មន្ត្រីបរិស្ថាន និងអ្នកអភិរក្ស រកឃើញសត្វព្រៃចំនួន ៧ប្រភេទ ជាក្រុមប្រភេទសត្វជិតពូជទទួលរងការគំរាមកំហែង តាមរយៈម៉ាស៊ីនស្វ័យប្រវត្តិ
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារអនុសមាសភាគ១.២ នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ កម្ពុជា» សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមន្ត្រីឧទ្យានុរក្ស បានចុះដោះប្រមូលម៉ាស៊ីនថតស្វ័ប្រវត្តិដែលបានដាក់ សិក្សារយៈពេលជាង ៣ខែ ដើម្បីតាមដានវត្តមានប្រភេទសត្វព្រៃសំខាន់ៗដែលជាក្រុមប្រភេទជិតផុតពូជ (EN) ក្រុម ប្រភេទកំពុងទទួលរងការគំរាមកំហែង (VU) និងក្រុមប្រភេទជិតទទួលរងការគំរាមកំហែង (NT) មានតំលៃអភិរក្សក្នុង តំបន់ និងជាសកលដែលត្រូវបានចុះក្នុងបញ្ជីក្រហម IUCN។
ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ២០គ្រឿង ត្រូវបានដោះ ប្រមូលពីទីតាំងសិក្សាមួយចំនួន ក្នុងដែនជម្រកសត្វព្រៃ ក្នុង ភូមិសាស្ត្រខេត្តពោធិ៍សាត់។ ជាលទ្ធផលជាបឋម ការសិក្សានេះបានរកឃើញ និងបញ្ជាក់ពីវត្តមានជាបន្តប្រភេទសត្វព្រៃចំនួន ៧ប្រភេទ ក្នុងនោះមាន ដូចជា៖ ដំរីអាស៊ី ខ្ទីង ខ្លាពពក ខ្លាឃ្មុំធំ ប្រើសស្បូវ ខ្ទីន ឆ្កែព្រៃ ក្ងោក ដែលត្រូវបានកត់ត្រា និងរាយការណ៍ក្នុងឆ្នាំ២០២០ ដោយគម្រោង CSLEP/MOE។ ដោយឡែក ប្រភេទសត្វព្រៃមានដោកម្រ (EN) និង(VU) ចំនួន ៣ប្រភេទផ្សេងទៀត ត្រូវបានកត់ត្រា និងបញ្ជាក់ពីវត្តមានបន្ថែមតាមយៈការសិក្សានេះ។
ប្រភេទសត្វព្រៃទាំងនេះរួមមាន៖ ពង្រូល ខ្លាលឿង មាស សត្វយំឬសត្វចាំត្រពាំង។ សូមគោរពជម្រាបជូនផងដែរថា ការសិក្សានេះជាការសិក្សាត្រួតពិនិត្យ និងតាមដានពីវត្ត មានប្រភេទសត្វព្រៃសំខាន់ៗដែលមានតំលៃអភិរក្សក្នុងតំបន់ និងជាសកល ព្រមទាំងវាជាផ្នែកមួយនៃការអនុវត្តផែនការ គ្រប់គ្រងដែនជម្រកសត្វព្រៃ ដែលទទួលការឯកភាពពីក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ៕
ដោយ ង៉ាន់ ទិត្យ