ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសខេត្តកំពង់ឆ្នាំងជាខេត្តទី៥ ជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

អត្ថបទដោយ៖
CPA

កំពង់ឆ្នាំង៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសដាក់ខេត្តកំពង់ឆ្នាំង ជាខេត្តទី៥ នៃរាជធានីខេត្តទាំង២៥ ជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ដោយពិធីប្រកាសទទួលស្គាល់ជាផ្លូវការនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

ពិធីនេះប្រកាសឡើងដោយឯកឧត្តម សួស គង់ រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកាយរិទ្ធិ និងប្រជាពលរដ្ធយ៉ាងច្រើនកុះករ។

យោងតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម សួស គង់ បានថ្លែងឱ្យដឹងថា ការសម្រេចបានជាខេត្តឈប់បន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣ ជាមោទនភាព បំផុតរបស់រដ្ឋបាលកំពង់ឆ្នាំងទាំងមូល ដែលបានឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០២៥ ឱ្យប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យ ប្រកបដោយនិរន្តរភាព។ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតាមដានត្រួតពិនិត្យការផ្សព្វផ្សាយគ្រប់រូបភាព លើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋសាងសង់បង្គន់ គៀងគរថវិកាពីសប្បុរសជន សម្រាប់ជួយគាំទ្រដល់គ្រួសារក្រីក្រខ្វះលទ្ធភាព ក្នុងការសាងសង់ បង្គន់អនាម័យ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានប្រាប់ឱ្យដឹងថា ទាំងថ្នាក់ខេត្ត និងប្រជាពលរដ្ឋនៃខេត្តកំពង់ឆ្នាំង បានចូលរួមអបអរសាទរដែលខេត្តនេះបានប្រកាសទទួលស្គាល់ជាផ្លូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

ឯកឧត្តមបានលើកឡើងថា ខេត្តមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ ដែលខេត្តកំពង់ឆ្នាំងឈ្នះជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលបានទាំងស្រុង គឺជាខេត្តទី៥ ក្នុងចំណោម ២៥រាជធានីខេត្ត នៃប្រទេសកម្ពុជា។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា នៅក្នុងខេត្តកំពង់ឆ្នាំងមានសមិទ្ធផលជាច្រើនដូចជាអណ្ដូងស្នប់សរុប ចំនួន ១៩ ៧១៩, អណ្ដូងលូសរុបចំនួន ១០ ៦៤៤, អណ្តូងស្រះសហគមន៍សរុបចំនួន ១៨០, ស្រះ អាងត្រងទឹកភ្លៀងសរុបចំនួន ១ ០៣៣, អាងប្រព័ន្ធចែកចាយទឹកស់ហគមន៍សរុបចំនួន ១៧កន្លែង, ស្ថានីយ៍បន្សុទ្ធទឹកស្អាតសរុបចំនួន ១២កន្លែង។

របាយការណ៍ដដែលបានបន្តថា ចំនួនខ្នងផ្ទះមានទឹកស្អាតហូប និងសម្រាប់ប្រើប្រាស់មានចំនួន ១០២ ២៨០ខ្នង ដែលមានអត្រាគ្រប់ដណ្ដប់ការផ្គត់ផ្គង់ទឹកស្មើនឹង ៨០% បើធៀបទៅនឹងចំនួនខ្នងផ្ទះសំរុប ១២៧ ៨៥០ខ្នង។

ប្រភពដដែលបន្តថា ចំនួនខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ចំនួន ១១៦ ៦៤៨ ខ្នង នៃចំនួនខ្ទងផ្ទះសំរុប ១៩៥ ៤០៦ខ្នង, ផ្ទះប្រើបង្គន់អនាម័យរួមមានចំនួន ១១ ២០២ ខ្នង, ផ្ទះបានលាងសម្អាតដៃនឹងសាប៊ូស្មើនឹង ១០០% នៃខ្នងផ្ទះសរុ ប។

បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានទទួលស្គាល់ជាក្រុងបញ្ឈប់បន្ទោបង់ពាសវាលពាសកាល នៅឆ្នាំ២០២២ ចំណែកស្រុកចំនួន៧ទៀត រួមមាន៖ ស្រុកបរិបូណ៌ ជលគីរី កំពង់លែង រលាំប្អៀរ កំពង់ត្រឡាច សាមគ្គីមានជ័យ និងស្រុកទឹកផុស ទទួលបាន ODF នៅចុងខែមីនា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ធ្លាប់បានលើកឡើងកាលពីខែមេសា ឆ្នាំ២០២៣កន្លងទៅថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាបានធ្វើឱ្យមានការរីកចម្រើនយ៉ាងខ្លាំងចំពោះការកាត់បន្ថយការបន្ទោបង់ពាសវាលពាសកាលនៅតាមខ្នងផ្ទះក្នុងតំបន់ជនបទ ហើយចំនួនខ្នងផ្ទះដែលអនុវត្តការបន្ទោបង់ ពាសវាលពាសកាល បានធ្លាក់ចុះពី ៦២ភាគរយក្នុងឆ្នាំ២០១០ មកនៅត្រឹមតែ ១៦ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០២២៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner