ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងបានយកចិត្តទុកដាក់លើសុខុមាលភាព និងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសនបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងបានយកចិត្តទុកដាក់លើសុខុមាលភាព និងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន ដោយបានផ្តោតលើចំណុចអាទិភាពសំខាន់ចំនួន៣ គឺ ជីវិត ជីវភាព និងកិត្តិយស។ ទី១.ជីវិត៖ សំដៅដល់ការរំដោះជាតិ និងប្រជាជនចេញពីរបប ប៉ុល ពត និងការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ ក៏ដូចជាការជួយសង្គ្រោះជីវិតឱ្យឆ្លងផុតពីរណ្តៅមរណៈនៃជំងឺកូវីដ-១៩។ ទី២.ជីវភាព៖ សំដៅដល់ការផ្តល់ប្រាក់សោធននិវត្តន៍ និងប្រាក់របបសន្តិសុខសង្គមនានា ដែលបន្តកើនឡើងជាបន្តបន្ទាប់ រួមជាមួយនឹងប័ណ្ណថែទាំសុខភាព ការផ្តល់សម្បទានដីសង្គមកិច្ច និងការសាង់សង់ផ្ទះសម្រាប់អតីតយុទ្ធជន ក៏ដូចជាការយកចិត្តទុកដាក់ជាច្រើនផ្សេងទៀត ដែលរួមមានផងដែរនូវការបណ្តុះបណ្តាលបន្ថែមសម្រាប់ការចាប់អាជីពពិតប្រាកដមួយនៅក្រោយពេលចូលនិវត្តន៍ និងការផ្តល់អាទិភាពដល់កូនចៅអតីតយុទ្ធជនក្នុងការចូលបម្រើការងារតាមសមត្ថភាពជំនាញ និងទី៣.កិត្តិយស សំដៅដល់ការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងការបន្តកសាង និងអភិវឌ្ឍន៍ជាតិ រួមទាំងការបំពាក់គ្រឿងឥស្សរិយយសដើម្បីរំឭកបញ្ជាក់អំពីការទទួលស្គាល់ និងការតបស្នងសងគុណចំពោះវីរភាព និងគុណបំណាច់របស់អតីតយុទ្ធ ក៏ដូចជាការកំណត់យកថ្ងៃ២១ មិថុនា ជារៀងរាល់ឆ្នាំ ជា “ទិវាអតីតយុទ្ធជនកម្ពុជា” ជាដើម។ ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករឭក ក្នុងមនោសញ្ចេតនាស្រឡាញ់យកចិត្តទុកដាក់ប្រកបដោយភាពកក់ក្តៅពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះអ៊ំពូមីងអតីតយុទ្ធជនទាំងអស់ និងក៏សូមយកឱកាសនេះ លំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធរបស់យុទ្ធជន យុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ការលះបង់ និងគុណបំណាច់ដ៏មានតម្លៃធំធេងទាំងនេះ នឹងស្ថិតនៅក្នុងការចងចាំរបស់ប្រជាជន និងយុវជនកម្ពុជាគ្រប់ៗជំនាន់ ដោយមិនអាចបំភ្លេចបានទ្បើយ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះការប្រារព្ធខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ព្រមជាមួយនឹងការបំពាក់គ្រឿងឥស្សរិយយសជូនដល់អ៊ំពូមីងអតីតយុទ្ធជន នៅរាជធានីភ្នំពេញ ទាំង៦.០០០រូប ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជន ដោយនៅក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រកន្លងមកនេះ អ៊ំពូមីងអតីតយុទ្ធជន បានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន និងប្រកបដោយទឹកចិត្តស្នេហាជាតិ និងបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាព និងភាពសុខសាន្តជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner