កងកម្លាំងរក្សាសន្តិភាពការបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ទទួលបានវគ្គសិក្សាភាសាបារាំង ដែលមានរយៈពេលពីរឆ្នាំ
ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការជាមួយ OIF បានបើកវគ្គបណ្ដុះបណ្ដាលភាសាបារាំង ដែលមានរយៈពេលពីរឆ្នាំដល់កងកម្លាំងនៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ការបោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)។
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះត្រូវបានធ្វើកាលពីថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក Edgar DOERIG តំណាង OIF ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក, ឯកឧត្តម អ៊ូច បូរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នាមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ការបោសសម្អាតមីន និងកាកសំណល់សង្គ្រាម។
នាឱកាសនោះ លោក Edgar DOERIG បានថ្លែងឱ្យដឹងថា ការចេះភាសាបារាំង គឺជាស្ពានដ៏សំខាន់មួយដែលនាំមកនូវ បង្កើតចំណងទំនាក់ទំនង ការជឿទុកចិត្តជាមួយអាជ្ញាធរដែនដី ប្រជាជន បង្កើនប្រសិទ្ធភាពប្រតិបត្តិការរក្សាសន្តិភាព ការប្រាស្រ័យទាក់ទង និងវប្បធម៌ក្នុងតំបន់។
លោកបន្តថា ភាពស្ទាត់ជំនាញភាសាបារាំងនេះ វាក៏ជួយសម្រួលដល់ការជួយគ្នាទៅវិញទៅមក ជាមួយកងកម្លាំងដៃគូរ ព្រមទាំងរួមចំណែកដល់ការកសាងសន្តិភាព និងស្ថិរភាពយូរអង្វែងផងដែរ។
លោក Edgar DOERIG ក៏បានបញ្ជាក់ដោយលោកធានាចំពោះការផ្តល់ជំនួយក្នុងនាម OIF សម្រាប់ការបណ្តុះបណ្តាលនេះតាមតម្រូវការរបស់ NPMEC ដើម្បីពង្រឹងជំនាញភាសា ដល់នាយទាហានដែលត្រៀមចេញទៅបំពេញបេសសកម្ម របស់ អ.ស.ប ក្នុងតំបន់និយាយភាសាបារាំង។
លោកមានប្រសាសន៍ថា ៖ «សិក្ខាកាមថ្នាក់ឆ្នាំ២០២៣ ដែលបានជ្រើសរើសយកការសិក្សាភាសាបារាំង សម្រាប់កងកម្លាំងយោធានេះ ជាការរួមចំណែមួយចំពោះប្រសិទ្ធភាពនៃប្រតិបត្តិការសន្តិភាព នៅក្នុងតំបន់និយាយភាសាបារាំង ដូចជានៅអាហ្វ្រិក និងប្រទេសលីបង់ជាដើម»។
លោកបញ្ជាក់ថា ៖ «ដោយសារជំនាញដែលទទួលបាន ពួកគេនឹងអាចសម្របសម្រួល ធ្វើការរួមគ្នា បានកាន់តែប្រសើ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកងកម្លាំងជាតិ ពហុជាតិ ដែលកំពុងមានវត្តមាននៅក្នុងតំបន់បេសសកកម្ម»។
អស់រយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលប្រទេសកម្ពុជាបានទទួលកងកម្លាំងរក្សាសន្តិភាព ឥឡូវកម្ពុជា បានក្លាយខ្លួនជាប្រទេសយ៉ាងសំខាន់ ក្នុងប្រតិបត្តិការសន្តិភាព របស់អ.ស.ប មានកងកម្លាំងកម្ពុជាជាង ៨០០នាក់ បានកំពុងបំពេញបេសសកកម្ម ខណៈដែលជំនាញវិជ្ជាជីវៈ របស់កងយោធពលខេមរភូមិន្ទ ឥឡូវនេះក៏ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិផងដែរ។
ជាមួយគ្នានេះឯកឧត្តម អ៊ូច បូរិទ្ធ ក៏បានថ្លែងដែរថា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៣១ នៃវត្តមានកងយោធាមួកខៀវអង្គការសហប្រជាជាតិនៅលើទឹកដីកម្ពុជា ដែលក្នុងនោះក៏មានវត្តមានកងកម្លាំងរក្សាសន្តិភាពបារាំង ក្នុងការចូលរួមចំណែកជួយរក្សាសុខសន្តិភាពនៅលើទឹកដីដ៏កម្សត់ ដែលពោរពេញដោយជម្លោះ និងការហែកហួរដោយសង្គ្រាម។
ឆ្លៀតក្នុងឱកាសនោះដែរ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមបានសម្តែងនូវក្តីអំណរអរគុណចំពោះកងយោធាមួកខៀវបារាំង និងសូមសម្តែងនូវគារវៈកិច្ចយ៉ាងជ្រាលជ្រៅបំផុតចំពោះវិញ្ញាណក្ខន្ឋវិរៈយោធាបារាំងបួនរូប ដែលបានពលីជីវិត ក្នុងការបំពេញបេសកកម្មដ៏ឧត្តុងឧត្តមនេះ។
ឯកឧត្តមបញ្ជាក់ថា ៖ «នៅក្នុងស្មារតីនេះ កម្ពុជានឹងបន្តរួមសហការជាមួយ អង្គការសហប្រជាជាតិ និងប ណ្តាប្រទេសជាមិត្ត ពង្រឹងពង្រីកចំណេះជំនាញ និងសក្កានុពលនៃកងកម្លាំងមួកខៀវកម្ពុជាដែលត្រូវចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត»។
ឯកឧត្តម អ៊ូច បូរិទ្ធ បានបញ្ជាក់ទៀតថា ៖ «ដូច្នេះ យោធិនម្នាក់ៗនឹងមានមោទនភាពខ្ពស់ ក្នុងការលើកកម្ពស់សមត្ថភាពខ្លួនរួមចំណែករក្សាសន្តិភាពនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពទាន់ពេលវេលានិងចំគោលដៅ និងជួយលើកស្ទួយកិត្តិយសប្រទេសជាតិយើងនៅលើឆាកអន្តរជាតិ»។
សូមបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ ភាគីបារាំងបានឧបត្ថម្ភគាំទ្រវគ្គហ្វឹកហ្វឺនទាំងក្នុង និងក្រៅប្រទេសសរុបជាង ៨៤ វគ្គ ដល់សិក្ខាកាមសរុបចំនួន ១៨៥០នាក់ ហើយសិក្ខាកាមទាំងអស់សុទ្ធសឹងតែទទួលបានឱកាសចូលរួមបេសកកម្មទាំងក្នុងកងកម្លាំង និងជាទាហានសេនាធិការ និងសង្កេតការណ៍យោធាផងដែរ៕
ដោយ៖ជា សុខនី



