ក្រសួងវប្បធម៌៖ មហោស្រពភាពយន្តអន្តរជាតិឆ្នាំ២០២៣ រួមចំណែកជួយអភិវឌ្ឍឧស្សាហកម្មភាពយន្តកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣នេះ ជាការជួយជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តភាពយន្តកម្ពុជាឱ្យមានការវិវត្តរីកចម្រើនកាន់តែខ្លាំងថែមទៀត។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

ប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ថ្លែងក្នុងឱកាសនេះលោកជំទាវរដ្ឋមន្រ្តីបានបញ្ជាក់ថាការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជានាពេលនេះ គឺជាការជួយជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជា ពិសេសរួមចំណែកដល់ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ របស់កម្ពុជាផងដែរ។

លោកជំទាវ ភឿង សកុណា បានបន្តថា មហោស្រពនេះ ក៏បានបង្ហាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី អរូបី និងសម្បត្តិ ធម្មជាតិកម្ពុជា ទៅកាន់ពិភពលោក និងការផ្ដល់ឱកាសដល់អ្នកអាជីពក្នុងវិស័យភាពយន្ត ចែករំលែកបទពិសោធន៍ផ្លាស់ប្តូរយោបល់គ្នា រកចំណុចខ្លាំង ចំណុចខ្សោយ បង្កើនគុណភាពភាពយន្តកម្ពុជា ដើម្បីអាចប្រកួតប្រជែងទីផ្សារភាពយន្ត ក្នុងតំបន់ ព្រមទាំងប្រែក្លាយកម្ពុជាជាដែនដីនៃការថតភាពយន្តជាតិ និងបរទេសថែមទៀត។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ ក៏បានរំលេចដែរថា ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ ការវិវត្តរីកចម្រើននៃវិស័យភាពយន្តនៅកម្ពុជា បានឆ្លងកាត់ដំណាក់កាលជាច្រើន ដែលធ្វើឱ្យមានក្តីមោទនៈផង និងភាពលំបាករាប់មិនអស់ផងដែរ។ការប្រឹងប្រែងរបស់ក្រសួងវប្បធម៌ ព្រមទាំងស្ថាប័នពាក់ព័ន្ធ រួមនឹងឆន្ទៈដ៏មោះ មុតរបស់ផលិតករ អាជីវករ ដែលប្រកបរបរទទួលទានក្នុងវិស័យភាពយន្ត ពិតជាបានរួមចំណែកជំរុញកំណើនផលិតផល ស្នាដៃភាពយន្ត និងធ្វើឱ្យបរិយាសកាននៃឧស្សាហកម្ម ភាពយន្តកាន់តែមានភាពល្អប្រសើរ។

ពាក់ព័ន្ធនឹងការរៀបចំមហោស្រពនេះដែរ តារាចម្រៀងលោក អ៊ួន បឋម ហៅ សាយ បានលើកឡើងតាមទំព័រហ្វេសប៊ុកផ្ទាល់របស់លោកថា លោកពិតជាមានអារម្មណ៍រំភើប និងរីករាយដែលក្លាយជាចំណែកមួយនៃមហោស្រពដ៏អស្ចារ្យមួយនេះ ខណៈលោកថា លោកក៏មានភាពយន្តផ្ទាល់ខ្លួនខ្លីពីកម្មវិធី RUN WITH SAI 2408 ដែលនឹងចាក់បញ្ចាំងនៅ អូឡាំព្យាម៉លជាន់ផ្ទាល់ដីផងដែរ។

ជាមួយគ្នានេះ លោកក៏សូមសំណូមពរដល់សារធារណជនទាំងអស់ចូលរួមទស្សនាមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣ ដើម្បីចូលរួមគាំទ្រ និងលើកកម្ពស់វិស័យភាពយន្តជាតិ និងអន្តរជាតិបន្ថែមទៀត។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងដែរថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅរោងភាពយន្ត ឡេជេន (Legend Cinema) ដោយបាននាំយកភាពយន្តជាតិ អន្តរជាតិជិត២០០ចំណងជើង ចាក់ជូនទស្សនាដោយឥតគិតថ្លៃ នៅតាមបណ្តារោងភាពយន្តធំៗ និងទីកន្លែងពិសេសៗមួយចំនួនទៀត ក្នុងទីក្រុងភ្នំពេញ៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner