រកឃើញក្រុមជើងឯក នៃការប្រកួតបាល់ទាត់កុមារ និង យុវជន ISF Grand Championship
ភ្នំពេញ ៖ ការប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Grand Championship វគ្គផ្តាច់ព្រ័ត្រ បានប្រព្រឹត្តទៅលើវាលស្មៅខៀវខ្ចី នៃកីឡដ្ឋាន AIA KMH Park នៅរាជធានីភ្នំពេញ បានបញ្ចប់ហើយ ដោយបានស្វែងរកឃើញក្រុមជើងឯកទៅតាមកម្រិតប្រភេទអាយុនីមួយៗ ។
កម្មវិធីបាល់ទាត់ AIA ISF Grand Championship វគ្គផ្តាច់ព្រ័ត្រនេះ មានក្រុមចំនួន ១២ក្រុម ដែលមាន កីឡាករ កីឡាការនី ចូលរួមសរុបចំនួន ១៤៤នាក់ ដែលសុទ្ធសឹងតែជាក្រុមជើងឯក ក្នុងការប្រកួតវិលជុំប្រចាំរាជធានីភ្នំពេញ និង ខេត្តកំពង់ធំ ទៅតាមប្រភេទអាយុផ្សេងៗដូចជា កុមារា និង កុមារី អាយុក្រោម ១០ឆ្នាំ, កុមារា និង កុមារីអាយុក្រោម ១៤ឆ្នាំ, កុមារាអាយុក្រោម ១៦ឆ្នាំ និង កុមារីអាយុក្រោម១៨ឆ្នាំ ។
អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានលើកឡើងពី សារៈសំខាន់នៃការសហការណ៍គ្នារវាងដៃគូឧបត្ថម្ភរបស់ខ្លួនក្នុង ការរួមចំណែកក្នុងការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា។
ការប្រកួតបាល់ទាត់កម្រិតមូលដ្ឋានដ៏ធំបំផុតនៅកម្ពុជាមួយនេះ បានប្រែខ្លួនជាពន្លកនៃក្តីសង្ឃឹម សំរាប់ប្អូនកីឡាករ កីឡាការិនី ដែលជួបការខ្វះខាត មកបញ្ចេញទេពកោសល្យ ដែលជាការបោះជំហានដើម្បីចាប់យកក្តីស្រមៃរបស់ពួកគេ ។ បន្ថែមពីការប្រកួតដ៏ស្វិតស្វាញនៅលើទីលាន ក្រុមកីឡាករ កីឡាការិនី ក៏បានសាបព្រោះកាយវិការភាពជាអ្នកកីឡាពេញទីលាន តាមរយៈការធ្វើការជាក្រុម ការលើកទឹកចិត្តគ្នា ការជួយយកអាសាគ្នា សុជីវធម៌ សាមគ្គីភាព និង ភាពស្មោះត្រង់ផងដែរ ។
សំរាប់ក្រុមជ័យលាភីជើងឯក នៃការប្រកួតបាល់ទាត់ AIA ISF Grand Championship សំរាប់ កុមារាអាយុក្រោម១០ឆ្នាំ ជើងឯកបានទៅ ភូមិសាលាវិស័យ កុមារីអាយុក្រោម១០ឆ្នាំ ជើងឯកបានទៅ សាលាបឋមសិក្សាសំរោង កុមារាអាយុក្រោម១៤ឆ្នាំ ជើងឯកបានទៅ ក្រុមយុវជនគោកងួន កុមារីអាយុក្រោម១០ឆ្នាំបានទៅ សាលាបឋមសិក្សាសំរោង កុមារាអាយុក្រោម១៦ឆ្នាំ ជើងឯកបានទៅ ដង្កោសែនជ័យ និង កុមារីអាយុក្រោម១៨ឆ្នាំ ជើងឯកបានទៅ ក្រុម CFC King Of Tiger ៕
ជាវ ចន្ធូ