សម្តេចតេជោ ហ៊ុន សែន៖ មិត្តចិនតែងតែគោរពនូវសំណូមពររបស់កម្ពុជា ដែលត្រង់នេះហើយ ដែលកម្ពុជា-ចិន អាចធ្វើការបានលឿនជាមួយគ្នា
កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន តែងតែគោរពរាល់សំណូមពររបស់កម្ពុជា ដែលត្រង់នេះហើយដែលកម្ពុជា និងចិន អាចធ្វើការបានលឿនជាមួយគ្នា។ សម្តេច បានថ្លែងដូច្នេះថា មិត្តចិន គឺមិនខកចិត្តទេ ហើយរឿងមិនខកចិត្ត ដោយសារតែរបៀបរបស់យើង គឺធ្វើការពិគ្រោះគ្នា មិត្តចិន គោរពសំណូមពររបស់កម្ពុជា ដែលថាកម្ពុជា ត្រូវការធ្វើផ្លូវនេះមុន ធ្វើស្ពាននោះមុន គឺមិត្តចិនគោរពនូវសំណូមពររបស់កម្ពុជា ត្រង់នឹងហើយដែលយើងធ្វើលឿនជាមួយគ្នា។
សម្តេចបញ្ជាក់ទៀតថា អ្នកដ៏ទៃខ្លះ នៅពេលដែលកម្ពុជា ចង់បានស្ពានមួយនេះ តែគេថា ចង់បានស្ពានមួយនោះផ្សេង ហើយបើកម្ពុជា មិនតាមគេ នោះគេមិនឱ្យលុយនោះទេ ប៉ុន្តែមិត្តចិន គឺគោរពតាមការសម្រេចចិត្តរបស់កម្ពុជា ត្រង់នេះហើយ ដែលសម្តេចបានផ្តល់នូវការវាយតម្លៃខ្ពស់ជាមួយនឹងការគោរព ដែលមិនមែនគ្រាន់តែការគោរពនូវឯករាជ្យ អធិបតេយ្យរបស់កម្ពុជាទេ គឺគោរពលើការសម្រេចចិត្តនានារបស់កម្ពុជា រាប់ទាំងគម្រោងអភិវឌ្ឍន៍នានា ព្រោះគ្មានអ្នកណាស្គាល់កម្ពុជានោះទេ។
សម្តេចតេជោ បានបន្តថា មានតែកម្ពុជាទេដែលដឹងច្បាស់ថា ផ្លូវមួយណាត្រូវការមុន ផ្លូវមួយណាត្រូវការក្រោយ ព្រោះកញ្ចប់លុយរបស់កម្ពុជា គឺមានកម្រិត ហើយកម្ពុជា ក៏បានដាក់ពិដានបំណុលរួចហើយដែរថា ក្នុងមួយឆ្នាំៗ ត្រូវខ្ចីប៉ុន្មាននឹងមិនត្រូវឱ្យលើសពិដានបំណុលនោះឡើយ។
សម្តេចតេជោ ហ៊ុណ សែន បានមានប្រសាសន៍ទៀតថា មិត្តចិន តែងតែឱ្យកម្ពុជា ដាក់តម្រូវការផែនការទៅឱ្យមិត្តចិនប្រចាំឆ្នាំ ហើយរាល់ពេលដែលកម្ពុជា សុំដូរនូវគម្រោងដែលជាតម្រូវការរបស់កម្ពុជា ដែលបានដាក់ទៅហើយ ក៏មិត្តចិនយល់ព្រម និងធ្វើតាមការសម្រេចចិត្តរបស់កម្ពុជា ដែលនេះ គឺជាចំណុចល្អ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅព្រឹកថ្ងៃពុធទី៧ ខែមិថុនា ឆ្នាំ២០២៣ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ