ឯកឧត្តម សុខ សូកាន បានថែ្លងថា សំណង់ព្រះវិហារដ៏ធំស្កឹមស្កៃនិងថ្មីស្រឡាងនេះគឺជាមរតកនៃសន្តិភាពក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុនសែន

ខេត្តតាកែវ ៖ នៅវត្តគិរីគង្គារ (ហៅវត្តបួរ) ស្ថិតនៅភូមិបួរ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ មានរៀបចំពិធីកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានារយះពេលចំនួន៤ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមិថុនា ក្រោមវត្តមាន ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ និងឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ ។

គួររំលឹកផងដែរថា នៅវត្តគិរីគង្គារ (ហៅវត្តបួរ) បានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ដោយមានពិធីសាសនាជាច្រើន អមជាមួយដោយការសម្តែងល្ខោនបាសាក់ ការប្រគុំតន្ត្រី ការបាញ់កាំជ្រួច និងការបង្ហោះគោម ជាដើម។ វត្តគិរីគង្គា ហៅវត្តបួរ ដែលមានទីតាំងលើកំពូលភ្នំបួរ គឺជាវត្តមួយក្នុងចំណោមវត្តទាំង៤៩ ក្នុងស្រុកគិរីវង់ ដែលត្រូវបានកសាងឡើងតាំងពីឆ្នាំ១៧៧៧ មកម៉្លេះ។ នៅក្នុងកំលុងឆ្នាំ ២០០៨ ក្រោយពីបានមើលឃើញទីអារាមនេះមានព្រះវិហារចាស់តូចមួយ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង សម្ដេចវិបុលបញ្ញា សុខ អាន បានចាត់ឱ្យ ឯកឧត្ដម លី ប្រុស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃរំដេង, លោកឧកញ៉ា វង្ស ឈាន និង លោកជំទាវ សុខ ណៃ ដឹកនាំលោកអាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តចំនួនពីរ គឺ ភូមិបួរ និងភូមិត្រពាំងជ័យ រៀបចំកសាងនូវព្រះវិហារថ្មីមួយឡើង នៅលើកំពូលភ្នំបួរ ឱ្យធំស័ក្តិសមនឹងតេជៈបារមីដ៏ខ្លាំងក្លានៃអារាមគិរីគង្គារនេះ ព្រមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទាំងក្នុងទីតាំងវត្ត និងជុំវិញវត្តទាំងអស់ ចាប់ផ្តើមពីឆ្នាំ២០១០ ហើយបានសាងសង់រួចរាល់ស្ថាពរកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

ឯកឧត្តម សុខ សូកាន បានថែ្លងថា សំណង់ព្រះវិហារដ៏ធំស្កឹមស្កៃនិងថ្មីស្រឡាង ព្រមទាំងសមិទ្ធផលនានា នៅវត្តគិរីគង្គារ (ហៅវត្តបួរ) គឺជានិមិត្តរូបនៃការរួបរួមកម្លាំងសាមគ្គី ការលះបង់ដ៏ធំធេង ទាំងពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួន ដើម្បីកសាងសមិទ្ធផលរួមគ្នា បន្តពីមួយជំនាន់ទៅមួយជំនាន់ សម្រាប់កូនចៅរបស់យើងជំនាន់ក្រោយៗទៀត។ សមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ គឺពិតជាបានឆ្លុះបញ្ចាំងនូវកត្តាសត្យានុម័តចំនួន ៣៖

ទី ១ គឺបានបង្ហាញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលផ្តល់សិទ្ធិយ៉ាងទូលាយជូនប្រជាជន ក្នុងការប្រតិបត្តិសាសនា និងធ្វើឱ្យមានសុខដុមនីយកម្មសាសនាពេញផ្ទៃប្រទេស។

ទី២ គឺបានបង្ហាញឱ្យឃើញអំពីការរីកចម្រើនជីវភាពរបស់ប្រជាពលរដ្ឋ។

ទី៣ គឺបង្ហាញអំពីទំនាក់ទំនងជាប់មិនដាច់រវាងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ក្នុងន័យនេះគឺមានតែការដឹកនាំផ្នែកអាណាចក្រឱ្យបានត្រឹមត្រូវប្រកបដោយសន្តិភាព សន្ដិសុខ និងការរីកចម្រើននោះទេ ទើបធ្វើឱ្យផ្នែកពុទ្ធចក្រមានការអភិវឌ្ឍនិងរីកចម្រើនថ្កុំថ្កើនទៅមុខជាមួយគ្នា។

ឯកឧត្តម ប្រធានក្រុមការងារបានបញ្ជាក់ថាសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាស្ថាបនិក មគ្គុទ្ទេសក៏ឯក ប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ដោយបានរំលាយនូវអង្គការចាត់តាំងនយោបាយនិងយោធា ប៉ុល ពត ហើយបាននាំមកនូវសន្តិភាព ការឯកភាពទឹកដីពេញលេញ ពេញផ្ទៃប្រទេស ដែលនេះជាកិច្ចការ អច្ឆរិយៈសម្រាប់ព្រះរាជាណាចក្រកម្ពុជាផង និងសម្រាប់ជាការដកពិសោធន៍ពីបណ្ដាប្រទេសដទៃផង។ តាមរយៈមូលដ្ឋានគ្រឹះនៃសន្តិភាពពេញលេញ ពេញផ្ទៃប្រទេសនេះ បានបង្កលក្ខណៈឱ្យមានកំណើនសេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ជាពិសេសចុងក្រោយនេះ កិត្យានុភាពជាតិកាន់តែលើកកម្ពស់លើឆាកអន្តរជាតិ តាមរយៈការរៀប ចំកិច្ចប្រជុំ កំពូល អាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត និងការរៀបចំ ព្រឹត្តិការណ៍ប្រ កួត កីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ាន ប៉ារ៉ា ហ្គេម លើក១២ ដ៏អស្ចារ្យ ៕ ដោយ ៖ អ៊ិត រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner