សហភាពសហព័ន្ធយុវជនកម្ពុជាបណ្តុះបណ្ដាលជនបង្គោលរបស់ខ្លួន ដើម្បីត្រៀមចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «អ្នកសង្កេតការណ៍បោះឆ្នោ ត» សម្រាប់ជនបង្គោលរបស់ ស.ស.យ.ក. រាជធានី-ខេត្ត ប្រមាណ ៣៥០នាក់ ដើម្បីត្រៀមចូលរួមសង្កេតការណ៍បោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣ ខាងមុខនេះ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែឧសភា ដើម្បីផ្តល់ឱ្យជនបង្គោលរាជធានី-ខេត្ត ប្រមាណ ៣៥៣ នាក់ ដែលទទួលបន្ទុកអនុវត្ត «យុទ្ធនាការពលរដ្ឋល្អ» ទទួលបានបទពិសោធល្អៗ ពង្រឹងចំណេះដឹងបន្ថែម និងទទួលបានសមត្ថភាពពេញលេញក្នុងការបំពេញភារកិច្ចខ្លួន ក៏ដូចជារៀបចំវគ្គបណ្តុះបណ្តាលបន្តនៅតាមមូលដ្ឋានរៀងៗខ្លួនផងដែរ។

វគ្គបណ្តុះបណ្តាល នេះ មានការធ្វើបទបង្ហាញលើប្រធានបទសំខាន់ចំនួនបួន រួមជាមួយនឹងការពិភាក្សាតាមក្រុមតូចៗ លើករណីសិក្សា ដែលបានតាក់តែងឡើងដោយមន្ត្រីជំនាញបច្ចេកទេស និងសម្របសម្រួលដោយ ក្រុមការងារទទួលបន្ទុកអនុវត្ត «យុទ្ធនាការពលរដ្ឋល្អ» ផងដែរ។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឯកឧត្តម ហ៊ុន ម៉ានី ដែលអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះមានប្រសាសន៍ថា «យុទ្ធនាការពលរដ្ឋល្អ» គឺជាការចូលរួមចំណែកដ៏សំខាន់របស់ ស.ស.យ.ក. ក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ យុទ្ធ នាការពលរដ្ឋល្អនេះ ក៏ជាមូលដ្ឋានយ៉ាងសំខាន់ ដែលអនុញ្ញាតឱ្យ ស.ស.យ.ក. ចូលរួមចំ ណែ កការពារលទ្ធផលបោះឆ្នោត ដែលផ្សារភ្ជាប់មិនអាចផ្តាច់បានទៅនឹងនិរន្តរភាព និងការអភិវឌ្ឍសង្គមជាតិតទៅមុខ»។

លោក សោម រតនា សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីឆ្លើយតបផែនការយុទ្ធសាស្រ្តរបបស់ ស.ស.យ.ក ដែលបានអនុម័តក្នុងឆ្នាំ ២០១៨ ដែលជាផែនការយុទ្ធសាស្រ្តយុវជនក្នុងបុព្វហេតុមាតុភូមិ ដែលក្នុងនោះគឺសសរស្ដម្ភ ទី៩។

លោកបន្តថា ផែនការយុទ្ធសាស្រ្តនេះ គឺមាន យុទ្ធនាការពលរដ្ឋល្អ មួយដែលនៅក្នុងនោះ ស.ស.យ.ក. បានជំរុញឱ្យសមាជិកសមាជិការបស់ខ្លួនចូលរួមនៅក្នុងដំណើរការនៃការបោះឆ្នោតជាបន្តបន្ទាប់ ដែលកន្លងមកសមាជិក ស.ស.យ.ក ធ្លាប់បានចូលរួមសង្កេតការណ៍បោះឆោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០២២។

លោក សោម រតនា បន្ថែមថា ដូច្នេះការរៀបចំសិក្ខាសាលានេះ ដើម្បីត្រៀមឱ្យសមាជិក ស.ស.យ.ក ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ ២០២៣ ខាងមុខ។

លោកបន្តថា គោលបំណងនៃសិក្ខាសាលានេះដើម្បីឱ្យជនបង្គោលយើងទាំងអស់បានយល់ពីទួនាទីរបស់ខ្លួន និងធានាថាពួកគាត់នឹងបានចូលរួមសង្កេតការណ៍នៅតាមគ្រប់ការិយាល័យបោះឆ្នោត ដែលគាត់អាចឃ្លាំមើលដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោត ដើម្បីធានាថាមិនឱ្យមានបញ្ហាប្រឈមផ្សេងៗកើតឡើង។

លោកបញ្ជាក់បន្ថែមថា គោលបំណងសំខាន់មួយទៀត ធ្វើយ៉ាងណាឱ្យការចូលរួមទាំងអស់គ្នា គឺអាចធានាបាននូវភាពយុត្តិធម៌ ត្រឹមត្រូវ និងបញ្ជ្រាបព័ត៌មានពីនីតិវិធីនៃការដាក់ពាក្យ និងទទួលពាក្យបណ្តឹងផងដែរ។

ពាក់ព័ន្ធការបណ្តុះបណ្តាលនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯកឧត្តម ហង្ស ពុទ្ធា មានប្រ សា សន៍ថា ដំណើរការបោះឆ្នោតដែលមានការចូលរួមរបស់អ្នកសង្កេតការណ៍ ទោះបីជាអ្នកសង្កេតការណ៍ជាតិ ឬអន្តរជាតិ ឬក៏ជាភ្ញៀវពិសេស គឺជាសាក្សីរស់ដ៏សំខាន់ ដែលតាមឃ្លាំមើល និងសង្កេតការណ៍លើដំណើរការបោះឆ្នោតទាំងមូល។

ខណៈការបោះឆ្នោតខិតជិតមកដល់នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ ស្ថាប័ន គ.ជ.ប ក៏នឹងរៀបចំវគ្គបណ្តុះ បណ្តាលជូនគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ស្តីពី ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការ បោះឆ្នោត រយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ខែមិថុនា ខាងមុខនេះ៕ ដោយ៖ ទិត្យ រានុពិចិត្រ

ads banner