សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០ នៅសិង្ហបុរី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទទៅចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខលើកទី២០ នៅប្រទេសសិង្ហបុរី នាដើមខែមិថុនាខាងមុខនេះ។

កិច្ចប្រជុំនេះ អាចនឹងលើកឡើងពីបញ្ហាឥណ្ឌូប៉ាស៊ីហ្វិក ភាពជាដៃគូថ្មី ការអភិវឌ្ឍន៍គំរូសម្រាប់សន្តិសុខជាដើម ដែលមានការចូលរួមបណ្តាមេដឹកនាំយោធាក្នុងតំបន់អាស៊ី និងបណ្តាប្រទេសធំៗ ក្នុងនោះមានភាគីសហរដ្ឋអាមរិក និងចិនផង។

ការចូលរួមប្រជុំរបស់ភាគីកម្ពុជានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកបណ្ឌិត ចន ឈីបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្រ្ត(IISS) ដែលជាអ្នករៀបចំកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០ ឬកិច្ចសន្ទនាសាំងហ្គីឡា(Shangri-La Dialogue) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី ៤ ខែមិថុនា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី៣០ ខែឧសភា។

ប្រភពដដែលបានឱ្យដឹងថា កិច្ចប្រជុំកំពូលនៅឆ្នាំ២០២៣ នេះ នឹងមានកិច្ចពិភាក្សាក្នុងសម័យប្រជុំពេញអង្គលើប្រធានបទសំខាន់ៗ ដូចជា បញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក ភាពជាដៃគូថ្មី ការអភិវឌ្ឍគំរូសម្រាប់សន្តិសុខ ព្រមទាំងកិច្ចពិភាក្សាតូចៗក្នុងសម័យប្រជុំពិសេសពាក់ព័ន្ធនឹងសន្តិសុខប្រព័ន្ធអ៊ីនធឺណិត ការអភិវឌ្ឍសមត្ថភាពយោធា ការធ្វើសមតុល្យភាពក្នុងតំបន់ ជាដើម។

ក្នុងកិច្ចប្រជុំលើវិស័យោធានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងធ្វើសេចក្តីថ្លែងការណ៍នៅសម័យប្រជុំពេញអង្គទី៧ស្តីពី «ការអភិវឌ្ឍន៍គំរូសម្រាប់សន្តិសុខប្រកបដោយសហប្រតិបត្តិការ» ផងដែរ ដោយផ្តោតលើបញ្ហាប្រឈមនានាដែលអាចកើតឡើងចេញពីការអភិវឌ្ឍន៍វិស័យយោធាយ៉ាងលឿនក្នុងតំបន់ និងមុខងារដែលមានសមត្ថភាពថ្មីៗទាំងនេះ អាចដើរតួនាទីក្នុងការរក្សាតុល្យភាព ស្ថិរភាពតំបន់។

ក្រៅពីកិច្ចប្រជុំកំពូលនេះសម្ដេចពិជ័យសេនា ទៀ បាញ់ នឹងមានជំនួបទ្វេភាគី ជាមួយនឹងរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសមួយចំនួនដូចជា អូស្រ្តាលី សិង្ហបុរី និងចិន ព្រមទាំងទទួលជួបសម្តែងការគួរសមជាមួយឥស្សរជនសំខាន់ៗប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងមានកិច្ចប្រជុំរួមមួយផងដែរ ជាមួយនឹងបណ្តារដ្ឋមន្ត្រីការពារជាតិនៃតំបន់អាស៊ានមួយចំនួនផងដែរ កំលុងនៃកិច្ចសន្ទនាសាំងហ្គីឡានេះ។

សូមជម្រាបជូនដែរថា កិច្ចសន្ទនា អាយអាយអេសអេស សាំងហ្គីឡា(IISS Shangri-La) របស់វិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្រ្ត ជាកិច្ចប្រជុំកំពូលផ្នែកការពារជាតិរបស់អាស៊ី ដែលជាវេទិកាតែមួយគត់ ដែលប្រមូលផ្តុំដោយបណ្តារដ្ឋមន្ត្រីការពារជាតិក្នុងតំបន់ មកជួបជុំពិភាក្សាពីបញ្ហាប្រឈមនានាផ្នែកសន្តិសុខដែលកំពុងមានភាពតានតឹងក្នុងតំបន់ និងជាអាចធ្វើកិច្ចពិភាក្សាទ្វេភាគីនានាផង ក្នុងគោលដៅបង្កើតវិធីសាស្រ្តថ្មីៗរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមដែលចោទឡើង។

ពាក់ព័ន្ធនឹងបញ្ហានេះ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងថា កិច្ចសន្ទនាសាំងហ្គីឡា ជាវេទិកាដ៏សំខាន់ក្នុងវិស័យសន្តិសុខដែលមានការចូលរួមពីបណ្តាមេដឹកនាំ និងបញ្ញាវន្តក្នុងតំបន់ និងប្រទេសធំៗ លើកឡើងពីបញ្ហាប្រឈម និងបញ្ហាសំខាន់ផ្នែកយោធា។

លោក គិន ភា សង្កត់ធ្ងន់ថា វេទិកានេះអាចដើរតួនាទីសំខាន់ក្នុងការនាំយកមកដំណោះស្រាយដើម្បីគោលដៅស្វែងរកសន្តិភាព ស្ថិរភាព ក្នុងតំបន់ពិភពលោក ប៉ុន្តែលោកខ្លាចក្រែងគេប្រើវេទិកានេះដើម្បីវាយប្រហារគ្នា បង្កកម្តៅដាក់គ្នា ពាក់ព័ន្ធបញ្ហាសន្តិសុខ ដែលអាចនាំមកអស្ថិរភាពតំបន់ ដែលគេគួរចៀសវាង។

លោកបណ្ឌិតបន្តថា ជាទូទៅ កម្ពុជាតែងផ្តល់ទស្សនទានសន្តិភាពនិយម តែងប្រាថ្នាចង់ឃើញស្ថិរភាពក្នុងតំបន់ ក៏ដូចជាពិភពលោក ព្រោះប្រទេសតូចដូចកម្ពុជាមិនចង់ឃើញការប្រកួតប្រជែងដែលអាចបង្កហានិភ័យទៅដល់សន្តិសុខ និងស្ថិរភាពនោះទេ។

ជាទស្សនៈផ្ទាល់ខ្លួន បណ្ឌិត គិន ភា យល់ថា បញ្ហាប្រកួតប្រជែងឥទ្ធិពលចិន និងសហរដ្ឋអាមេរិក នឹងអាចជាប្រធានបទក្តៅក្នុងជំនូបកំពូលសន្តិសុខលើកទី២០ នេះ ពិសេសសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ក្រៅពីនេះ អាចមានការលើកឡើងពីវិបត្តិរុស្ស៊ី-អ៊ុយក្រែន វិបត្តិកោះតៃវ៉ាន់ និងបញ្ហាមិនមែនប្រពៃណីតួយ៉ាង វិបត្តិអាកាសធាតុ បញ្ហាអន្តោប្រវេសន៍ បញ្ហាភេរវកម្មជាដើម។

យោងតាម គេហទំព័រ IISS នៅថ្ងៃទី៣០ ខែឧសភា លោក Evan A. Laksmana អ្នកស្រាវជ្រាវរបស់វិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្រ្ត (IISS) បានលើកឡើងថា ក្នុងកិច្ចសន្ទនាសាំងហ្គីឡា មេដឹកនាំយោធាអាស៊ាននឹងស្វែងរកតុល្យភាពរវាងឥទ្ធិពលចិន និងសហរដ្ឋអាមេរិក ហើយចង់ឲ្យក្រុងវ៉ាស៊ីនតោន និងប៉េកាំង បើកលំហទំនាក់ទំនងឲ្យប្រសើរឡើងវិញដែលជារឿងពិបាកទៅរូច។

លោកយល់ថា ភាគីអាស៊ានអាចនឹងសង្កត់ធ្ងន់លើតម្រូវការរបស់ភាគីចូលរួម ដើម្បីកែលម្អសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ។

សូមរំឭកថា កាលពីឆ្នាំ២០២២ ក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ បានលើកឡើងពីប្រធានបទសំខាន់ចំនួនប្រាំពីរ ដូចជា ជំហានបន្ទាប់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក, ការគ្រប់គ្រងការប្រកួ តប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ពហុប៉ូល, ការបង្កើតទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការសន្តិសុខ…ជាដើម។

ក្នុងកិច្ចប្រជុំទី១៩នោះសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងនូវសេចក្តីថ្លែងការណ៍ស្តីពី «ទំនើបកម្មយោធា និងសមត្ថភាពការពារជាតិថ្មីៗ» ផងដែរ ដោយផ្តោតលើបញ្ហាប្រឈមនានា ដែលអាចបង្កឡើងដោយការអភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ ខណៈឆ្នាំនោះ កម្ពុជាជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner