សម្ដេចតេជោ ហ៊ុន សែន៖ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ជាគម្រោងផ្លូវល្បឿនលឿនអាស៊ាន ដែលនឹងផ្ដល់ប្រយោជន៍ច្រើនដល់កម្ពុជា
កណ្ដាល៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវតភ្ជាប់ជាមួយផ្លូវល្បឿនលឿនវៀតណាម ដែលនេះគឺជាគម្រោងផ្លូវល្បឿនលឿនអាស៊ាន ខណៈផ្លូវល្បឿនលឿននេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។
សម្ដេចតេជោ បន្ថែមថា ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ១០ សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តូទិសចរាចរណ៍ (Interchange) ចំនួន ១ កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង ហើយប្រជាពលរដ្ឋនឹងអាចឆ្លងស្ពាននេះដោយមិនគិតថ្លៃ ។
សម្ដេចថា រាជរដ្ឋាភិបាល នឹងចេញប្រាក់ជាង ២៣២លានដុល្លារ ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បន្ទាប់ការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ថ្ងៃនេះ រាជរដ្ឋាភិបាលនឹងចុះហត្ថលេខាលើគម្រោងផ្លូវល្បឿនលឿនសៀមរាប-ប៉ោយប៉ែត ផងដែរ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដូច្នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅព្រឹក ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាផងដែរ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ