ដាំដើមឈើនៅសហគមន៍តាខេះមានជ័យ ដើម្បីស្តារព្រៃឈើឡើងវិញក៏ដូចជាបង្កើនចំណីសម្រាប់សត្វឃ្មុំ

បាត់ដំបង៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលព្រៃឈើ ខេត្តបាត់ ដំបង និងមូលនិធិម៉ាដក្សចូលីភីត(MJP)បានរួមគ្នាដាំដើមឈើ ដើម្បីរួមគ្នា បង្កើនចំនួនព្រៃឈើឱ្យសម្បូរបែប និង មានពណ៌បៃតងស្រស់ បំព្រងឡើង វិញ។ការដាំដើមឈើនេះក៏ជាផ្នែកមួយស្តារឡើងវិញ នៃព្រៃឈើដែលរិចរិល នាកន្លងមកផងដែរ។

 ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ដែលបានដឹកនាំក្រុមការងារចូលរួមដាំដើមឈើ ឡើងវិញ ស្ថិតនៅ ក្នុង សហគមន៍តាខេះមានជ័យដែលជាតំបន់ស្តារព្រៃឡើងវិញនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នារសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣បានឱ្យ ដឹងថា ឈើដែលបានជ្រើសរើសយកមកដាំមានប្រភេទ បេង នាងនួន ធ្នង់ ជាដើម។ក្រៅពីនេះក៏មានដើមត្របែកព្រៃ ដើមគ ដែលប្រភេទដើមឈើ មានផ្កាផ្តល់មកវិញនូវផលសម្រាប់សត្វឃ្មុំ ។ក្រៅពីនេះក៏ មានផ្កាប្រភេទ ផ្សេងៗ ទៀតដែលមានលម្អង ។ការដាំនេះក៏ សម្រាប់ស្តារឡើងវិញ នៃ ព្រៃឈើ តែក៏ជាផ្នែកមួយបង្កើនចំណីសម្រាប់សត្វឃ្មុំដែរ ព្រោះថា សហគមន៍ មួយនេះប្រជាពលរដ្ឋបានចិញ្ចឹមឃ្មុំ ដែលជាមុខរបរបន្ថែម របស់បងប្អូនប្រជាពលរដ្ឋ ក្រៅពីធ្វើចម្ការ។

 ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងដោយបញ្ជាក់ថា “នេះជាចំណុចមួយ ដែលយើងមើលឃើញថាសហគមន៍គាត់ចាប់ផ្តើមយល់ ហើយពួក គាត់ បានទទួលការបង្ហាត់បង្រៀនបច្ចេកទេសពីអង្គការដៃគូពីរបៀបចិញ្ចឹមឃ្មុំក្នុងសហគមន៍ដើម្បីបង្កើនចំណូល។ការដាំស្តារ ឡើងវិញនៃព្រៃឈើ សហគមន៍ របស់គាត់មិនត្រឹមផ្តល់ផលប្រយោជន៍ជាដើមឈើទេ តែវាក៏ជា ផ្នែកមួយបន្ថែមទៀតដែលអនុញ្ញាត ឱ្យ ពួក គាត់ដាំដើមឈើសម្រាប់សត្វឃ្មុំ ក្រេបលម្អងដើម្បីបានទឹកឃ្មុំលក់”។

  អញ្ជើញចូលរួមក្នុងពិធីនេះដែរ លោក សេង សម័យ នាយសង្កាត់ព្រៃឈើ សំឡូត ខេត្តបាត់ដំបង បានបញ្ជាក់ថា សហគមន៍ព្រៃឈើតាខេះ មានជ័យ មានទំហំដី១.៣៥៣,២៨ហិកតា។សហគមន៍នេះបានចូលរួមដាំ ស្តារព្រៃ ឈើឡើងវិញព្រមជាមួយការចុះល្បាតការពារជាប់ជាប្រចាំ ។សហគមន៍នេះ បានដាំដើមឈើចំនួនបីលើកមកហើយសរុបមានចំនួន ១.៤៥០ដើមដែលជាគម្រោងអង្គការដៃគូ។

លោកបានបញ្ជាក់បន្ថែមថា”កាលពីមុនពលរដ្ឋមានការប៉ះដៃយកដៃ, ប៉ះជើងយកជើង ។ប៉ុន្តែក្រោយពីមានការផ្សព្វផ្សាយពួក គាត់បាន យល់ ជ្រួតជ្រាបពីច្បាប់ព្រៃឈើ និងច្បាប់ធនធានធម្មជាតិ ពួកគាត់មានការខ្លាច រអាក្នុងការកាប់ទន្រ្ទានព្រៃឈើ និងបទល្មើសផ្សេងៗផងដែរ”។

ក្នុងស្រុកសំឡូតមានសហគមន៍សរុបចំនួន ១៤សហគមន៍។បច្ចុប្បន្ន ប្រជាសហគមន៍តាមតំបន់ព្រៃឈើតែងអាស្រ័យផលក្នុងការរកទឹកឃ្មុំ រកផ្សិត បន្លែបង្កានានាដែលជួយឱ្យជីវភាពពួកគាត់ល្អប្រសើរ។នេះជា ការបញ្ជាក់បន្ថែមរបស់លោក សេង សម័យ។

សូមជម្រាបថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មាន ផែនការប្រែក្លាយតំបន់ឧទ្យានជាតិ និងដែនជម្រកសត្វព្រៃស ទៅ ជា គោលដៅទេសចរណ៍ ឬតំបន់លំហែកាយដើម្បីបង្កើន និងលើកស្ទួយ ជីវភាពប្រជាសហគមន៍ដែលនេះ គឺជាយុទ្ធសាស្រ្តការពារធនធាន ធម្មជាតិរយៈពេលយូរអង្វែង៕ អត្ថបទ៖ លោក ជិន ម៉ាដេប៉ូ
រូបភាព៖ លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner