រដ្ឋមន្ត្រីក្រសួងការងារ និងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ពិភាក្សាការងារពាក់ព័ន្ធវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តម ចាស្ទីន ខេវីន វ្យ៉ាត់ (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា ភាគីទាំងពីរបានពិភាក្សាលើចំណុចមួយចំនួនពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កិច្ចពិភាក្សានេះធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានរំលឹកឡើងវិញនូវទំនាក់ទំនងការទូតល្អជាយូរមកហើយរវាងកម្ពុជា-អូស្រ្តាលី ដោយបានប្រារព្ធខួបអនុស្សាវរីយ៍៧០ឆ្នាំ កាលពីឆ្នាំមុន ពិតជាបានធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារដ្ឋាភិបាលកម្ពុជា-អូស្រ្តាលី មានភាពស្និទស្នាល បង្កើនចំណងទាក់ទងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់នូវជំនួយជាថវិកា និងបច្ចេកទេសដល់កម្ពុជា តាមរយៈគម្រោង ILO-Triangle, ASEAN-ACT, គម្រោងទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅកម្ពុជា, ការផ្តល់ជំនួយបច្ចេកទេសក្នុងការដំណើរការដោះស្រាយវិវាទការងាររួមពី Fair Work Commission, និងការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ជាដើម។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី បានលើកឡើងថា ឯកឧត្តមធ្លាប់មកបំពេញបេសកកម្មនៅប្រទេសកម្ពុជាម្ដងរួចមកហើយកាលពីឆ្នាំ២០០០ ហើយនៅឆ្នាំ២០២៣នេះ ឯកឧត្តមក៏ទទួលបានបេសកកម្មជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជានេះម្ដងទៀត។ ឯកឧត្តមមានការភ្ញាក់ផ្អើល និងពិតជាកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងរយៈពេលដ៏ខ្លី ពិសេសលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បន្តការអភិវឌ្ឍគួរឱ្យកត់សម្គាល់ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានថ្លែងទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីថា ដោយសាររាជរដ្ឋាភិបាលកម្ពុជាបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ទើបជំរុញឱ្យមានការអភិវឌ្ឍឈានឡើង ក្នុងនោះវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងសំខាន់។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួង/ស្ថាប័នជាសេនាធិការផ្សេងទៀត រួមសហការរៀបចំគោលនយោបាយជាតិបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានចំនួនសរុប្រមាណ១.៥លាននាក់ ដោយរាជរដ្ឋាភិបាលរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា «ប្រសិនបើការងារនេះជោគជ័យទៅបាន នឹងជួយកាត់បន្ថយគម្លាតរវាងកម្លាំងពលកម្មដែលមានជំនាញ ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ព្រមទាំងជួយលើកកម្ពស់ជីវភាពរបស់យុវជនក្រីក្រទាំងនោះឱ្យកាន់តែប្រសើរជាងមុន»។

ភាគីទាំងពីរក៏បានលើកឡើងពីការផ្ដល់អាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលីដល់និស្សិតកម្ពុជា ខណៈឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីលើការជួយផ្តល់អាហារូបករណ៍នេះដល់យុវជនកម្ពុជា និង បានពិភាក្សាលើការបង្កើតតុលាការការងារ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងលើការដោះស្រាយទំនាស់ ឬការមិនចុះសម្រុងគ្នារវាងនិយោជក និងកម្មករនិយោជិត។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការកាត់បន្ថយ និងឈានទៅដល់ការហាមប្រាម ឬលុបបំបាត់នូវការប្រើប្រាស់សារធាតុអាបេស្តូសនៅកម្ពុជា។ ឯកឧត្តម ចាស្ទីន ខេវិន បានលើកឡើងថា នៅប្រទេសអូស្ត្រាលី សារធាតុអាបេស្តូសនេះគឺបង្កមហន្តរាយច្រើនណាស់ដល់កម្មករនិយោជិត ហើយនៅតែមានជនរងគ្រោះជាច្រើនទៀតដែលប៉ះពាល់សុខភាពដោយសារសារធាតុអាបេស្តូស។

ឆ្លើយតបការលើកឡើងនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា ក្រសួងការងារបាននិងកំពុងខិតខំធ្វើកិច្ចការនេះ ដើម្បីឈានដល់ការហាមប្រាមការប្រើប្រាស់សារធាតុអាបេស្តូសនៅត្រឹមឆ្នាំ២០២៥។ នៅចំពោះមុខ កម្ពុជាកំពុងបញ្ជ្រាបការយលដឹងឱ្យបានច្រើននៅតាមក្រសួង ស្ថាប័ន អង្គការដៃគូ សហគ្រាស សហគមន៍កម្មករនិយោជិតជាដើម។

ទន្ទឹមនិងនេះ ភាគីកម្ពុជា និងភាគីអូស្ត្រាលីក៏បានឯកភាពលើកិច្ចសហការទប់ស្កាត់ការបោកប្រាស់ទាក់ទាញពលករពីកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីផ្នែកកសិកម្ម និងនេសាទ ៕ ដោយ ៖ ហេង វណ្ណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner