គជប បានបញ្ចប់វគ្គបណ្តុះបណ្តាលដល់សិក្ខាកាមចំនួន ៦០នាក់ ដោយបានយល់ដឹងពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត
ភ្នំពេញ៖ សិក្ខាកាមចំនួន ៦០រូប ក្នុងនោះស្ត្រី ១៥រូប បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
ពិធីបិទសិក្ខាសាលានេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។ សិក្ខាសាលានេះបានរៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ។
ឯកឧត្តមម ទេព នីថា បានមានប្រសាន៍ថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាលរបស់នាយកដ្ឋានជំនាញ ឃើញថា សិក្ខាកាមទាំងអស់មានការយល់ដឹងអំពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតល្អប្រសើរ ដែលកត្តានេះបានបង្ហាញពីភាពវិជ្ជមានសម្រាប់គ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ដែលមានភារកិច្ចត្រូវអនុវត្ត និងផ្ដល់ការបណ្ដុះបណ្ដាលបន្តដល់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធឱ្យមានការយល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីនីតិវិធីនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ដើម្បីចូលរួមសហការ និងអនុវត្តតាមភារកិច្ចរៀងខ្លួន សំដៅជំរុញ និងធានាឱ្យការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទទួលបានជោគជ័យ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងច្បាប់ស្តីពីការបោះឆ្នោតជាធរមាន។
ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយទៀត គ.ជ.ប តែងតែបានរៀបចំ សន្និបាតបូកសរុបការងារបោះឆ្នោត ដើម្បីពិភាក្សាជាមួយតួអង្គសំខាន់ៗពាក់ព័ន្ធនឹងការបោះឆ្នោត ដែលរួមមានមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្រសួងស្ថាប័នជាតិពាក់ព័ន្ធ អាជ្ញាធរ ដែនដី តំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជំនាញការបរទេស ដើម្បីកំណត់បញ្ហាប្រឈម និងរកដំណោះស្រាយសមស្របដើម្បីធ្វើការកែលម្អ និងកែទម្រង់ការងារបច្ចេកទេសបោះឆ្នោត ឱ្យកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងតម្លាភាព ។
អគ្គលេខាគជបបានបញ្ជាក់ថា គ្រប់នីតិកាលនៃការបោះឆ្នោត និងគ្រប់ដំណាក់កាលនៃការបោះឆ្នោត គ.ជ.ប តែងតែយកចិត្តទុកដាក់លើការងារកសាង និងពង្រឹងសមត្ថភាពមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធអំពីនីតិវិធីដែលត្រូវអនុវត្ត តាមរយៈការបើកវគ្គបណ្តុះបណ្តាលនៅគ្រប់កម្រិត ដែលរួមមានវគ្គបណ្តុះបណ្តាលនៅថ្នាក់ គ.ជ.ប វគ្គបណ្តុះបណ្តាលបន្តនៅថ្នាក់រាជធានី ខេត្ត នៅតាមមណ្ឌលប្រមូលផ្តុំតាមក្រុង ស្រុក ខណ្ឌ និងនៅថ្នាក់ឃុំ សង្កាត់ ៕ ដោយ-រ៉ាវុធ