មហោស្រពសិល្បៈទីក្រុង «ស្អាត» នឹងធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាខេត្តបាត់ដំបងកាន់តែច្រើន
បាត់ដំបង៖ មហោស្រពសិល្បៈទីក្រុង «ស្អាត» បានទទួលការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ អន្តរជាតិ និងប្រជាជនក្នុងខេត្តបន្ទាប់ពីការបញ្ចប់ការតាំងបង្ហាញព្រឹត្តិការណ៍សិល្បៈជាច្រើនក្នុងរយៈពេលមួយសប្តាហ៍ ក្រោមការរៀបចំដោយអង្គការហ្វាពន្លឺសិល្បៈខេត្តបាត់ដំបង។
លោក ឃួន ចន្ទរស្មី នាយកគ្រប់គ្រងគម្រោងរបស់សមាគមហ្វារពន្លឺសិល្បៈ បានឱ្យដឹងនៅថ្ងៃទី២០ ខែមិថុនា ថា មហោស្រពសិល្បៈទីក្រុង «ស្អាត» ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន ដែលមានអ្នកខ្លះចង់ឲ្យមានមហោស្រពបែបនេះធ្វើជារៀងរាល់ឆ្នាំផងដែរ។
លោកបានថ្លែងថា ៖ « ខ្ញុំសង្កេតឃើញថាមហោស្រពនេះមានការគាំទ្រជាច្រើនពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ និងប្រជាជនក្នុងស្រុកផ្ទាល់ ដែលចូលរួមក្នុងពិធីនេះ ដោយសារវាមានសកម្មភាពកម្សាន្តជាច្រើនដូចជា៖ សិក្ខាសាលាផ្នែករាំហ៊ីបហប់, សិក្ខាសាលាផ្នែកគំនូរផ្សេងៗ,ការបង្កើតតុក្កតាយក្ស, សិល្បៈសហសម័យខ្មែរ ការតាំងពិព័រណ៍ស្នាដៃសិល្បៈផ្សេងៗ ការដង្ហែក្បួនសិល្បៈ និងការប្រគំតន្រ្តីជាដើម»។
នាយកគ្រប់គ្រងគម្រោងរបស់សមាគមហ្វារពន្លឺសិល្បៈរូបនេះបានលើកឡើងដែរថា មហោស្រពនេះក៏បានចូលរួមចំណែកធ្វើឱ្យមានការរីកចម្រើនលើផ្នែកសេដ្ឋកិច្ចក្នុងខេត្តបាត់ដំបងដែរ ដែលខេត្តអាចនឹងទទួលបានកិត្តិស័ព្ទមកវិញថាជាខេត្តនៃសិល្បៈ និងវប្បធម៌ ព្រមទាំងចូលរួមចំណែកធ្វើឲ្យក្រុងបាត់ដំបងអាចនឹងជាប់ក្នុងបណ្ដាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូផងដែរ។
លោកបន្ថែមថា និយាយដោយខ្លី មហោស្រពសិល្បៈទីក្រុង «ស្អាត» ជាផ្នែកមួយមានតួនាទីសំខាន់ណាស់ ដែលមិនអាចអត់បានក្នុងការអភិវឌ្ឍន៍ ពីព្រោះវាបានលើកកម្ពស់ផ្នែកសិល្បៈ និងវប្បធម៌ ដែលអាចធ្វើឱ្យខេត្តបាត់ដំបង ទទួលបាននូវកិត្តិនាមជាខេត្តសិល្បៈ និងវប្បធម៌ ដូចប្រវត្តិសាស្រ្តរបស់ខ្លួន ព្រមទាំងជំរុញឲ្យក្រុងបាត់ដំបងក្លាយជាបណ្ដាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋផងដែរ។
ក្រសួងទេសចរណ៍ធ្លាប់បានលើកឡើងថា នៅឆ្នាំនេះមហាស្រពសិល្បៈទីក្រុងស្អាត ធ្វើឡើងក្នុងគោលបំណងនៃការលើកកម្ពស់ការយល់ដឹងកាន់តែច្រើននូវបេតិកភណ្ឌវប្បធម៌រួម ក្នុងតំបន់ដែលនឹងក្លាយជាធាតុមួយដ៏សំខាន់របស់មហោស្រព។
បន្ថែមពីលើនេះទៅទៀត មហោស្រពក៏មានគោលបំណងបង្កើនសោភ័ណភាពដល់ទីក្រុង តាមរយៈ ស្នាដៃសិល្បៈ ដែលមានតាំងនៅបានយូរអង្វែង ដូចជាគំនូរលើជញ្ជាំង និងចម្លាក់ជាដើម។ ស្នាដៃ និងសកម្មភាពទាំងនេះ រួមជាមួយនឹងមហោស្រព និងព្រឹត្តិការណ៍វប្បធម៌ផ្សេងទៀត ជួយឲ្យខេត្តបាត់ដំបងក្លាយជាខេត្តទាក់ទាញផ្នែកវប្បធម៌សម្រាប់ភ្ញៀវទេសចរទាំងឡាយ ដែលបានធ្វើដំណើរឆ្លងកាត់ក្នុងខេត្ត ហើយក្នុងពេលតែមួយ ចូលរួមចំណែកក្នុងការអភិវឌ្ឍវប្បធម៌ និងសេដ្ឋកិច្ចក្នុងតំបន់។
ដោយឡែក លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានឱ្យដឹងដែរថា កម្មវិធីមហាស្រពសិល្បៈនេះ ជាការរៀបចំឡើងដើម្បីធ្វើឱ្យទីក្រុងបាត់ដំបង មានភាពរស់រវើកឡើងវិញ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ខណៈដែលនៅក្នុងខេត្តមានសភាពស្ងប់ស្ងាត់។
លោកថា អង្គការហ្វារពន្លឺសិល្បៈ ចង់បង្កើតព្រឹត្តិការណ៍មួយ ដើម្បីឱ្យដំណើរការវិស័យទេសចរណ៍ឡើងវិញ និងព្រមទាំងទាក់ទាញភ្ញៀវទេសចរមកទស្សនានៅក្នុងខេត្តបាត់ដំបងដែលមានអគារបុរាណ អគារសម័យអាណានិគមបារាំងជាង ៨០០ខ្នងផ្ទះ ដែលនឹងបម្រុងដាក់អគារទាំងនេះ ជាអគារបេតិកភណ្ឌរបស់អង្គការយូណេស្កូផង។
លោក សឿម ប៊ុនរិទ្ធិ លើកឡើងថា អង្គការហ្វារពន្លឺសិល្បៈតែងតែបង្កើតព្រឹត្តិការណ៍ជាច្រើននៅក្នុងពិធីបុណ្យផ្សេងៗនៅក្នុងខេត្ត បុណ្យចូលឆ្នាំថ្មី បុណ្យចូលឆ្នាំសកល ឬព្រឹត្តិការណ៍ផ្សេងៗក្នុងខេត្ត ដើម្បីបង្ហាញពីសមត្ថភាពនៃការសម្ដែងផង និងជាការទាក់ទាញភ្ញៀវទេសចរផងដែរ។
សូមបញ្ជាក់ថា មហោស្រពសិល្បៈទីក្រុង «ស្អាត» នេះធ្វើឡើងរៀងរាល់ពីរឆ្នាំម្ដង ដែលនេះជាលើកទី៣ហើយ ដែលអង្គការហ្វារពន្លឺសិល្បៈបានធ្វើមហោស្រពនេះនៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១២-១៧ ខែមិថុនា ឆ្នាំ២០២៣នេះ ខណៈដែលលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៨ និងលើកទី២នៅឆ្នាំ២០១៩៕ ដោយ៖ ជា សុខនី