គជប បន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព មន្ត្រីពាក់ព័ន្ធឱ្យយល់ដឹងពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និការប្រកាសលទ្ធផលបោះឆ្នោត
ភ្នំពេញ ៖ ឯកឧត្តម ទេព នីថា អគ្គលេខា ធិការ គ.ជ.ប បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះ បណ្តាលមន្រ្តី គ.ជ.ប និងភាគីពាក់ព័ន្ធ ស្តីពី “ការបោះឆ្នោតការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣បានកំពុងប្រព្រឹត្តទៅនាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
ឯកឧត្តម អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍ថា៖ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយទៀត គ.ជ.ប តែង តែបានរៀបចំ សន្និបាតបូកសរុបការងារបោះឆ្នោត ដើម្បីពិភាក្សាជាមួយតួអង្គសំខាន់ៗពាក់ព័ន្ធនឹងការបោះឆ្នោត ដែលរួមមានមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្រសួងស្ថាប័នជាតិពាក់ព័ន្ធ អាជ្ញាធរ ដែនដី តំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជំនាញការបរទេស ដើម្បីកំណត់បញ្ហាប្រឈម និងរកដំណោះស្រាយសមស្របដើម្បីធ្វើការកែលម្អ និងកែទម្រង់ការងារបច្ចេកទេសបោះឆ្នោត ឱ្យកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងតម្លាភាព ។
នៅក្រោយការបោះឆ្នោត ឆ្នាំ២០១៣ គណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភាបានព្រមព្រៀងធ្វើការ កែ ទម្រង់ស៊ីជម្រៅទាំងលើទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស និងស្ថាប័នរៀបចំការបោះឆ្នោត ដោយបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដាក់បញ្ចូលស្ថាប័ន គ.ជ.ប ទៅក្នុងជំពូកទី១៥ ថ្មី (ពីរ) ព្រមទាំងបានអនុម័តច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ ជាបន្ត បន្ទាប់ ។
អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតថ្មី និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីការបោះឆ្នោតនានា ចាប់តាំងពីឆ្នាំ២០១៦ មក គ.ជ.ប បានរៀបចំ ចាត់ចែង និងគ្រប់គ្រងការងារចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតទទួលបានលទ្ធផលជោគជ័យ និងប្រកបដោយ វិជ្ជាជីវៈខ្ពស់ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុ បក្សនៅកម្ពុជា ។
ឯកឧត្តម ទេព នីថា បន្តថា ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះ ឆ្នោតជាតិ និងអន្តរជាតិភាគច្រើន បានចេញសេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោតថាប្រព្រឹត្តទៅដោយជោគជ័យ ដោយសេរី យុត្តិធម៌ ស្មើភាព សន្តិភាព តម្លាភាព និងស្តង់ដា អន្តរជាតិ និងថាបានដំណើរការតាមគន្លងលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស ។ល។ ជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៃលទ្ធិប្រជា ធិបតេយ្យ និងការកែទម្រង់ការបោះ ឆ្នោតនៅកម្ពុជា ៕
ដោយ-រ៉ាវុធ