សម្ដេចតេជោ ហ៊ុន សែន៖ ៥០ឆ្នាំក្រោយ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-បារិត នឹងគ្រប់គ្រងដោយកម្ពុជាវិញ
កណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ៥០ឆ្នាំក្រោយ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-បារិត នឹងគ្រប់គ្រងដោយកម្ពុជាវិញ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន រួមជាមួយឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចតេជោ បានលើកឡើងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គឺស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដែលប្រទេសចិន បានវិនិយោគ ១០០ភាគរយ ដោយកម្ពុជាមិនបានខ្ចីលុយចិននោះទេ ហើយរាជរដ្ឋាភិបាលបានទាញយកផលប្រយោជន៍នេះ។
សម្ដេចតេជោ ថា ទោះបីចំណូលរបស់កម្ពុជាកើនឡើង ប៉ុន្ដែនិន្នាការសេដកិច្ចសកល គឺកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ និងបញ្ហាប្រឈម ដូច្នេះរាជរដ្ឋាភិបាល មានការប្រុងប្រយ័ត្នខ្លាំងណាស់ក្នុងការប្រើប្រាស់ថវិកាជាតិ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់ភាគីចិន កុំផ្តាច់ជំនួយ បើឆ្ងល់ថា កម្ពុជា ចាយលុយមិនអស់ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បាន ប្រកាសយកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវ៉ាត់ក្រុងទី៣ បន្ថែមទៀត ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ