ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានលើកទី៤ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅស្តីពី «សត្វស្លាបកម្ពុជា»
ភ្នំពេញ ៖ សាលាបឋមសិក្សា និងវិទ្យាល័យចំនួន៦ ទទួលបានជ័យលាភីសាលាមេត្រីបរិស្ថាន និង ការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅស្តីពី «សត្វស្លាបកម្ពុជា» បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន តំណាងអង្គការដៃគូ ដៃគូអភិវឌ្ឍន៍ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនរូបទៀត នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
ថ្លែងនូវរបាយការណ៍សង្ខេប ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន បានរម្លឹកឱ្យដឹងថា នៅឆ្នាំ២០១៦ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបង្កើតសៀវភៅ «គោលការណ៍ណែនាំស្តីពីសាលាមេត្រីបរិស្ថាន» ដែលជាឧបទេសអប់រំដ៏មានសារៈសំខាន់ សម្រាប់សិស្សានុសិស្ស គ្រូបង្រៀនយកទៅអនុវត្តសំដៅបង្កើនសមត្ថភាពចំណេះដឹង និងជំនាញ អំពីការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះជាដើម។ ដោយឡែក ការបង្កើតសៀវភៅបរិស្ថាន តួយ៉ាងដូចជា សៀវភៅ «សត្វស្លាបកម្ពុជា» ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ក៏មានសារៈសំខាន់មិនអាចកាត់ថ្លៃបាន ព្រោះសៀវភៅនេះ នឹងជួយបង្កើនការស្រឡាញ់បរិស្ថានធម្មជាតិ ក្នុងចំណោមស្រទាប់ប្រជាជនកម្ពុជា។
កាលណាមនុស្សមានក្តីស្រឡាញ់ចំពោះបរិស្ថាន ឬធនធានធម្មជាតិ ប្រាកដណាស់ពួកគាត់ នឹងចូលរួមថែរក្សាធនធានធម្មជាតិជាក់ជាពុំខាន។
ឯកឧត្តម សាយ សំអាល់ បានបង្ហាញនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាលា ឪពុកម្តាយ អាណាព្យាបាល សិស្សានុសិស្ស ដែលបានចូលរួមជាមួយក្រសួងបរិស្ថានយ៉ាងសកម្មចំពោះកិច្ចការងារបរិស្ថាន។ ឯកឧត្តមចាត់ទុកថា នេះជាការចូលរួមយ៉ាងមានសារៈសំខាន់និងជាយុទ្ធសាស្ត្រក្នុងការកសាងភាពរីកចម្រើនរបស់កម្ពុជា ដែលជាការរៀបចំជាមួយជំហានពិតប្រាដកហើយច្បាស់លាស់។
ឯកឧត្តម សាយ សំអាល់ បញ្ជាក់ទៀតថា សាលារៀន គឺជាកន្លែងបណ្តុះមនសិការស្រឡាញ់បរិស្ថាន ក៏ដូចជាកន្លែងដែលធ្វើឱ្យសន្តិភាពនៅជាមួយប្រជាជនជាដរាប។ ឯកឧត្តមរដ្ឋមន្ត្រីចង់ឱ្យសិស្សានុសិស្សដែលចេញពីសាលាក្លាយទៅជាប្រជាជនសកល ដែលមានមនសិការ ទំនៀមទម្លាប់ ប្រពៃណីជាខ្មែរ និងជាប្រជានដែលស្រឡាញ់សន្តិភាព ហើយបន្តមរតកនៃសន្តិភាព ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីរកបានមក និងបន្សល់ទុកឱ្យ។
គួរបញ្ជាក់ថា សាលាបឋមសិក្សា និងវិទ្យាល័យដែលទទួលបានពានរង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថាននាពេលនេះរួមមាន៖ សម្រាប់កម្រិតបឋមសិក្សា៖ ទី១)សាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភី ពានរង្វាន់មាស បណ្ណជ័យលាភី និងថវិកាឧបត្ថមចំនួន៤លានរៀល ។ ទី២)សាលាបឋមសិក្សាត្រពាំងប្រិយ៍ ខេត្តឧត្តរមានជ័យ ទទួលបានបណ្ណជ័យលាភីប្រាក់ និងថវិកាឧបត្ថមចំនួន៣លានរៀល និង ទី៣)សាលាបឋមសិក្សាបារ៉ែនលើ ខេត្តកណ្តាល ទទួលបានបណ្ណជ័យលាភីសំរឹទ្ធិ និងថវិកាចំនួន ២លានរៀល។ ចំណែកសម្រាប់កម្រិតមធ្យមសិក្សា៖ ទី១)វិទ្យាល័យសម្តេច ជា ស៊ីម អង្គរជ័យ ខេត្តកំពត ទទួលបានជ័យលាភីពានរង្វាន់មាស បណ្ណជ័យលាភី និងថវិកាឧបត្ថមចំនួន៤លានរៀល ទី២) វិទ្យាល័យ ហ៊ុន សែន ទួលសុភី ខេត្តត្បូងឃ្មុំ ទទួលបានបណ្ណជ័យលាភីប្រាក់ និងថវិកា៣លានរៀល និងទី៣.)អនុវិទ្យាល័យសង្គមថ្មី ខេត្តព្រះវិហារ ទទួលបានបណ្ណជ័យលាភីសំរឹទ្ធិ និងថវិកាចំនួន ២លានរៀល។
ដោយឡែក សៀវភៅស្តីពី «សត្វស្លាបកម្ពុជា» ជាស្នាដៃរបស់អ្នកនិពន្ធខ្មែរបោះពុម្ពលើកទី៣ ពិពណ៌នាពីប្រភេទសត្វស្លាបចំនួន៤៥០ប្រភេទ នៃចំនួនសត្វស្លាបសរុបចំនួន ៦៤១ប្រភេទ។ ប្រភេទសត្វស្លាបទាំងនេះត្រូវបានកំណត់ និងបែងចែកស្ថានភាពអភិរក្សតាមចំណាត់ថ្នាក់របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)ជាប្រភេទជិតផុតពូជបំផុត ប្រភេទជិតផុតពូជ ប្រភេទកំពុងទទួលរងការគំរាមកំហែង ប្រភេទជិតទទួលការគំរាមកំហែង និងប្រភេទរងគ្រោះតិចតួច។
ស្នាដៃសៀវភៅនេះ បានចងក្រងឡើងតាមរយៈការធ្វើបច្ចុប្បន្នភាពទិន្នន័យមានស្រាប់ ការប្រមូលព័ត៌មានថ្មីបន្ថែមពាក់ព័ន្ធទៅនឹងរូបសាស្ត្រ ជីវសាស្ត្រ ទីជម្រក របាយ និងរដូវកាលបន្តពូជរបស់ប្រភេទសត្វស្លាបនីមួយៗនៅតាមទីវាល ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍ ការស្វែងយល់ និងការសិក្សាស្រាវជ្រាវក៏ដូចជាការបំពេញបន្ថែម និងបង្កើនពុទ្ធិថ្មីៗដល់អ្នកសិក្សាស្រាវជ្រាវ សិស្សានុសិស្ស និស្សិត និងសាធារណជនទូទៅស្តីពីប្រភេទសត្វស្លាបនៅកម្ពុជា ៕
ដោយ / គ្រី សម្បត្តិ + ជីម ភារ៉ា