សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២៣-២០៣៥ នឹងត្រូវដាក់ឆ្លងគណៈរដ្ឋមន្រ្តីក្នុងពេលឆាប់ៗ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ ដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ មុននឹងដាក់ឆ្លងគណៈរដ្ឋមន្រ្តីនាពេលខាងមុខ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាង «ផែនការយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥។

សេចក្តីព្រាងនេះបានរៀបចំតាក់តែងឡើងដោយក្រុមការងារដើម្បីសិក្សា និងរៀបចំយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ ដែលដឹកនាំដោយ ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារផងដែរ។

តាមរយៈសេចក្តីប្រកាសនេះឯកឧត្តម ណេប សាមុត លើកឡើងថា ខ្លឹមសារនៃសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥គឺ អនុលោមតាមមាត្រា ៥ នៃច្បាប់ស្ដីពីទេសចរណ៍ និងអនុលោមទៅតាមផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ដោយឱ្យធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០១២-២០២០ ទៅជាផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣ ២០៣៥។ ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ មានចក្ខុវិស័យអភិវឌ្ឍន៍វិស័យ ទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព និរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន ឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៏ផ្សារភ្ជាប់ទឹកដី» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ ទេសចរណ៍ដ៍ទាក់ទាញកម្រិតតំបន់ និងសកលលោក ជាមួយឧត្តមភាពប្រកួតប្រជែងកាន់តែខ្ពស់ និងមានភាពធន់រឹងមាំ។

ខ្លឹមសារ នៃសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២៣-២០៣៥ នេះ រួមមាន ៤ជំពូក ១៣ផ្នែក ដោយដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន០៣ និងយុទ្ធសាស្ត្រសំខាន់ៗ ចំនួន១០។

បើតាមក្រសួងទេសចរណ៍ សេចក្តីព្រាងនេះ ក្រោយពីកែសម្រួលនូវធាតុចូលបន្ថែមតាមស្មារតីអង្គប្រជុំ នឹងរៀបចំរបាយការណ៍គោរពស្នើសុំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដាក់ឆ្លងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ពិនិត្យ និងសម្រេចចុងក្រោយហើយ បន្ទាប់មក នឹងត្រូវស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល ឬដាក់ឆ្លងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រីផងដែរ។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២០ ខែមិថុនា ថា ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ ជាត្រីវិស័យមួយដ៏មានសារៈសំខាន់ ដែលអាចនាំផ្លូវឱ្យវិស័យឯកជន អាចអនុវត្ត និងវិនិយោគ ប្រកបដោយភាពត្រឹមត្រូវ និងទទួលបានជោគជ័យ។

លោកបានបញ្ជាក់ដូច្នេះថា ៖ «រដ្ឋជាអ្នកចង្អុលបង្ហាញ ហើយឯកជនជាអ្នកអនុវត្តនូវរាល់គោលការណ៍ និងផែនការទាំងអស់ដែលរាជរដ្ឋាភិបាលបានដាក់ចេញមក។ ដូចយើងឃើញហើយ មានក្រសួងសំខាន់ៗ និងវិស័យឯកជនមួយបានចូលរួមផ្តល់ធាតុចូលក្នុងផែនការយុទ្ធសាស្រ្តនេះ ។ ដូចនេះនៅពេលដែលផែនការល្អ ហើយការអនុវត្តបានល្អ នោះវានឹងជំរុញឱ្យទទួលបានលទ្ធផល និងប្រសិទ្ធភាពខ្ពស់»។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការអភិវឌ្ឍខេត្តព្រះសីហនុ កាលពីចុងខែមេសាកន្លងទៅ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា តាមរយៈកំណើនភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ នាមួយរយៈពេលចុងក្រោយនេះ ជាពិសេសនៅអំឡុងពេលចូលឆ្នាំថ្មីកន្លងទៅ វានឹងជំរុញឱ្យកំណើនទេសចរដូចមុនពេលកូវីដ១៩ នៅត្រឹមចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ខាងមុខនេះ។

ឯកឧត្តមមានប្រសាសន៍ថា ៖ «ទេសចរក្នុងស្រុក ឆ្លើយតបទៅនឹងផែនទីចង្អុលបង្ហាញផ្លូវរបស់យើង ឯទេសចរអន្តរជាតិ ក៏មិនខុសពីផែនទីចង្អុលបង្ហាញផ្លូវដែរ។ យើងព្យាករណ៍ថា មិនយូរទេអាចនឹងត្រលប់មកដូចមុនពេលកូវីដ១៩វិញ មិនយូរទេនៅចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ព្រោះថាឆ្នាំទៅយើងបាន ២,២លាននាក់ តែឆ្នាំនេះ គ្រាន់តែត្រីមាសទី១ យើងបាន ១,២លាននាក់ទៅហើយ ចឹងនៅសល់៣ត្រីមាសទៀត លទ្ធភាពដែលយើងចាប់យកបានគឺ៤លាននាក់ គឺយើងអាចទៅរួច»៕ វណ្ណ សុជាតា

ads banner