រុស្ស៊ីស្វាគមន៍អ៊ីរ៉ង់ចូលជាសមាជិកពេញសិទ្ធិនៃអង្គការ SCO
មូស្គូ៖ លោក ពូទីន ស្វាគមន៍ការចូលជាសមាជិកពេញសិទ្ធិរបស់អ៊ីរ៉ង់ ក្នុងអង្គការសហប្រតិបត្តិការសៀងហៃ អំឡុងកិច្ចប្រជុំកំពូលរបស់អង្គការនេះ។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានស្វាគមន៍ប្រទេសអ៊ីរ៉ង់ ក្នុងការចូលជាសមាជិករបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដោយកត់សម្គាល់ពីសារៈសំខាន់នៃការជួយក្រុងតេអេរ៉ង់ ក្នុងការសម្របខ្លួនទៅនឹងដំណើរការទាំងអស់ របស់សម្ព័ន្ធមិត្ត។
មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយថា “ឥឡូវនេះ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងចូលរួមនៅក្នុងអង្គការរបស់យើងក្នុងទម្រង់ពេញលេញ។ ខ្ញុំសូមអបអរសាទរក្នុងឱកាសនេះទៅកាន់ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) និងការស្វាគមន៍ដោយស្មោះចំពោះគាត់” ។
លោក ពូទីន បានថ្លែងបែបនេះ នៅឯកិច្ចប្រជុំកំពូលអនឡាញ របស់អង្គការ SCO ដែលត្រូវបានរៀបចំឡើងដោយប្រទេសឥណ្ឌា ជាប្រធាន SCO រយៈពេលមួយឆ្នាំបច្ចុប្បន្ន។
លោក ពូទីន បានបន្ថែមថា «ក្នុងរយៈពេលតិចជាងពីរឆ្នាំ ដៃគូអ៊ីរ៉ង់របស់យើងបានបញ្ចប់នីតិវិធីចាំបាច់ទាំងអស់ ហើយឥឡូវនេះ ភារកិច្ចរួមគ្នារបស់យើងគឺដើម្បីជួយសហការីរបស់យើងឱ្យចូលរួមប្រកបដោយផលិតភាពនៅក្នុងសកម្មភាពពហុភាគីដែលកើតឡើងនៅក្នុងក្របខ័ណ្ឌនៃ SCO»
ប្រធានាធិបតីរុស្ស៊ីបាននិយាយថា «ពួកគេជាច្រើនប្រាថ្នាចង់បង្កើតការសន្ទនាសមធម៌ជាមួយ SCO ហើយកំពុងពិចារណាពីលទ្ធភាពនៃការចូលរួមការងាររបស់ខ្លួន។ ពួកគេជឿជាក់លើយើង ពួកគេចង់ធ្វើជាមិត្តជាមួយយើង និងសហការជាមួយយើង»៕ ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត