ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា នឹងចូលរួមកម្មវិធីបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ នៅប្រទេសកូរ៉េ នាដើមខែសីហាខាងមុខ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រតិភូកាយរឹទ្ធិជាតិកម្ពុជាចំនួន៤៧នាក់បានត្រៀមនឹងចូលរួមកម្មវិធីបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ (25th World Scout Jamboree) នៅសាធារណរដ្ឋកូរ៉េ នាដើមខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបង្កើតបណ្តាញទំនាក់ទំនង និងសិក្សារៀនសូត្រជំនាញថ្មីៗពីកាយរឹទ្ធិបណ្ដាប្រទេសផ្សេងៗក្នុងពិភពលោក។

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី២០ ខែមិថុនា ថា ប្រតិភូកាយរឹទិ្ធជាតិកម្ពុជាទាំង៤៧ នាក់នេះ មកពី រាជធានីភ្នំពេញចំនួន ១៩នាក់ ខេត្តកំពង់ចាម ១៨នាក់ ខេត្តកណ្តាល ៨នាក់ ខេត្តកំពង់ធំ មួយនាក់ និងខេត្តព្រៃវែងចំនួនមួយនាក់ ដែលពួកគេនឹងត្រូវចូលរួមកម្មវិធីបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែសីហា នៅសាធារណរដ្ឋកូរ៉េ។

តាមរយៈក្រសួង លោកជំទាវ ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយប្ញទ្ធិនារីកម្ពុជា និងជាឧត្តមទីប្រឹក្សានៃកាយរឹទ្ធិជាតិកម្ពុជា បានថ្លែងថា ការបោះជំរំពិភពលោកនេះ ហៅថាការបោះជំរំ ជែមប៊ូរី ដែលការបោះជំរំនេះ ធ្វើឡើងសម្រាប់ក្មេងជំទង់ អាយុពី១៤ ទៅ១៧ឆ្នាំ។

លោកជំទាវក៏បានផ្តល់ចំណេះដឹងបន្ថែមលើចលនាកាយរឹទិ្ធពិភពលោក និងចែករំលែកនូវអនុសាសន៍ល្អដល់យុវជនកាយរឹទិ្ធទាំងអស់ផងដែរ ដោយត្រូវចេះមានសាមគ្គីភាព ការនាំយកវប្បធម៌កម្ពុជាប្រាប់ដល់មិត្តភ័ក្តបរទេស ចាំស្តាប់បង្គាប់គ្រូដឹកនាំ បង្កើតបណ្តាញទំនាក់ទំនង និងសិក្សាជំនាញថ្មីៗពីការរៀបចំជំរំ និងបំណិនកាយរឹទិ្ធកម្មផ្សេងៗ។

លោកជំទាវ ពេជ ចន្ទមុន្នី បញ្ជាក់ថា ៖ «ការបោះជំរំនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្មួយៗ ជាពិសេសបានផ្លាស់ប្តូរបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដោយបេសកកម្មនេះ គឺមានគោលបំណង អភិវឌ្ឍ និងផ្តល់ថាមពលដល់យុវជនទាំងអស់ ដើម្បីក្លាយជាសសរទ្រូង សម្រាប់ប្រទេសជាតិនៅថ្ងៃក្រោយ»។

ជុំវិញរឿងនេះ លោក យង់ គិមអេង ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព បានឱ្យដឹងថា វាជារឿងមួយដ៏ល្អ ដែលក្រុមកាយរឹទិ្ធជាតិកម្ពុជា បានទៅចូលរួមជាមួយបណ្ដាប្រទេសផ្សេងៗដែរ ដែលកម្មវិធីនេះ ជាការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងជាការមានទំនាក់ទំនងជាមួយគ្នាកាន់តែស្អិតរមួតក្នុងការចែកចាយចំណេះដឹង ក៏ដូចជាការរៀនសូត្រពីគ្នាទៅវិញទៅមក។

លោក យង់ គិមអេង បានប្រាប់ថា កម្មវិធីបោះជំរំកាយរឹទ្ធិពិភពលោកនេះ នឹងធ្វើឱ្យកាយរឹទ្ធិកម្ពុជា បានជួបជាមួយកាយរឹទ្ធិបណ្ដាប្រទេសផ្សេងៗក្នុងពិភពលោក ដែលជាឱកាសមួយសម្រាប់កម្ពុជាក្នុងការរៀនសូត្រពីគេ ដើម្បីឱ្យជាក្លាយកាយរឹទ្ធិអាចជួយមនុស្សគ្រប់គ្នា និងអាចចៀសវាងបានពីឥទ្ធិពលនយោបាយនានា ដែលធ្វើឱ្យប្រឡូកប្រឡាក់ទៅដល់គោលការណ៍របស់កាយរឹទ្ធិ។

លោកបន្ថែមថា ទាំងអស់នេះ ជាគោលការណ៍សំខាន់ដែលកាយរឹទ្ធិកម្ពុជា ត្រូវតែរៀនសូត្រ ជាពិសេសលោកក៏សង្ឃឹមថាកាយរឹទ្ធិកម្ពុជា នឹងបានផ្លាស់ប្ដូរចំណេះដឹងជាមួយបណ្ដាប្រទេសផ្សេងៗនៅក្នុងពិភពលោកកាន់តែទូលំទូលាយ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩កន្លងទៅ គណៈប្រតិភូកាយរឹទិ្ធជាតិកម្ពុជា បានចូលរួមការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៤ (24th World Scouts Jamboree)ផងដែរ នៅរដ្ឋវីជីនៀ ខាងលិចសហរដ្ឋអាមេរិក ដែលមានយុវជនកាយរឹទិ្ធចូលរួមចំនួន ៥០ ០០០ នាក់ មកពី ១៦០ ប្រទេសជុំវិញពិភពលោក៕ ដោយ៖ ជា សុខនី

ads banner