ឯកឧត្តម ទុយ រី៖ យើងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ សុខសន្តិភាព
ភ្នំពេញ៖៖ ឯកឧត្តម ទុយ រី ប្រធានគណៈកម្មាធិការបក្ស ប្រជាជនកម្ពុជា ប្រចាំប្រទេសជប៉ុន មានប្រសាសន៍ថា យើងបោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ សុខ សន្តិភាព និងអនាគតកូនចៅរបស់យើងទាំងអស់គ្នា។ សន្លឹក ឆ្នោតរបស់ បងប្អូនប្រជាពលរដ្ឋពិតជាមានសារៈប្រយោជន៍ និងមានគុណតម្លៃសម្រាប់ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ផ្តល់ការគាំទ្រដល់គណបក្ស ប្រជាជនបន្តដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន និង ភាពសម្បូរសប្បាយសម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ក្នុងឱកាសអញ្ជើញ ជាអធិបតី កម្មវិធីខួបអនុស្សារីយ៍លើកទី ៧២ ថ្ងៃបង្កើតគណបក្ស ប្រជាជន កម្ពុជានៅ ទីក្រុង គីយូតូ(Kyoto) របស់គណៈកម្មាធិការគណបក្សប្រជាជន កម្ពុជា ប្រចាំ ប្រទេសជប៉ុន សហការជាមួយ ក្រុមការងាររៀបចំ អង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅទ្វិបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) និងសាខាបក្សប្រចាំក្រុង Kyoto និង អ៊ីយ៉ាវ៉ាតា(Yawata) កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៣ ។
កម្មវីធីនេះបានរៀបចំឡើងត្រូវនឹងថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតសាកល ដែលបានប្រារព្ធ ធ្វើឡើងយ៉ាងគគ្រឹកគ្រេងនៅ ប្រទេសកម្ពុជា។
ឯកឧត្តម ទុយ រី ក្នុងនាមគណៈកម្មាធិការបក្សប្រជាជនកម្ពុជាប្រចាំ ប្រទេសជប៉ុន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរអញ្ជើញ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃទី ២៣ ខែកក្កដាខាងមុខឱ្យបានគ្រប់ៗគ្នា ៕
ដោយ៖ គ្រី សម្បត្តិ