សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំក៏មិនត្រូវឱ្យស្ថានភាពអាក្រក់បែបនេះ វិលមកគ្របដណ្តប់លើកម្ពុជាសារជាថ្មីម្តងទៀតឡើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នាពិធីអបអរសាទរខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងរៀបរាប់នូវរឿងរ៉ាវដែលកើតឡើងចំពោះរូបលោកក្នុងដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិ រហូតទទួលបានសុខសន្តិភាពមកដល់បច្ចុប្បន្ននេះ។

ក្នុងពិធីនោះដែរ លោកក៏បានបង្ហាញពីការសប្បាយរីករាយដែលលោកបានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦នេះ ដោយក្នុងឱកាសនោះលោកបានលើកឡើងផងដែរពីការឈឺចាប់ ការជួបនូវឧបសគ្គជាច្រើន រួមទាំងការពុះពារ និងការសម្រេចចិត្តទាំងការឈឺចាប់ផងដែរ ដែលអ្វីការសម្រេចចិត្តដ៏តានតឹងបំផុតគឺការលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ « ខ្ញុំតែងតែប្រាប់កូនៗ ពីភាពលំបាកដែលខ្ញុំធ្លាប់បានឆ្លងកាត់កាលពីជាង៤០ឆ្នាំ ហើយខ្ញុំក៏មិនត្រូវឱ្យស្ថានភាពបែបនេះវិលមកគ្របដណ្តប់លើកម្ពុជាសារជាថ្មីម្តងទៀតឡើយ»។

ក្នុងឱកាសនោះដែរសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាក៏បានប្រកាសទទួលស្គាល់ខ្លួនឯងដែរថាសម្ដេចជាមនុស្សដែលមានចិត្តឆេវឆាវ ប៉ុន្ដែចំពោះការសម្រេចផ្នែកនយោបាយ ដើម្បីផលប្រយោជន៍និងប្រជាជន លោកតែងតែមានចិត្តធ្ងន់ជាទីបំផុត។

សម្ដេចតេជោមានប្រសាសន៍ថា ៖ «ខ្ញុំទទួលស្គាល់ខ្លួនឯងថា ជាមនុស្សដែលឆេវឆាវ ប៉ុន្ដែការសម្រេចចិត្តខាងនយោបាយ គឺខ្ញុំជាមនុស្សដែលចិត្តធ្ងន់បំផុត។សូមអ្នកទាំងអស់គ្នាមើល តើខ្ញុំមានដែលសម្រេចចិត្តខាងនយោបាយពាក់ព័ន្ធជាមួយដំណើរផលប្រយោជន៍ជាតិ តាមរបៀបឆេវឆាវដែរឬទេ? គឺអត់នោះទេ។ អ្នកដទៃមិនអាចចិត្តធ្ងន់ដូច ខ្ញុំបានទេ»។

លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ឱ្យដឹងនៅថ្ងៃទី ២០ ខែមិថុនាថា នៅថ្ងៃទី ២០ ខែមិថុនា ១៩៧៧ គឺជាការចាប់ផើ្តមដំណើរចារឹកប្រវត្តិសាស្ត្រ នៅក្នុងប្រទេសកម្ពុជា និងមិនអាចប្រកែកបាន ដែលក្រុមសមមិត្ត ហ៊ុន សែន ធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីកសាងរណសិរ្យសង្គ្រោះជាតិកម្ពុជា ដែលបានវិលមកប្រតិបត្តិការ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។

លោកប្រាប់ថា ៖ «នៅពេលដែលយើងបានអានចំណុចប្រវត្តិសាស្ត្រទាំងអស់នេះ នឹងដឹងថា សមមិត្តហ៊ុន សែន បានយកជីវិត និងសាច់ស្រស់ឈាមស្រស់ ទៅប្តូរដើម្បីបានសង្គ្រោះប្រទេសកម្ពុជា និងប្រជាជាតិនៃប្រទេសកម្ពុជាទាំងមូល។ ដូច្នេះ បើមិនមានការយកសាច់ស្រស់ឈាមស្រស់ និងជីវិតទៅប្តូរទេ ប្រហែលជាមិនមានកម្ពុជាដូចពេលបច្ចុប្បន្ននេះទេ ពីព្រោះរបបកម្ពុជាប្រជាធិតេយ្យបានសម្លាប់ជនខ្លួនឯងស្ទើរផុតពូជ»។

បើតាម លោក យង់ ពៅ ការដឹកនាំប្រទេសក្នុងស្ថានភាពសុខសន្តិភាព គឺមិនដូចការដឹកនាំសង្គមមួយដែលដុនដាបដល់ចំណុចសូន្រ និងស្ថិតក្នុងជ្រោះមរណៈឡើយ និងមិនអាចមកដល់បច្ចុប្បន្ននេះបានទេ បើមិនការភាពអត់ធ្មត់ខ្លាំងនៅក្នុងការសម្រេចចិត្តខាងផ្នែកនយោបាយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទេនោះ។

ចំណែកសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ ក៏បានថ្លែងឡើងនាឱកាសនោះដែរថា វត្តមានដ៏ឧត្ដុង្គឧត្តមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺជាកត្តាជំរុញលើកទឹកចិត្តដ៏ធំធេង និងផ្តល់ភាពកក់ក្ដៅថែមទៀត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ថែរក្សាសុខសន្តិភាព សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

សម្ដេចមានប្រសាសន៍ថា ៖ «ជនដែលជាស្ថាបនិក ស្ថាបត្យករ និងជាអ្នកដឹកនាំការតស៊ូដ៏យូរនេះ ដោយមិនចាំបាច់សួរថា ជា អ្នកណានោះទេ គឺអ្នកដែលកំពុងនៅចំពោះមុខយើងទាំងអស់គ្នានេះហើយ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ រឿងរ៉ាវប្រវត្តិនៃការដឹកនាំ និងការលះបង់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកម្ទេចខ្មែរក្រហម មិនត្រឹមតែជាប្រវត្តិសាស្ត្រផ្ទាល់ខ្លួនទេ តែគឺជាប្រវត្តិសាស្ត្រជាតិ ដែលមិនត្រូវអាចបំភ្លេចឡើយ»។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានរម្លឹកឡើងថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺជាថ្ងៃដំបូងដែលសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមធ្វើដំណើរទៅប្រទេសវៀតណាម ដំណើរការឈានទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមជាមួយនឹងកង កម្លាំងស្ម័គ្រចិត្តវៀតណាម ដើម្បីសង្គ្រោះប្រជាជនកម្ពុជាចេញពីវិនាសកម្ម និងមហន្តរាយនៃរបបខ្មែរក្រហម៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner