អង្គការជីវិតធម្មជាតិ៖ ចំនួនគ្រួសារដាំស្រូវមិត្ដក្រៀលបានកើនឡើង ដល់១១៩ គ្រួសារ ត្រឹមឆ្នាំ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អង្គការជីវិតធម្មជាតិ (NatureLife Cambodia Organization) បានឱ្យដឹងថា គិតមកដល់ឆ្នាំ២០២៣នេះ ចំនួនកសិករដាំស្រូវមិត្ដក្រៀលបានកើនឡើងជិតបីដង ខណៈផ្ទៃដីដាំស្រូវមិត្តក្រៀលក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ថែមទៀត។

យោងតាមអង្គការជីវិតធម្មជាតិ កាលថ្ងៃទី១៩ ខែមិថុនា ថា គិតមកដល់ពេលនេះ គម្រោងស្រូវមិត្ដក្រៀលរចូលដល់ឆ្នាំទី៣ហើយ ហើយចំនួនកសិករស្រូវមិត្ដក្រៀលបានកើនឡើងពី៤១គ្រួសារដល់១១៩គ្រួសារ។ ចំណែកផ្ទៃដីដាំស្រូវមិត្តក្រៀលមានការកើនឡើងពី៣៧,៥ហិកតា ដល់១២៥,៦១ហិចតា ហើយមានទីតាំងនៅជាប់តំបន់ការពារទេសភាពអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាច ខេត្តកំពតផងដែរ។

អង្គការដដែលបានពន្យល់ទៀតថា ដីស្រែជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាចខេត្តកំពត សុទ្ធសឹងជាផ្ទៃដីរបស់កសិករស្រូវមិត្ដក្រៀល ជាតំបន់ទ្រនាប់ដែលមានសុវត្ថិភាពនិងផ្តល់ចំណីបន្ថែមសម្រាប់សត្វក្រៀលដែលជាសត្វកំពុងរងគ្រោះឈានទៅផុតពូជ។

លោក ប៊ូ វរសក្ស នាយកប្រត្តិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជាបានប្រាប់ឱ្យដឹង នាថ្ងៃទី២០ ខែមិថុនា ថា គម្រោងស្រូវមិត្តក្រៀលនេះ បានអនុវត្តឡើងនៅទីតាំងតំបន់ការពារទេសភាពអន្លង់ព្រីងក្នុងឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹសនៃស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាទីតាំងមានវត្តមានរបស់សត្វក្រៀលជាប្រភេទសត្វកម្រ កំពុងរងគ្រោះ និងជិតផុតពូជ។

ចំពោះការកើនឡើងនៃចំនួនគ្រួសារដាំស្រូវមិត្ដក្រៀលបានកើនឡើងនេះ លោកបានបញ្ជាក់ថា ដោយសារប្រជាកសិករ ទទួលបានផលប្រយោជន៍ជាច្រើនពីគម្រោងមិត្តក្រៀល ដោយសារគម្រោងស្រូវមិត្ដក្រៀលនេះ សម្រាប់ឆ្នាំទី១ និងឆ្នាំទី២ គឺមានការផ្ដល់ពូជស្រូវដល់ប្រជាកសិករដោយឥតគិតថ្លៃ ដើម្បីលើកទឹកចិត្តឱ្យកសិករដាំស្រូវពូជពងលលកនិងសំបកការទឹមដែលជាពូជដែលក្រៀលចូលចិត្តស៊ី។

លោកបន្តថា ចំណែកឯជីធម្មជាតិវិញ គម្រោងនេះ ក៏បានផ្ដល់ជូនចំនួនបីឆ្នាំ ខណៈគម្រោងក៏បានទទួលទិញតម្លៃស្រូវខ្ពស់ជាងទីផ្សារ ប្រសិនបើកសិករគោរពតាមលក្ខខណ្ឌទាំង១២ដែលគម្រោងត្រូវការផងដែរ។

នាយកប្រត្តិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា បានប្រាប់ថា ៖ «តាមរយៈគម្រោងនេះ យើងមានប្រព័ន្ធវាយតម្លៃដ៏ត្រឹមត្រូវសម្រាប់ប្រជាកសិករដែលជាសមាជិក បើគាត់បានគោរពលក្ខខណ្ឌទាំង១២ចំណុចរបស់គម្រោង។ ហេតុនេះកសិករ ក្រៅពីទទួលបានពូជ បានជីធម្មជាតិ និងតម្លៃស្រូវខ្ពស់ជាងទីផ្សារហើយនោះ កសិករក៏ទទួលបានវគ្គបណ្តុះបណ្តាល់បច្ចេកទេសថ្មីៗពីគម្រោងនេះថែមទៀត»។

សូមរំឮកផងដែរថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការជីវិតធម្មជាតិ នៅកម្ពុជា និងអង្គការជីវិតសត្វស្លាបអន្តរជាតិ ដោយមានការគាំទ្រ ពីអង្គការ IUCN-Netherland បានផ្តួចផ្តើមធ្វើស្រូវមិត្តក្រៀល ក្នុងគោល បំណងដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វ ក្រៀលនៅកម្ពុជា។

សត្វក្រៀលដែលជាប្រភេទសត្វស្លាបមួយដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ( IUCN Red List)។

សម្រាប់ឆ្នាំ២០២៣ ដើម្បីបង្កើនចំនួនកសិករនៅក្នុងគម្រោងស្រូវមិត្តក្រៀល សំដៅចូលរួមអភិរក្សប្រភេទសត្វស្លាបកម្រមួយនេះឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត អង្គការជីវិតធម្មជាតិ បានកំពុងខិតខំស្វះស្វែងរកទីផ្សារថ្មីបន្ថែមទៀត ដើម្បីពង្រីកបរិមាណនិងធានាតម្លៃស្រូវសម្រាប់ប្រជាកសិករ៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner