ប្រមុខការទូតអាមេរិកកំពុងពិចារណាលើដំណើរទស្សនកិច្ចទៅកាន់ចិន ចំពេលមានភាពតានតឹង
វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន អាចនឹងកំណត់ពេលវេលាឡើងវិញនូវដំណើរទស្សនកិច្ច ដែលបានលុបចោលទៅកាន់ប្រទេសចិនក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ខណៈដែលមហាអំណាចទាំងពីរព្យាយាមកាត់បន្ថយភាពតានតឹងសាជាថ្មី។
ដំបូងឡើយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងខែកុម្ភៈឆ្នាំនេះ ប៉ុន្តែបានលុបចោលការធ្វើដំណើរនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់នូវអ្វីដែលខ្លួនបាននិយាយថា ជាបាឡុងចារកម្មរបស់ចិននៅលើដែនអាកាសរបស់សហរដ្ឋអាមេរិក។
ប៉ុន្តែប្រទេសទាំងពីរបានផ្តល់ការវាយតម្លៃជាវិជ្ជមាន នៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់ទីក្រុងប៉េកាំង ដោយមន្ត្រីជាន់ខ្ពស់អាមេរិក ដែលរួមមានលោក Daniel Kritenbrink អ្នកការទូតកំពូលអាមេរិកប្រចាំតំបន់អាស៊ីបូព៌ា ដែលជាអ្នករៀបចំដំណើរទស្សនកិច្ចរបស់លោក ប្លីងគែន កាលពីមុនផងដែរ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ខើប៊ី បាននិយាយថា កិច្ចពិភាក្សានាពេលថ្មីៗនេះនៅទីក្រុងប៉េកាំង បានផ្តល់សក្តានុពលសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ប្លីងគែន នាពេលខាងមុខ និង មានប្រយោជន៍ខ្លាំងណាស់។
ភាពតានតឹងបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ទៅលើបញ្ហាជាច្រើន រួមមានទាំងពាណិជ្ជកម្ម និងសន្តិសុខ ដោយសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភថា ចិនកំពុងឆ្ពោះទៅមុខលើការត្រៀមលក្ខណៈ ដើម្បីដណ្តើមយកកោះតៃវ៉ាន់។
ទោះបីជាយ៉ាងណា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីចិន លោក ស៊ី ជីនពីង បានយល់ព្រមធ្វើការ ដើម្បីជៀសវាងការគណនាខុស នៅពេលដែលពួកលោកធ្វើកិច្ចពិភាក្សាយ៉ាងទូលំទូលាយនៅកោះបាលីក្នុងខែវិច្ឆិកា ប៉ុន្តែភាពតានតឹងបានផ្ទុះឡើងជាថ្មីជុំវិញបញ្ហាបាឡុងរបស់ចិនហោះចូលដែនអាកាសអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា