មេដឹកនាំបេឡារុសថា ពួកប្រឆាំងត្រៀមធ្វើរដ្ឋប្រហារ ពេលមានបញ្ហាទាហានស៊ីឈ្នួលនៅរុស្ស៊ី
មីស្កិ៍៖ ក្រុមប្រឆាំងនៅប្រទេសបេឡារុសបានត្រៀមខ្លួនធ្វើរដ្ឋប្រហារដោយប្រដាប់អាវុធ ចំពេលមានវិបត្តិរុស្ស៊ី នេះបើតាមប្រធានាធិបតី Lukashenko។
លោកប្រធានាធិបតីប្រទេសបេឡារុសរូបនេះបាននិយាយថា កងទ័ពបេឡារុសត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការប្រយុទ្ធពេញលេញ នៅពេលដែលក្រុមទាហានស៊ីឈ្នួល Wagner បានចាប់ផ្តើមការប៉ុនប៉ងបះបោររបស់ខ្លួន នៅក្នុងប្រទេសជិតខាង ដែលសំដៅលើរុស្ស៊ី។
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានអះអាងថា ក្រុមប្រឆាំងបានត្រៀមធ្វើរដ្ឋប្រហារដោយប្រដាប់អាវុធ ចំពេលមានការបះបោរដោយក្រុមហ៊ុនយោធាឯកជន Wagner ក្នុងប្រទេសរុស្ស៊ី ប៉ុន្តែត្រូវបានរារាំងពីការបំពេញផែនការរបស់ខ្លួន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ BelTa ។
លោក Lukashenko បាននិយាយកាលពីថ្ងៃអង្គារថា គូប្រជែងរបស់លោក បានចាប់ផ្តើម “ភ្ញាក់ផ្អើលជាមួយនឹងសកម្មភាព” នៅពេលដែលក្រុមទាហាន Wagner បានចាប់ផ្តើមការបះបោររបស់ខ្លួននៅក្នុងប្រទេសជិតខាង កាលពីសប្តាហ៍មុន។
លោកបានបន្ថែមថា៖ «ប៉ុន្តែវាជាការចាប់ផ្តើម បរាជ័យ»។
លោកប្រធានាធិបតីបានអះអាងថា គណបក្សប្រឆាំង «បានផ្សព្វផ្សាយការអំពាវនាវ និងផែនការរបស់ខ្លួនរួចហើយ… ដែលពួកគេក៏ត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តសេណារីយ៉ូ នៃការបះបោរប្រដាប់អាវុធ នៅបេឡារុស …ពួកគេកំពុងព្យាយាមបង្ហាញលទ្ធផល យ៉ាងហោចណាស់ បង្ហាញដល់អ្នកទំនុកបម្រុងរបស់ពួកគេ នៅបរទេស»។
លោក Lukashenko បាននិយាយថា “នៅពេលដែលព្រឹត្តិការណ៍នៅក្នុងប្រទេសរុស្ស៊ីកំពុងកើតឡើង ខ្ញុំបានចេញបញ្ជាទាំងអស់ឱ្យដាក់កងទ័ពឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រយុទ្ធពេញលេញ” ដោយបន្ថែមថា ប៉ូលីស និងកងកម្លាំងពិសេសក៏ដូចគ្នាដែរ៕
ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត