលេខាលើពិធីសារជាផ្លូវការកាលពីខែវិច្ឆកា ឆ្នាំ២០២២។

លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣១ ខែឧសភាថា នេះជាដំណឹងល្អថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងការជំរុញផលិតផលជលផលរបស់ខ្លួនទៅកាន់ទីផ្សារចិន។

លោកបានប្រាប់ថា ផលិតផលជលផលធម្មជាតិទាំងនោះរួមមាន៖ ត្រីធម្មជាតិ (ត្រីប្រា ត្រីពោរ) បង្គាខ្លឹង បង្គារប៉ារ៉ា អន្ទង់ស្រែ ខ្យង និងកំពឹស ជាដើម ដោយក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation គឺអ្នកនាំចេញផលិតផលជលផលធម្មជាតិ ចំនួន ១២ ប្រភេទទៅកាន់ប្រទេសចិន។

លោកបានបន្ថែមថា តាមពិតទៅភាគីចិន និងកម្ពុជា បានចុះហត្ថលេខាជាមួយគ្នា លើពិធីសារស្តីពីការត្រួតពិនិត្យផលិតផលជលផលធម្មជាតិ សម្រាប់ការនាំចេញផលិតទាំងនេះទៅប្រទេសចិនតាំងខែវិច្ឆិកា ឆ្នាំ២០២២មកម៉្លេះ ខណៈការចុះបញ្ជីក្រុមហ៊ុនសម្រាប់នាំចេញមានការយឺតយ៉ាវខ្លះ ទើបតែអគ្គនាយកដ្ឋានគយនៃសាធារណរដ្ឋប្រជាមានិតចិនអនុញ្ញាតកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។

ចំពោះការយឺតយ៉ាវនេះ លោកអនុប្រធានរដ្ឋបាលជលផល បានបញ្ជាក់ដូច្នេះថា ៖ «យើងមិនទាន់អាចដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ ប៉ុន្តែបើតាមការសន្មតរបស់ខ្ញុំអាចថា ដោយសារយើងនៅថ្មីចំពោះការចុះបញ្ជីជាលើកដំបូង ដូចនេះមានបទពិសោធតិចនៅឡើយ ខណៈខាងភាគីគយអាចនឹងត្រូវការពិនិត្យឱ្យបានច្បាស់មុននឹងអនុញ្ញាឱ្យនាំចេញទៅចិន»។

ទោះជាយ៉ាងណាក៏ដោយ លោក ខូវ គួង អះអាងថា ខាងកម្ពុជា មិនទាន់ដឹងច្បាស់ពីមូលហេតុនៃការយឺតយ៉ាវនេះនៅឡើយទេ ដោយខាងជលផលនិងភាគីចិន គ្រោងនឹងជួបប្រជុំពិភាក្សាគ្នាក្នុងពេលឆាប់នេះ ដើម្បីស្វែងរកដំណោះស្រាយ ជុំវិញបញ្ហានេះ ដើម្បីអាចឱ្យកម្ពុជាកែប្រែ និងជំរុញការចុះបញ្ជីផលិតផលផ្សេងទៀតឱ្យបានលឿន គ្មានឧបសគ្គ។

លោក ហេង ម៉េងទី ជំនួយការប្រធានក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation បានប្រាប់ឱ្យដឹងនៅថ្ងទី៣១ ខែឧសភានេះដែរថា ដោយសារតែអគ្គរដ្ឋបាលគយចិន ទើបតែអនុញ្ញាត ចំពេលដែលកម្ពុជា បិទរដូវនេសាទទៅហើយ។ ដូចនេះ ការនាំចេញអាចនឹងធ្វើឡើងនៅដើមឆ្នាំក្រោយ ដោយផលិតផលនាំចេញដំបូងគេទៅកាន់ប្រទេសចិន គឺជាកំពឹសធម្មជាតិ។

លោកបានបន្ថែមថា អ្វីដែលក្រុមហ៊ុនបានស្នើទៅខាងភាគីចិន ជាប្រភេទជលផលធម្មជាតិ ប៉ុន្តែមានផលិតផលធម្មជាតិខ្លះ មិនអាចផ្គត់ផ្គង់គ្រប់តម្រូវការបានដូចជាត្រីប្រា ត្រីពោរជាដើម ដែលអាចនឹងនាំចេញជាប្រភេទត្រីចិញ្ចឹមខ្លះដែរ។

លោក ហេង ម៉េងទី បានថ្លែងថា ៖ «ដូចយើងដឹងស្រាប់ហើយថា ផលិតផលធម្មជាតិ មិនមែនចេះតែអាចមានគ្រប់ពេលនោះទេ ដូចនេះការនាំចេញមិនអាចបានតាមការកំណត់របស់យើងទេ ប៉ុន្តែយើងបានស្នើសុំទៅខាងភាគីចិនថា ក្នុងផលិតផលមួយមុខអាចនាំចេញចន្លោះ ៣០០ ទៅ ១ ០០០ តោន ទៅតាមផលិតផលនីមួយៗ សម្រាប់រយៈពេល៥ឆ្នាំ»។

លោក ហេង ម៉េងទី អះអាងដែរថា នៅពេលដែលក្រុមហ៊ុនមានលទ្ធភាពក្នុងការប្រមូលទិញ បានច្រើន និងមានលទ្ធភាពក្នុងការនាំចេញបានច្រើនជាងនេះ ក្រោយចប់រយៈពេលប្រាំឆ្នាំ ក្រុមហ៊ុន នឹងស្នើសុំបង្កើនបរិមាណនាំចេញបន្ថែមទៀត។

យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្មចិន អគ្គនាយកដ្ឋានគយចិន បានធ្វើបច្ចុប្បន្នភាព ព័ត៌មានការចុះឈ្មោះសហគ្រាសផលិតចំណីអាហារនាំចូលពីបរទេស ដោយអនុញ្ញាតឱ្យសហគ្រាសនាំចេញផលិតផលជលផលដំបូងបង្អស់របស់កម្ពុជា ដែលបានឆ្លងកាត់ការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានគយ និងបានចុះបញ្ជីដោយជោគជ័យក្នុងប្រព័ន្ធ។

រហូតមកដល់ពេលនេះ ផលិតផលជលផលធម្មជាតិកម្ពុជា បានបញ្ចប់នីតិវិធីចុងក្រោយនៃការនាំចេញទៅកាន់ប្រទេសចិន ដែលអាចសម្រេចបាននូវពាណិជ្ជកម្មក្នុងការនាំចេញទៅកាន់ប្រទេសចិន៕ ដោយ៖ វណ្ណ សុជាតា

ads banner