សម្តេចតេជោ ហ៊ុន សែន បញ្ជាដាច់ណាត់ឱ្យដាក់សំណាញ់មេឃ និងបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក ដែលចូលមកឈ្លានពានកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាដាច់ណាត់ឱ្យដាក់សំណាញ់មេឃ និងបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលមកធ្វើសកម្មភាពឈ្លានពានកម្ពុជា។ សម្ដេច ក៏បានប្រកាសផ្តល់រង្វាន់ចំនួន២០ម៉ឺនដុល្លារអាមេរិក សម្រាប់អង្គភាពណាដែលបានបាញ់ យន្តហោះគ្មានមនុស្សបើក(ដ្រូន) ដែលហោះចូលនៅក្នុងទឹកដីកម្ពុជាក្នុងបំណងទុច្ចរិត។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានចេញបញ្ជាឲ្យនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បំពាក់អាវុធទំនើបៗបន្ថែមទៀត ។ សម្តេច បានបញ្ជាក់ថា យប់មិញ អត់មានផ្ទុះអាវុធ សូម្បីមួយគ្រាប់ គេហោះចូលក្នុងដីខ្មែរប៉ុន្មានថ្ងៃហើយ អស់លោកស្លូតពេកហើយ ។ សម្តេច បានបញ្ជាឲ្យបាញ់យន្តហោះគ្មានមនុស្សបើក យើងត្រូវចំណាយ ១លាន ២លានគ្រាប់ចោលទៅ កុំស្លូតពេក បើមិនអញ្ចឹងទេវានៅតែបំពាន ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រកាសឧបត្ថម្ភ ២០ម៉ឺនដុល្លារជូនចំពោះអង្គភាពណាដែលបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ឬហៅថាដ្រូនមួយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបញ្ជាថា «យប់នេះត្រូវតែបាញ់ទំលាក់ »។
សម្តេច បានបញ្ជាក់ថា កម្លាំងដែលបំពានកម្ពុជា គឺជាកម្លាំងដែលកើតចេញពីលោក សម រង្ស៊ី និង កុក ស បានចុះហត្ថលេខាកន្លងទៅដែលជាមេខ្លោង សូមកុំគិតថា ជារឿងនយោបាយឲ្យសោះ រឿងសន្តិសុខជាតិ មិនមែនជារឿងធម្មតាទេ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ